ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកទ្បើងដូចៗគ្នាថា គណបក្សតែងតែជំរុញ និងលើកកម្ពស់ស្ត្រីឱ្យចូលរួមប្រទ្បូកក្នុងវិស័យនយោបាយ ព្រោះស្ត្រីមានសិទ្ធិស្មើនឹងបុរស ហើយស្ត្រីទៀតសោតពិតជាដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែកក្នុងវិស័យនយោបាយ។ ការលើកទ្បើងនេះ ស្របពេលដែលប្រទេសកម្ពុជានឹងមានការបោះឆ្នោតធំៗចំនួនពីរ គឺការបោះឆ្នោតថ្នាក់ក្រោមជាតិ និងការបោះឆ្នោតថ្នាក់ជាតិ។

ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតមកដល់ គណបក្សនយោបាយធំៗចំនួន ២ ដែលមានសម្លេងនៅក្នុងសភា បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីជ្រើសរើសក្រុមស្ត្រីដែលមានបំណងឈរឈ្មោះបោះឆ្នោត ឱ្យចូលបម្រើការងារនៅក្នុងគណ បក្សរបស់ពួកគេ។ នេះបើតាមការអោយដឹងពីអ្នកនាំពាក្យគណបក្សធំៗទាំង ២ នៅកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនាពេលថ្មីៗនេះថា គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្នបានលើកកម្ពស់ស្ត្រី និងផ្តល់លទ្ធភាពតាមរយៈការជំរុញឱ្យស្ត្រីចូលរួមប្រទ្បូកទៅក្នុងវិស័យនយោបាយ។ លោក សុខ ឥសាន្ត បន្តថា អត្រាស្ត្រីដែលធ្វើការនៅគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺមានការកើនឡើងដូចជានៅក្នុងរដ្ឋសភា ព្រឹទ្ធសភា នឹងតាមបណ្តាក្រសួងមន្ទីរផ្សេងៗទៀត។ លោក សុខ ឥសាន្ត មានប្រសាសន៍យ៉ាងដូច្នេះថា «តែដោយទ្បែកក្រុមប្រឹក្សាឃុំ-សង្កាត់នេះយើងក៏មានការណែនាំបញ្ជូលសមាសភាពស្ត្រីឱ្យបានច្រើនដោយផ្អែកលើលក្ខណៈសម្បត្តិធ្វើការងារបទពិសោធន៍របស់ស្ត្រីនៅតាមមូលដ្ឋាន។ ខ្ញុំយល់ថាវាមានសារៈសំខាន់ណាស់ព្រោះស្ត្រីមានសិទ្ធិស្មើគ្នាទាំងផ្នែកនយោបាយ ទាំងផ្លូវច្បាប់ជាមួយនឹងបុរសដែរដែលយើងតែងតែងលើកទ្បើងពីបញ្ហាយេនឌ័រ…»។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិបានជំរុញឱ្យមានបេក្ខជនជាស្ត្រីកាន់តែច្រើនថែមទៀត ក្នុងការប្រទ្បូកចូលទៅក្នុងវិស័យនយោបាយ តាមរយៈការឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយគណបក្សមានការលើកទឹកចិត្តដល់ក្រុមស្ត្រីដោយដាក់ពួកគេក្នុងលំដាប់លេខរៀងខ្ពស់ជាងគេ។
