ភ្នំពេញ៖ លោក ហូ វ៉ាន់ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាបានប្រាប់អ្នកសារព័ត៌ថា លោកមិនទាន់អាចទទួលយកបានទេចំពោះការឆ្លើយបំភ្លឺរបស់លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលជុំវិញភាពមិនប្រក្រតីនៃការលក់ខ្សាច់ទៅប្រទេសសិង្ហបូរី។ ករណីនេះលោកបានស្នើដល់រដ្ឋមន្ដ្រី សិក្សាឡើងវិញពីគម្លាតនៃតួលេខនាំខ្សាច់ពីកម្ពុជា។
ក្រោយពីជំនួបបិទទ្វារវាងប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ជាមួយលោក ស៊ុយ សែន រដ្ឋមន្ដ្រីក្រសួងរ៉ែ ដែលទៅបំភ្លឺជុំវិញភាពមិនប្រក្រតីនៃការលក់ខ្សាច់ទៅប្រទេសសិង្ហបូរីនៅថ្ងៃ ព្រហស្បតិ៍ ទី ១៥ ធ្នូ នេះរួចហើយលោក ហូ វ៉ាន់ បានឲ្យដឹងថា គណៈកម្មការរបស់លោកបានស្នើឲ្យរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សាជាថ្មីឡើងវិញពីតួលេខដែលមានគម្លាតឆ្ងាយពីគ្នាខ្លាំងនេះ។ លោក ហូ វ៉ាន់ បន្តថា តួលេខកម្ពុជានាំខ្សាច់ចេញមានតែជាង ពីរលានតោនប៉ុណ្ណោះ ក៏ប៉ុន្ដែតួលេខដែលសិង្ហបូរី កត់ត្រាគឺបញ្ជាក់ថា ខ្លួនបាននាំចូលខ្សាច់ពីកម្ពុជារហូតដល់ជាង ៧០ លានតោន។ លោក ហូ វ៉ាន់៖«គណៈកម្មការយើងបានស្នើសុំឲ្យឯកឧត្ដមរដ្ឋមន្ដ្រីរកវិធីណា ដើម្បីឲ្យតួលេខនេះកុំឲ្យឃ្លាតគ្នាឆ្ងាយចឹងពេក មួយ ២លាន មួយ ៧០លានតោន ជាងដូច្នេះវាយឆ្ងាយពីគ្នាពេក ហើយឯកឧត្ដមរដ្ឋមន្ដ្រីគាត់ក៏ទទួលយកដែលអ្វីដែលយើងជម្រាបហ្នឹង»។
លោក ហូ វ៉ាន់ ក៏សង្កត់ធ្ងន់ផងដែរថា បើកាលណា ករណីនេះមិនប្រក្រតីហើយតួលេខខុសគ្នាខ្លាំងដូចនេះគឺវាជាការប៉ះពាល់ទៅដល់ចំណូលដែលត្រូវបង់ចូលរដ្ឋ។
យ៉ាងណានាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមរូបនេះរម្លឹកថា កាលពីពេលថ្មីៗទៅនេះ ខណៈដែលលោក និងរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ក៏ដូចអ្នកពាក់ព័ន្ធផ្សេងទៀតចុះទៅពិនិត្យសាឡង់បូមខ្សាច់នៅខេត្ដកោះកុង គឺបានប្រទះឃើញកន្លែងដែលបូមខ្សាច់នោះខុសពីតំបន់អាជ្ញាប័ណ្ណពិតមែន។ លោកបន្ដថា ក្រោយពីឃើញស្លាកស្នាមនៃការបូមខ្សាច់ខុសកន្លែងអាជ្ញាប័ណ្ណនោះក្រសួងរ៉ែក៏បានអះ អាងថា នឹងចាត់វិធានការណ៍រឿងនេះជាបន្ដបន្ទាប់។ តែយ៉ាងណាលោក សង្ឃឹមថា ករណីនេះក្រសួង នឹងដោះស្រាយប្រកបដោយតម្លាភាព។ វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពីលោករដ្ឋមន្ត្រីស៊ុយសែមបានទេ នៅថ្ងៃនេះខណៈអ្នកសារព័ត៌មានបានដេញតាមសួរលោកនៅមន្ទីររដ្ឋសភា តែលោកមិនបានឆ្លើយអ្វីឡើយ។
គួរបញ្ជាក់ថា បើយោងតាមទិន្នន័យ ពីក្រសួងពាណិជ្ជកម្មកម្ពុជា ការនាំខ្សាច់ចេញពីកម្ពុជាគឺមានបរិមាណសរុបចំនួនប្រមាណ ២,៨ លានតោន ក្នុងតម្លៃ ៥,៥ លានដុល្លារអាមេរិកទៅកាន់ប្រទេសសិង្ហបុរី នៅចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥។ ក៏ប៉ុន្តែបើយោងតាមប្រព័ន្ធទិន្នន័យស្ថិតិពាណិជ្ជកម្មលើទំនិញរបស់អង្គការសហប្រជាជាតិ ការនាំខ្សាច់ពីកម្ពុជាទៅប្រទេសសិង្ហាបូរីមានចំនួន ៧២,៨ លានតោនដែលតួលេខនេះមានភាពខុសគ្នាយ៉ាងខ្លាំង៕