ឥណ្ឌូនេស៊ី ៖ យន្តហោះ Hercules C-130 ដែលផ្ទុកកងកម្លាំងអាកាសឥណ្ឌូនេស៊ី បានធ្លាក់នៅក្នុងខេត្ត ប៉ាពួ ជាខេត្តមួយដាច់ស្រយាលនៅភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី។ ហេតុការធ្លាក់យន្តហោះនេះ បានសម្លាប់មនុស្សទាំងអស់ដែលជិះលើយន្តហោះនោះ។
មន្ត្រីអាជ្ញាធរបាននិយាយថា អ្នកបើកយន្តហោះទាំងបីនាក់ និងបុគ្គលិកយោធា 10 នាក់ផ្សេងទៀតស្លាប់ទាំងអស់។
មេបញ្ជាការកងទ័ពអាកាសលោក Agus Supriatna ប្រាប់ទូរទស្សន Metro ថា ហេតុការណ៍នេះអាច បណ្តាលមកពីអាកាសធាតុអាក្រក់ ដែលត្រូវបានគេសង្ស័យថា ធ្វើឱ្យយន្តហោះនោះធ្លាក់។
យន្តហោះ Hercules C-130 ដែលធ្លាក់នេះ បានដឹកអាហារផ្គត់ផ្គង់ពីខេត្ត Timika ទៅ ខេត្ត Wamena ។
សូមរំលឹកថា កាលពីខែមិថុនាឆ្នាំ ២០១៥ យន្តហោះប្រភេទដូចគ្នា ដែលជារបស់កងកម្លាំងអាកាសប្រទេសនេះបានធ្លាក់នៅក្បែរសង្កាត់មួយដែលជាលំនៅដ្ឋានរបស់ពលរដ្ឋ។
ហេតុការណ៍នោះ បណ្តាលឱ្យនាវិក ១២ និងអ្នកដំណើរ ១០៩នាក់ នៅលើយន្តហោះត្រូវបានស្លាប់៕ប្រភពពីBBC