ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅឃុំសង្កាត់ដែលសាមីខ្លួនបានចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៧។ ជាមួយគ្នានេះដែរ គ.ជ.ប ក៏នឹងបិទផ្សាយបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅថ្ងៃតែមួយផងដែរ។
គ.ជ.ប សូមអំពាវឲ្យប្រជាពលរដ្ឋយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីផ្ទៀងផ្ទាត់ នៅក្នុងបញ្ជីបោះឆ្នោតដំបូង នៅក្នុងឃុំសង្កាត់រៀងខ្លួន។
គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋអាចដាក់ពាក្យប្តឹងជំនាស់ ឬតវ៉ា នៅសាលាឃុំ សង្កាត់ ចាប់ពីថ្ងៃបិទផ្សាយបញ្ជីឈ្មោះ រហូតដល់ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧។
គួររម្លឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៧ គ.ជ.ប នឹងចាប់ទទួលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
គ.ជ.ប បានសម្រេចឲ្យគណបក្សនយោបាយធ្វើការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។ ប្រជាជនដែលមានឈ្មោះបោះឆ្នោត ឆ្នាំ ២០១៧ មាន ៧ លាន ៨សែននាក់៕