en     km
en     km

មន្ត្រី​ក្រសួង​កិច្ចការ​នារី​៖​ ស្ត្រី​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​សង្គម​កម្ពុជា​

Share

ភ្នំពេញ៖ ​តាម​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​០៣​ និង​ផែនការ​យុទ្ធសាស្ត្រ​ទី​០៤​ របស់​ក្រសួង​កិច្ចការ​នារី​ ដែល​លើកកម្ពស់​ការ​យល់​ដឹង​សង្គម​ក្នុង​ការ​ផ្តល់​ភាព​ក្លាហាន​ផ្នែក​សេដ្ឋកិច្ច​ ដល់​ស្ត្រី​គឺ​ស្ត្រី​ពិតជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ តាម​រយៈ​ការ​ជួយ​បង្កើន​សេដ្ឋកិច្ចជាតិ​ ហើយ​ស្ត្រី​ក៏​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​សង្គម​ជាតិ​។​

woman1
​នេះ​បើ​តាម​ការ​លើក​ទ្បើ​ង​របស់​អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​ជាតិ​ ដើម្បី​ស្ត្រី​នៃ​ក្រសួង​កិច្ចការ​នារី​លោកស្រី​ ចាន់​ សុធា​រី​ ក្នុង​វេទិកា​សិល្បៈ​ស្ត្រី​ក្រោម​ប្រធានបទ​«​ វីរៈភាព​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច​»​ កាលពី​ថ្ងៃ​ទ​១៨​ ខែធ្នូ​ ឆ្នាំ​២០១៦​នៅ​សាល​មហា​ស្រព​ចេ​ន​ទ្បា​។

​អង្គការ​សង្គម​ស៊ី​វិល​ រួម​ទាំង​មន្ត្រី​ក្រសួង​កិច្ច​នារី​លើក​ទ្បើ​ង​ថា​ ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ឱ្យ​អនុវត្ត​គោលនយោបាយ​លើកកម្ពស់​ ភាព​អង់អាច​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច​យ៉ាងណា​ក៏​ដោយ​ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ស្ត្រី​នៅ​តែ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​ បញ្ហា​នេះ​រាជរដ្ឋាភិបាល​នឹង​ពង្រឹង​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ ហើយ​ស្ត្រី​ខ្លួនឯង​ក៏​ត្រូវ​ពង្រឹង​ការ​តស៊ូ​ បន្ថែម​ទៀត​ដើម្បី​ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​។​

​អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​នៃ​ក្រសួង​កិច្ចការ​នារី​លោកស្រី​ ចាន់​ សុធា​រី​ មាន​ប្រសាសន៍​ក្នុង​ព្រឹត្តិការណ៍​នេះ​ថា​ ការ​ផ្តល់​ភាព​អង់អាច​ក្លាហាន​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​នៅ​លើ​ពិភពលោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​យុទ្ធសាស្ត្រ​ចាំបាច់​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​នៃ​ការ​គិតគូ​អំពី​គម្លាត​យេ​ន​ឌ័​រ​នៃ​សេដ្ឋកិច្ច​។​ លោកស្រី​ ចាន់​ សុធា​រី​ បន្ត​ថា​ប្រទេស​កម្ពុជា​គឺជា​សង្គម​សមូហភាព​មួយ​ដែល​អាច​បង្កើន​សក្តានុពល​ភា​នៃ​ធនធាន​ស្ត្រី​ឱ្យ​ក្លាយទៅជា​ធនធាន​ដែល​មាន​តម្លៃ​នៅ​ក្នុង​សេដ្ឋកិច្ច​និង​សង្គម​តាម​រយៈ​ការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​។​

