ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ១១៧ នាក់ ដើម្បីបំពេញការងារជាច្រើនផ្នែកបម្រើដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១៧។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៦ បានឱ្យដឹងថា បុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ១១៧ នាក់ដែល គ.ជ.ប ប្រកាសជ្រើសរើសដើម្បីបំពេញការងារ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ មានតួនាទីដូចជា៖ នាយកដ្ឋានរដ្ឋបាលចំនួន ៣នាក់ នាយកដ្ឋានប្រតិបត្តិការចំនួន ១០នាក់ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ៤៦នាក់ នាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត២៧នាក់ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ២១នាក់ និងនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ១០នាក់។
សូមជម្រាបថា បើតាមការបញ្ជាក់បន្ថែមរបស់ គ.ជ.ប បានឲ្យដឹងដែរថា បេក្ខជនដែលមានបំណងដាក់ពាក្យសុំប្រឡងចូលបម្រើការងារអាចទៅដាក់ពាក្យប្រឡងនៅទីស្តីការ គ.ជ.ប ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងមហាផ្ទៃអគារ H ខាងជើងនៅរៀងរាល់ម៉ោងធ្វើការ។ ពាក្យសុំចូលបម្រើការងារមានចែកជូនដោយឥតគិតថ្លៃ។ ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យសុំប្រទ្បង នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៧ ព្រឹក ហើយឈប់ទទួលពាក្យសុំប្រឡងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥ និង ៣០ នាទីល្ងាច៕