លោក យឹម សុវណ្ណ បន្តថា ទោះបីជាមានការលើកទឹកចិត្តយ៉ាងនេះក៏ដោយចុះ ស្ត្រីនៅតែជួបឧបសគ្គជាច្រើនដែលរារាំងពួកគេមិនឱ្យចូលរួមក្នុង វិស័យនយោបាយ ហើយកត្តាទាំងនោះមានដូចជា៖ «ស្ត្រីនឹងការភ័យខ្លាច គំនៀបគ្រួសារចំណេះដឹង មធ្យោបាយសុទ្ធតែជាបន្ទុកគ្រួសារ សុទ្ធតែជាការដែលធ្វើឱ្យស្ត្រីមានការលំបាកនៅក្នុងការចូលរួមកិច្ចការនយោបាយដែលបានបន្សល់ទុកតាំងពីអតីតកាលមក ប៉ុន្តែទោះយ៉ាងណាក៏ដោយយើងនឹងខិតខំជំនះរកបេក្ខជនស្ត្រីឱ្យបានច្រើន។ មានស្ត្រីចូលរួមកាន់តែច្រើនមធ្យោបាយដែលដោះស្រាយបញ្ហាគឺប្រកបដោយសន្តិវិធីពីព្រោះស្ត្រីមិនចូលចិត្តប្រព្រត្តិអំពើហិង្សា មិនចូលចិត្តអំពើកាប់សម្លាប់ដូច្នេះការដោះស្រាយបញ្ហាជាតិនិងមានភាពល្អប្រសើរ»។
ជុំវិញនឹងការលើកទ្បើងនេះដែរ នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា លោកស្រី រស់ សុភាព មានប្រសាសន៍ថា ទោះបីជាមានការលើកទ្បើងរបស់គណបក្សនយោបាយ ដោយលើកកម្ពស់ស្ត្រីឱ្យចូលរួមក្នុងវិស័យនយោបាយក្តី ប៉ុន្តែលោកស្ត្រីថា ការអនុវត្តជាក់ស្តែងមិនទាន់មានប្រសិទ្ធិភាពនៅទ្បើយ។ លោកស្រី រស់ សុភាព បន្តថា គ្រប់ភាគីគណបក្សនយោបាយដែលមានសម្លេងនៅក្នុងសភាត្រូវបន្តលើកកម្ពស់ស្ត្រីឱ្យកាន់តែច្រើនថែមទៀតក្នុងវិស័យនយោបាយ។ លោកស្រី រស់ សុភាព៖«ជាក់ស្តែងយើងមើលអាណត្តិបោះឆ្នោតជាតិឆ្នាំ ២០១៣ ចំនួនស្ត្រីចុះមួយភាគរយដែលកាលពីអាណត្តិទី០៤ចំនួនស្ត្រី ២១ ភាគរយនៅក្នុងរដ្ឋសភា ប៉ុន្តែចំនួនស្ត្រីនៅថ្នាក់ក្រោមជាតិហាក់បីដូចជាកើនហើយយើងឃើញថាគណបក្សប្រជាជននឹងឃើញមានចំនួនស្ត្រីកើនទ្បើងប៉ុន្តែខ្ញុំនៅតែចង់ឱ្យគណបក្សដែលមានកៅអីនៅសភាគិតគូរបន្ថែមទៀតមិនមែនមានន័យថាមានចំនួនស្ត្រីកើនទ្បើងហើយគ្រប់គ្រាន់នោះទេដោយសារស្ត្រីមិនទាន់បានប្រើប្រាស់សក្តានុពលរបស់ខ្លួនគ្រប់គ្រាន់ការពារសិទ្ធិស្ត្រីហើយបញ្ហាសំខាន់ធំគឺឆន្ទះរបស់អ្នកដឹកនាំគបក្សទាំងអស់ជាដើម»។
គួរគត់សម្គាល់ថា ទោះបីជាមានការជំរុញឱ្យស្ត្រីចូលរួមក្នុងវិស័យនយោបាយពីសំណាក់មន្ត្រីនយោបាយយ៉ាងនេះក្តី តែគេសង្កេតឃើញថា ស្ត្រីដែលមានតួនាទីក្នុងរដ្ឋសភា ព្រឹទ្ធសភាព នៅមានចំនួនតិចតួចនៅឡើយ។ ចំណែកស្ត្រីមួយចំនួនដែលហ៊ានធ្វើតស៊ូបញ្ចេញមតិ តួយ៉ាងដូចជាអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ និងស្ត្រីសកម្មជនដីធ្លីផ្សេងៗទៀត ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ និងគម្រាមចាប់ដាក់ពន្ធនាគារជារឿយៗ។