កូរ៉េខាងត្បូង ៖ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រលយសម្តីថា លោកអាចធ្វើការងារបានក្នុងរយៈពេលខ្លីមួយ សម្រាប់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាដើមកំណើតរបស់លោក។
នៅក្នុងសន្និសីទកាសែតជាលើកចុងក្រោយរបស់លោក ជាប្រធានអង្គការសហប្រជាជាតិ លោក បាន គីមូន បាននិយាយថា បន្ទាប់ពីសម្រាកលំ ហែកាយមួយរយៈ លោកនឹងវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ ហើយលោកនឹងពិចារណាអំពីរបៀបដែលល្អបំផុតដើម្បីជួយប្រទេសរបស់លោក។
ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានគ្រោងនឹងធ្វើឡើងនៅក្នុង ខែធ្នូ ឆ្នាំ ២០១៧ ។
ទោះយ៉ាងណាមានការស្ទង់មតិមួយ ដែលអាចដកយកតួនាទីក្នុងរយៈពេលពីរខែបន្ទាប់ទៀត បន្ទាប់ពីរដ្ឋសភាប្រទេសនេះ បានបោះឆ្នោតចោទ ប្រកាន់ប្រធានាធិបតីបច្ចុប្បន្នលោកស្រី Park Geun -hye លើរឿងអាស្រូវពុករលួយ។
លោកស្រី Park ត្រូវបានចោទប្រកាន់ពីបទបានអនុញ្ញាតឱ្យមិត្តភក្តិជិតស្និទ្ធម្នាក់ ទទួលបានប្រយោជន៍ក្នុងកំឡុងអ្នកស្រីជាប្រធានាធិបតី។
ប្រសិនបើតុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េ ពិតជាលើករឿងនេះមកចោទប្រកាន់នៅចុងសប្តាហ៍នេះមែន នោះលោកស្រី ប៉ាក់ នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងដែលត្រូវបានទម្លាក់ចេញពីតំណែងក្នុងយុគសម័យប្រជាធិបតេយ្យរបស់ប្រទេសនេះ ហើយការបោះឆ្នោតប្រធានាធិបតីថ្មីនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៦០ ថ្ងៃ។
តុលាការធម្មនុញ្ញមានពេល ១៨០ ថ្ងៃដើម្បីបញ្ចេញសេចក្តីសម្រេចចុងក្រោយ។
យោបល់លោក បាន គីមូន ធ្វើឡើងស្របពេលមានការតវ៉ាពីសំណាក់មហាជនកំពុងបន្ត នៅក្នុងរដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង ក្រុងសេអ៊ូល។
មហាជនច្រើនកុះករត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំចុងសប្តាហ៍នេះដើម្បីទាមទារថាលោកស្រី Park លាឈប់ពីតំណែងភ្លាម និងជម្រុញឱ្យតុលាការធម្មនុញ្ញដកយកតួនាទីរបស់លោកស្រី ប៉ាក់ ជាផ្លូវការពីតំណែង៕ប្រភព៖BBC