​ទោះបី​យ៉ាងនេះ​ក្តី​លោកស្រី​ថា​ស្ត្រី​ក៏​នៅ​តែ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ​ក្នុង​ការ​ពង្រីក​សេដ្ឋកិច្ច​របស់​ខ្លួន​។​ បញ្ហា​ប្រឈម​ទាំងនោះ​មាន​ដូច​ជា​៖​ «​ស្ត្រី​នៅ​តែ​ប្រឈម​នៅ​បញ្ហា​ក្នុង​ការ​ចាប់ផ្តើម​ដំណើរការ​ពង្រីក​ និង​ពង្រឹង​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ​នា​បច្ចុប្បន្ន​ស្ត្រី​ជា​ទូទៅ​នៅ​តែ​ទទួល​បាន​ឱកាស​និង​ការ​គ្រប់គ្រង​ចំណូល​សេដ្ឋកិច្ច​តិចតួច​ជាង​បុរស​ មិនតែប៉ុណ្ណោះ​ស្ត្រី​ថែម​ទាំង​ទទួល​បន្ទុកគ្រួសារ​ ជា​ពិសេស​សមាជិក​ចាស់ជរា​ក្នុង​គ្រួសារ​ និង​ការងារ​គ្មាន​ប្រាក់​កម្រៃ​និង​ការងារ​ដែល​ងាយ​រង​គ្រោះជា​ច្រើន​ ទោះជា​យ៉ាង​ន​ណា​ក៏​ដោយ​យើង​ដឹង​ថា​ការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​គឺជា​កត្តាចាំបាច់​ក្នុង​ការ​ផ្លាស់​ប្តូរ​គំនិត​ នៃ​ការ​គិ​គូ​សម្រាប់​ការ​អភិវឌ្ឍន៍​និង​កសាង​ប្រទេស​»​។​

​ចំណែក​តំណាង​សម្ព័ន្ធ​បងប្អូន​ស្រី​ គឺ​អ្នកស្រី​ ម៉ាក​ ច័ន្ទ​ស៊ី​ថា​ លើក​ទ្បើ​ង​ថា​ តាម​រយៈ​វេទិកា​សិល្បៈ​នេះ​គឺ​មាន​ន័យ​ថា​ស្ត្រី​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​របស់​យុទ្ធនាការ​សិទ្ធិ​ស្ត្រី​ក្នុង​ការ​ទទួល​បាន​សេវា​សង្គម​ជា​មូលដ្ឋាន​ប្រកបដោយ​គុណភាព​ និង​សមធម៌​។​ អ្នកស្រី​ ស៊ី​ថា​ បញ្ជាក់​ថា​ស្ត្រី​គឺ​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​ សង្គម​ និង​គ្រួសារ​ ប៉ុន្តែ​ស្ត្រី​ជា​ញឹកញយ​ត្រូវ​បាន​សង្គម​ និង​គ្រួសារ​បំភ្លេច​ចោល​ ហើយ​យក​ការ​ចូលរួម​នៅ​ក្នុង​សង្គម​និង​សេដ្ឋកិច្ច​របស់​ស្ត្រី​ គឺជា​រឿង​ធម្មតា​ទៅ​វិញ​។​

woman1-1
​អ្នកស្រី​ ម៉ាក​ ច័ន្ទ​ស៊ី​ថា​៖​ «​ក្នុង​នាម​យើង​ជា​ស្ត្រី​ និង​ក្នុង​នាម​យើង​ជា​មនុស្ស​នៅ​ក្នុង​សង្គម​យើង​ត្រូវ​ដឹង​ច្បាស់​ថា​ស្ត្រី​ មិនមែន​ជា​ជន​រង​គ្រោះ​ ឬ​ជា​ជន​ទន់ខ្សោយ​ទ្បើ​យ​តែ​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ធ្វើ​ឱ្យ​សង្គម​ជាតិ​ សង្គម​គ្រួសារ​រឹង​មាំ​»​។​

