ភ្នំពេញ៖ព្រៃឡង់ដែលជាព្រៃធំជាងគេនៅកម្ពុជានៅតែរងកាប់បំផ្លាញបើទោះបីរដ្ឋាភិបាល បានចេញអនុក្រិត្យដាក់ទៅជាតំបន់ព្រៃការពារហើយក៏ដោយ។ នេះបើតាមការឱ្យដឹងពីប្រជាពលរដ្ឋទាំងបួនខេត្តនៅជុំវិញព្រៃឡង់ដែលបានថ្លែងនៅក្នុងសន្និសីទសាព័ត៌មាននៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះនៅផ្ទះមេតា។ ប្រជាសហគមន៍ទាំងនោះលើកឡើងថា សកម្មភាពនៃការកាប់បំផ្លាញព្រៃកើតមានកាន់តែខ្លាំងជាងមុន។
លោកបន្តថា ជាមួយនឹងការរកឃើញឧបករណ៍អារឈើ សហគមន៍ទាំងបួនខេត្តជុំវិញតំបន់ព្រៃឡង់ក៏រកឃើញឧបករណ៍ឆក់ត្រី ថ្នាំបំពុលសត្វ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនប្រើដោយក្រុមកម្មករកាប់ឈើផងដែរ។
ចំណែកអ្នកស្រី ខា ស្រស់ តំណាងសហគមន៍ព្រៃឡង់មកពីខេត្តស្ទឹងត្រែង បានឱ្យដឹងថា បើទោះបីជានៅខេត្តនេះមិនទាន់មានក្រុមហ៊ុនកាប់ឈើជាលក្ខណៈធំដុំក៏ដោយ ប៉ុន្តែសកម្មភាពកាប់ឈើយ៉ាងអានាធិបតេយ្យបានកើតឡើងយ៉ាងខ្លាំង។ បែបនេះក្តីអ្នកស្រីថា បន្ទាប់ពីប្រជាសហគមន៍ចុះដើរល្បាតជាញឹកញាប់ បទល្មើសបានថយចុះបន្តិច។ តែការកាប់បំផ្លាញនៅតែបន្ត ដោយជនល្មើសប្តូរធ្វើសកម្មភាពពេលយប់វិញ។ ខុសពីខេត្តផ្សេងទៀត អ្នកស្រីបានឱ្យដឹងថា នៅខេត្តស្ទឹងត្រែងអាជ្ញាធរបានសហការល្អជាមួយសហគមន៍ ក្នុងការចុះចាប់ជនល្មើស។អ្នកស្រីខា ស្រស់៖«យើងបានរាយការណ៍ទៅស្រុក ថាមានបទល្មើសនៅក្នុងព្រៃ ក៏គាត់បានចាត់កម្លាំងមានទាហាន មានអធិការស្រុក គាត់ចុះទៅដល់ចំណុចដែរ។ការសហការជាមួយអាជ្ញាធរដែលពីមុនមកមិនទាន់ជាប៉ុន្មានទេ ដល់យើងបានសហ ការជាមួយក្រសួងពាក់ព័ន្ធខាងបរិស្ថានអីទៅក៏ការចូលរួមរបស់អាជ្ញាធរបានសមគួររបស់គាត់ដែរ។»
រីឯខេត្តក្រចេះ និងព្រះវិហារវិញ ក៏មិនខុសពីខេត្តទាំងពីរនោះដែរ ប្រជាសហគមន៍នៅតំបន់ព្រៃឡង់នៃខេត្តទាំង២នេះ ថា សកម្មភាពកាប់បំផ្លាញព្រៃឈើបានកើតឡើងខ្លាំងជាងមុន។
កាលពីពាក់កណ្តាលឆ្នាំ២០១៦ រដ្ឋាភិបាលបានសម្រេចដាក់ព្រៃឡង់ទៅជាតំបន់ការពារធម្មជាតិ ប៉ុន្តែមានតែខេត្តបីប៉ុណ្ណោះ គឺខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ ដោយឡែកខេត្តព្រះវិហារមិនត្រូវបានដាក់ទៅជាព្រៃការពារនោះទេ ដោយក្រសួងបរិស្ថានអះអាង តំបន់ព្រះវិហារ ជាព្រៃរិចរិល ដែលត្រូវបានរងការឈូសឆាយ។
កញ្ញា ម៉ៃខេន ជាអ្នកស្ម័គចិត្ត ម្នាក់ជួយធ្វើរបាយការណ៍ ស្ដីពីការកាប់បំផ្លាញព្រៃឡង់ បានឱ្យដឹងថា នៅឆ្នាំ២០១៦នេះ ការកាប់បំផ្លាញព្រៃឡង់បានកើនឡើង១៤% ហើយខេត្តដែលរងការកាប់បំផ្លាញខ្លាំងជាងគេគឺខេត្តកំពង់ធំ ហើយការកាប់បំផ្លាញឈើប្រណិតក៏កើនឡើងដែរ។ កញ្ញាបន្តថា ដើម្បីការពារព្រៃឡង់មិនឱ្យរងការកាប់បំផ្លាញ រដ្ឋាភិបាល គួរតែបង្កើតឱ្យមានគោលនយោបាយសហការគ្រប់គ្រង ដែលនៅក្នុងគោលនយោបាយនេះត្រូវបញ្ចូលបណ្តាញសហគមន៍ព្រៃឡង់ជាតួអង្គសំខាន់ក្នុងការការពារព្រៃឡង់។ កញ្ញាផ្ដល់អនុសាសន៍ថា ដើម្បីបំពេញនូវគោលបំណងរបស់រដ្ឋាភិបាល ដែលបានដាក់ចេញនូវការសម្រេចឱ្យបានគម្របព្រៃ៦០% នៅឆ្នាំ២០៣០ គឺត្រូវតែគាំទ្រទាំងផ្នែកហិរញ្ញវត្ថ និងគោលនយោបាយដល់បណ្តាញសហគមន៍ព្រៃឡង់។
នៅក្នុងទិវាជាតិបរិស្ថានកាលពីថ្មីៗនេះ ប្រមុខរដ្ឋាភិបាល បានទទួលស្គាល់ថា ការកាប់បំផ្លា ញព្រៃឈើនៅកម្ពុជាដែលមានសកម្មភាពមិនថមថយដោយសារការខ្វះកិច្ចសហការមួយដ៏ធំពីសមត្ថកិច្ចរបស់រដ្ឋ។ ក្នុងកម្មវិធីនោះសម្ដេច ហ៊ុន សែន បានសរសើរដល់សហគមន៍មួយចំនួនដែលបានចូលរួមជួយ ការពារព្រៃឈើនៅកម្ពុជា ៕