loader

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ដកោះកុង​ សុំ​កិច្ច​អន្ដរាគមន៍​ពី​ក្រសួង​ដែនដី​ និង​សម្ដេច​ ហ៊ុន​ សែន​

​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​មាន​គ្នា​ប្រមាណ​ជាង​ ២០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ ៣១​គ្រួសារ​ មក​ពី​ខេត្ដកោះកុង​ នៅ​ព្រឹក​ថ្ងៃ​ ចន្ទ​ ទី​ ១៩​ ធ្នូ​ នេះ​បាន​នាំ​គ្នា​ឡើង​មក​ដាក់​ញត្ដិ​នៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង​ និង​ខុទ្ទកាល័យ​សម្ដេច​ ហ៊ុន​ សែន​ ដើម្បី​សុំ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​ដីធ្លី​ដែល​ពួក​គាត់​កំពុង​រង​ទុក្ខ​បុក​ម្នេញ​។​

រូបភាពឯកសារ ប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនាពេលកន្លងមក។
រូបភាពឯកសារ ប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនាពេលកន្លងមក។
ពួក​គាត់​អះអាង​ថា​ បញ្ហា​របស់​ពួក​គាត់​គឺ​ដោយសារ​តែ​អ្នកមាន​លុយ​ម្នាក់​ចូល​ទៅ​រំលោភ​យក​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ ឆាយ​ ប៊ុ​ន​ថា​ ដែល​ជា​តំណាង​ពលរដ្ឋ​មក​ពី​ខេត្ដកោះកុង​។​

​លោក​ ឆាយ​ ប៊ុ​ន​ថា​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ដកោះកុង​ទាំងអស់​បាន​ទៅ​ដល់​ក្រសួង​ដែនដី​ កាលពី​ព្រឹក​មិ​ញ​ប៉ុន្ដែ​ត្រូវ​បាន​មន្ដ្រី​ក្នុង​ក្រសួង​ប្រាប់​ថា​ មន្ដ្រី​ដែល​ទទួល​បន្ទុក​ប្រចាំ​ខេត្ដកោះកុង​ជាប់​បេស​កម្ម​ទៅ​ខេត្ដ​ សៀមរាប​ ដោយ​បាន​ស្នើ​ឲ្យ​ក្រុម​ពលរដ្ឋ​រង់ចាំ​មក​ម្ដងទៀត​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២២​ ធ្នូ​ ម្ដងទៀត​។​ លោក​ ប៊ុ​ន​ថា​ បន្ដ​ថា​ លោក​ក៏​បាន​ជួប​និយាយ​ជាមួយ​មន្ដ្រី​ប្រចាំ​ខេត្ដកោះកុង​ដែល​ជាប់​បេស​កម្ម​ទៅ​ខេត្ដសៀមរាប​ នោះ​រួច​ហើយ​ដែរ​ ដែល​សន្យា​ថា​ នឹង​ជួប​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទៅ​តាម​ថ្ងៃ​សន្យា​ ប៉ុន្ដែ​មន្ដ្រី​រូប​នោះ​ស្នើ​សុំ​ឲ្យ​មាន​តែ​តំណាង​ពលរដ្ឋ​តែ​ ២​ ឬ​៣​ នាក់​យក​ញត្ដិ​មក​បាន​ហើយ​។​

​លោក​ ឆាយ​ ប៊ុ​ន​ថា​ បញ្ជាក់​ថា​ លោក​បាន​យល់ព្រម​ជាមួយ​មន្ដ្រី​ដែល​ទទួល​បន្ទុក​ដីធ្លី​ប្រចាំ​ខេត្ដកោះកុង​ហើយ​ថា​ នឹង​ត្រឡប់​មក​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ជា​ថ្មី​ តែ​លោក​ថា​ នៅ​ថ្ងៃ​ ចន្ទ​ ទី​ ១៩​ នេះ​មុន​នឹង​ត្រឡប់​ទៅ​វិញ​លោក​ នឹង​ពលរដ្ឋ​ផ្សេង​ទៀត​ត្រូវ​យក​ញត្ដិ​ទៅ​ដាក់​នៅ​ខុ​ទ្ធ​កាល័យ​សម្ដេច​ ហ៊ុន​ សែន​ សិន​ទើប​ត្រឡប់​ទៅ​កោះកុង​វិញ​។​ តំណាង​ពលរដ្ឋ​រូប​នេះ​សង្កត់ធ្ងន់​ថា​ ប្រសិនបើ​ការ​ព្យាយាម​សុំ​អន្ដរាគមន៍​មិន​មាន​ដំណោះស្រាយ​ពលរដ្ឋ​ ដែល​មាន​បញ្ហា​ដីធ្លី​ទាំងអស់​នឹង​បន្ដ​ឡើង​មក​រាជធានី​ភ្នំពេញ​តវ៉ា​ រហូត​ដល់​មាន​ដំណោះស្រាយ​។​

​សូម​ជម្រាប​ថា​ បើ​តាម​ការ​បញ្ជាក់​ ទំនាស់​ដីធ្លី​នេះ​គឺ​កើតឡើង​រវាង​ពលរដ្ឋ​និង​បុគ្គល​ម្នាក់​ឈ្មោះ​ ទូច​ ស្រូ​យ​ មាន​ទីលំនៅ​ ស្ថិត​នៅ​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​។​ ពលរដ្ឋ​បាន​ចោទ​ថា​ បុគ្គល​រូប​នេះ​ បាន​រំលោភ​យក​ដី​ពលរដ្ឋ​មាន​ទំហំ​រហូត​ដល់​ ១៥០​ហិច​តា​ ដែល​នៅ​លើ​ដី​នោះ​បច្ចុប្បន្ន​គឺ​មាន​ដំណាំ​ ជា​ច្រើន​ប្រភេទ​រួច​ស្រេច​ទៅ​ហើយ​ ប៉ុន្ដែ​បុគ្គល​ដែល​មានឈ្មោះ​ ទូច​ ស្រូ​យ​ នោះ​បាន​អះអាង​ថា​ ដី​នោះ​ជា​ដី​របស់​ខ្លួន​ដែល​ទុក​ចោល​យូរណាស់​មក​ហើយ​។​

​លោក​ ឆាយ​ ប៊ុ​ន​ថា​ បាន​សំណូម​ដល់​រដ្ឋាភិបាល​ មន្ដ្រី​សង្គម​ស៊ី​វិល​ ឲ្យ​ជួយ​ដល់​ពួក​គាត់​ផង​ព្រោះ​ពួក​គាត់​គ្មាន​លទ្ធភាព​ទៅ​តតាំង​ក្ដី​ជាមួយ​អ្នកមាន​លុយ​ ដែល​មាន​អ្នកមាន​បុណ្យ​សក្ដិ​នៅ​ពីក្រោយ​នោះ​ទេ​។​ យ៉ាងណា​ក៏​ដោយ​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​ លោក​ ទូច​ ស្រូ​យ​ បាន​ទេ​ជុំ​រឿង​នេះ​ ដោយ​គ្មា​ប្រភព​ដើម្បី​ទាក់ទង​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x