​រីឯ​ស្ត្រី​ធ្វើការ​រោងចក្រ​មួយ​រូប​ដែល​បាន​ចូលរួម​វេទិកា​នេះ​គឺ​អ្នកស្រី​ អ៊ុ​ន​ សុភា​  បាន​លើក​ទ្បើ​ង​ថា​អ្នកស្រី​ធ្វើការ​រោងចក្រ​អស់​រយៈពេល​១៩​ឆ្នាំ​ ដោយ​ បាន​យក​ថវិកា​ធ្វើការ​រោងចក្រ​ទាំងនោះ​ទៅ​ជួយ​ប្អូន​របស់​អ្នកស្រី​ពីរ​រូប​ទៅ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​។​ អ្នកស្រី​ សុភា​បន្ត​ ថា​ ការងារ​របស់​អ្នកស្រី​នៅ​រោងចក្រ​នេះ​គឺ​បាន​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។​ អ្នកស្រី​បាន​សុំ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​យកចិត្តទុកដាក់​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ ឱ្យ​បាន​ច្រើន​ថែម​ទៀត​ខណៈ​អ្នកស្រី​ថា​ការ​ផ្តល់​តម្លៃ​ពី​សង្គម​ទៅ​ឱ្យ​ស្ត្រី​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​

​អ្នកស្រី​ អ៊ុ​ន​ សុភា​៖«​ខ្ញុំ​ចង់​ស្នើ​ទៅ​ឱ្យ​រាជរដ្ឋាភិបាល​លើក​ស្ទួយ​ស្ត្រី​ឱ្យ​បាន​ច្រើន​ ហើយ​ត្រូវ​ផ្តល់​តម្លៃ​ស្ត្រី​ឱ្យ​បាន​កាន់តែ​ច្រើន​ ស្ត្រី​ក៏​អាច​ធ្វើ​អ្វី​បាន​ច្រើន​ដែរ​មានរឿង​ខ្លះ​បុរស​មិន​អាច​ធ្វើ​បាន​ប៉ុន្តែ​បែ​ជា​ស្ត្រី​អាច​ធ្វើ​បាន​ដូច​ជា​ការ​ចាំ​បីបាច់​ថែរក្សា​កូន​ មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ជាដើម​»​។​

​សូម​ជម្រាប​ថា​វេទិកា​សិល្បៈ​ស្ត្រី​ក្រោម​ប្រធានបទ​«​ វីរៈភាព​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច​»​ ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​០៣​ដូច​ជា​៖​ទី​មួយ​ បង្ហាញ​ពី​ប្រភព​ និង​ការ​ចូលរួម​ចំណែក​ដែល​ជា​វីរភាព​របស់​ស្ត្រី​ រួម​ទាំង​បញ្ហា​ដែល​ស្ត្រី​ជួប​ប្រទះ​ក្នុង​វិស័យសេដ្ឋកិច្ច​ទាំង​ក្នុង​គ្រួសារ​ និង​សង្គម​។​ទី​ពីរ​ លើក​ទ្បើ​ង​ពី​តម្រូវការ​របស់​ស្ត្រី​ក្នុង​ការ​ទទួល​បាន​សេវា​សង្គម​ជា​មូលដ្ឋាន​ប្រកបដោយ​គុណភាព​ សមធម៌​និង​ទី​បី​ ពង្រឹង​សាមគ្គីភាព​នៃ​ចលនា​ស្ត្រី​នៅ​កម្ពុជា​។​

​ក្រៅពី​ស្ដ្រី​ក្នុង​វិស័យសេដ្ឋកិច្ច​ ស្ដ្រី​ខ្មែរ​នៅ​ពេល​នេះ​ក៏​ហក់​ចូល​ក្នុង​វិស័យ​នយោបាយ​ផង​ដែរ​។​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​ ០៤​ មិថុនា​ ឆ្នាំ​ ២០១៧​ ក៏​គណបក្ស​នយោបាយ​នីមួយៗ​ចាប់អារម្មណ៍​ស្ដ្រី​ក្លាយជា​បេក្ខជន​ផង​ដែរ​៕

Share

Image
Image
Image