ភ្នំពេញ៖អង្គការតម្លាភាពកម្ពុជានៅថ្ងៃនេះបានរៀបចំកម្មវិធីសនិ្នសីទថ្នាក់ជាតិមួយស្ដីពី«សុចរិតភាពធុរកិច្ច»។ កម្មវីធីនេះសំដៅជម្រុញ ឱ្យមានភាពស្មើគ្នាលើការប្រកួតប្រជែងលើទីផ្សារនិងសំដៅកាត់បន្ថយអំពើរពុករលួយក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។
ក្នុងកម្មវិធីនេះ មន្ត្រីអង្គការតម្លាភាព និយាយថា កម្ពុជានៅបន្តបាត់ថវិកាពីការបង់ពន្ធផ្សេងៗជាច្រើនរយលានដុល្លារក្នុងមួយឆ្នាំៗ។ លោកថាអ្វីដែលលោកសំអាងនេះដោយតាមរបាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា។ កម្មវិធីនេះមានការចូលរួមពីក្រសួងពាក់ពន្ធ័ អង្គការជាតិ អន្តជាតិ និងម្ចាស់អាជីវកម្មប្រមាណជា ជាង ១០០នាក់ ដោយធ្វើឡើងនៅ សណ្ឋាគាររ៉ាហ្វល ឡឺរូយ៉ាល់ ក្នុងរាជាធានីភ្នំពេញ។ អំពើរពុករលួយទៅលើអាជីវកម្មខ្នាតតូច និងមធ្យម ក្នុងឆ្នាំ២០១៥ មានសភាពធ្ងន់ធ្ងរ ដែលជះផលលំបាកដល់ម្ចាស់អាជីវកម្មទាំងនោះ។
នេះជាការលើកឡើងរបស់លោក ឱក សេរីសោភក្តី ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជាក្នុងកម្មវិធីសនិ្នសីទថ្នាក់ជាតិ ស្ដីពីសុចរិតភាពធុរកិច្ច។ ដូចគ្នានេះដែរលោក ស្រ៊ុន ស្រួយ ទីប្រឹក្សាស្រាវជ្រាវពីករណីសិក្សាស្ដីពី ការប្រមូលពន្ធពីវិស័យ ឯកជន និងការបង្កើតបរិយាកាសធុរកិច្ចដែលធានានូវភាពស្មើរគ្នា បានធ្វើបទបង្ហាញពីករណីសិក្សា អំពុករលួយ នៅក្នុងវិស៏យពន្ធថា អាជីវកម្មខ្នាតតូច និង មធ្យម មានការលំបាកក្នុងការចុះបញ្ជីស្របច្បាប់ក្នុងរដ្ឋដោយសារច្បាប់ ចុះបញ្ជីមានភាពស្មុកស្មាញ។ លោកថា កត្តានេះធ្វើឲ្យអំពើពុករលួយកើតឡើង ដោយការឃុបឃិតគ្នារវាងមន្ត្រីពន្ធដារ និង ម្ចាស់អាជីវកម្ម និងមានហេតុផលផ្សេងៗទៀត។
ថ្លែងតាមរយៈអ្នកបកប្រែលោកស្រី ម៉ាទីណា ថ្វស ម៉លីន អ្នកសម្របសម្រួលការគ្រប់គ្រង់ហិរញ្ញវត្ថុសារណៈនៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជា លោកស្រីមានប្រសាសន៍ថា អំពើពុករលួយក្នុងវិស័យធុរកិច្ចនៅកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ការដាក់ទុនវិនិយោគក្នុងប្រទេកម្ពុជា ព្រោះធ្វើឱ្យមានការបង្កើនចំពោះការចំណាយទុន។ លោកស្រីបន្តថា រដ្ឋាភិបាលគួរតែបង្ហាញពីតារាងការបង់ពន្ធដារដល់ប្រជាពលរដ្ឋ ដើម្បីឲ្យដឹងថាលុយ ដែលគេបង់នោះចាយបានត្រឹមត្រូវឬយ៉ាងណា។
ចំណែកលោក ប៉ិច ពិសី នាយកម្មវិធីជាន់ខ្ពស់ នៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា ក្នុងមួយឆ្នាំៗកម្ពុជាបាត់ថវិកាដោយសារ ការប្រមូលពន្ធមិនត្រឹមត្រូវ។ លោកថារដ្ឋាភិបាលគួរតែពង្រឹង ច្បាប់ក្នុងការប្រមូលពន្ធឲ្យបានច្បាស់លាស់។ ជុំវិញបញ្ហានេះលោក រាជ រ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា រដ្ឋាភិបាលបានជំរុញឲ្យមានភាពងាយស្រួលក្នុងការធ្វើធុរកិច្ច និងវិនិយោគទុន និងការកាត់បន្ថយអំពើពុករលួយតាមរយៈការបង្កភាពងាយស្រួលក្នុងការចុះញ្ជីក្នុងក្រសួងជាដើម។
តែយ៉ាងក៏ដោយលោក អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមិនបានឆ្លើបតបពីការបាត់ថវិកាពីការបង់ពន្ធដោយលើកឡើងពីមន្ត្រីសង្គមស៊ីវិលនោះទេទោះជាលោកមានវត្តមានក្នុងកម្មវិធីនេះក្ដី។
យោងតាមរបាយការណ៍ ស្ដីពីសន្ទស្សន៍ធ្វើធុរកិច្ចឆ្នាំ២០១៤ របស់ធានាគារពិភពលោក ប្រទេសកម្ពុជា ចំណាត់ថ្នាក់ទី១៥៦ ក្នុងចំណោម ១៧៥ ដែលការចាត់ចំណាត់ថ្នាក់នេះ មានន័យថាស្ថានភាពពុករលួយនៅកម្ពុជានៅតែអាក្រក់ជាងប្រទេសដទៃទៀត៕