en     km
en     km

ព្រៃ​ឡង់​នៅ​តែ​រង​ការ​កាប់​បំផ្លាញ​ ទោះបី​រដ្ឋាភិបាល​ដាក់​ជា​ព្រៃ​ការពារ​ក៏​ដោយ🔊

Share

​ភ្នំពេញ​៖​ព្រៃ​ឡង់​ដែល​ជា​ព្រៃធំ​ជាងគេ​នៅ​កម្ពុជា​នៅ​តែ​រង​កាប់​បំផ្លាញ​បើ​ទោះបី​រដ្ឋាភិបាល​ បាន​ចេញ​អនុ​ក្រិ​ត្យ​ដាក់​ទៅ​ជា​តំបន់​ព្រៃ​ការពារ​ហើយ​ក៏​ដោយ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ទាំង​បួន​ខេត្ត​នៅ​ជុំវិញ​ព្រៃ​ឡង់​ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សា​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​នៅផ្ទះ​មេតា​។​ ប្រជា​សហគមន៍​ទាំងនោះ​លើក​ឡើង​ថា​ សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​កើត​មាន​កាន់តែ​ខ្លាំង​ជាង​មុន​។​

តំណាងសហគមន៍ព្រៃឡង់
លោក​ ហឿ​ន​ សុភាព​ តំណាង​សហគមន៍​ព្រៃ​ឡង់​នៅ​ខេត្តកំពង់ធំ​
​លោក​បន្ត​ថា​ ជាមួយនឹង​ការ​រក​ឃើញ​ឧបករណ៍​អារឈើ​ សហគមន៍​ទាំង​បួន​ខេត្ត​ជុំវិញ​តំបន់​ព្រៃ​ឡង់​ក៏​រក​ឃើញ​ឧបករណ៍​ឆក់​ត្រី​ ថ្នាំ​បំពុល​សត្វ​ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ប្រើ​ដោយ​ក្រុម​កម្មករ​កាប់​ឈើ​ផង​ដែរ​។​

​ចំណែក​អ្នកស្រី​ ខា​ ស្រស់​ តំណាង​សហគមន៍​ព្រៃ​ឡង់​មក​ពី​ខេត្តស្ទឹងត្រែង​ បានឱ្យ​ដឹង​ថា​ បើ​ទោះបីជា​នៅ​ខេត្ត​នេះ​មិន​ទាន់​មាន​ក្រុមហ៊ុន​កាប់​ឈើ​ជា​លក្ខណៈ​ធំដុំ​ក៏​ដោយ​ ប៉ុន្តែ​សកម្មភាព​កាប់​ឈើ​យ៉ាង​អានា​ធិ​ប​តេ​យ្យ​បាន​កើតឡើង​យ៉ាង​ខ្លាំង​។​ បែប​នេះ​ក្តី​អ្នកស្រី​ថា​ បន្ទាប់​ពី​ប្រជា​សហគមន៍​ចុះ​ដើរ​ល្បាត​ជា​ញឹកញាប់​ បទល្មើស​បាន​ថយ​ចុះ​បន្តិច​។​ តែ​ការ​កាប់​បំផ្លាញ​នៅ​តែ​បន្ត​ ដោយ​ជនល្មើស​ប្តូរ​ធ្វើ​សកម្មភាព​ពេល​យប់​វិញ​។​ ខុស​ពី​ខេត្ត​ផ្សេង​ទៀត​ អ្នកស្រី​បានឱ្យ​ដឹង​ថា​ នៅ​ខេត្តស្ទឹងត្រែង​អាជ្ញាធរ​បាន​សហការ​ល្អ​ជាមួយ​សហគមន៍​ ក្នុង​ការ​ចុះ​ចាប់​ជនល្មើស​។​អ្នកស្រី​ខា​ ស្រស់​៖«​យើង​បាន​រាយការណ៍​ទៅ​ស្រុក​ ថា​មាន​បទល្មើស​នៅ​ក្នុង​ព្រៃ​ ក៏​គាត់​បាន​ចាត់​កម្លាំង​មាន​ទាហាន​ មាន​អធិការ​ស្រុក​ គាត់​ចុះ​ទៅ​ដល់​ចំណុច​ដែរ​។​ការ​សហការ​ជាមួយ​អាជ្ញាធរ​ដែល​ពី​មុន​មក​មិន​ទាន់​ជា​ប៉ុន្មាន​ទេ​ ដល់​យើង​បាន​សហ ការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ខាង​បរិស្ថាន​អី​ទៅ​ក៏​ការ​ចូលរួម​របស់​អាជ្ញាធរ​បាន​សមគួរ​របស់​គាត់​ដែរ​។​»

​អ្នកស្រី​ ខា​ ស្រស់​ តំណាង​សហគមន៍​ព្រៃ​ឡង់​មក​ពី​ខេត្តស្ទឹងត្រែង
​អ្នកស្រី​ ខា​ ស្រស់​ តំណាង​សហគមន៍​ព្រៃ​ឡង់​មក​ពី​ខេត្តស្ទឹងត្រែង
​​រីឯ​ខេត្តក្រចេះ​ និង​ព្រះ​វិហារ​វិញ​ ក៏​មិន​ខុស​ពី​ខេត្ត​ទាំង​ពីរ​នោះ​ដែរ​ ប្រជា​សហគមន៍​នៅ​តំបន់​ព្រៃ​ឡង់​នៃ​ខេត្ត​ទាំង​២​នេះ​ ថា​ សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​បាន​កើតឡើង​ខ្លាំង​ជាង​មុន​។

​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​ រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ព្រៃ​ឡង់​ទៅ​ជា​តំបន់ការពារធម្មជាតិ​ ប៉ុន្តែ​មាន​តែ​ខេត្ត​បី​ប៉ុណ្ណោះ​ គឺ​ខេត្តក្រចេះ​ ស្ទឹង​ត្រែង​ កំពង់ធំ​ ដោយឡែក​ខេត្តព្រះវិហារ​មិន​ត្រូវ​បាន​ដាក់​ទៅ​ជា​ព្រៃ​ការពារ​នោះ​ទេ​ ដោយ​ក្រសួងបរិស្ថាន​អះអាង​ តំបន់​ព្រះ​វិហារ​ ជា​ព្រៃ​រិច​រិល​ ដែល​ត្រូវ​បាន​រង​ការ​ឈូស​ឆាយ​។​

​កញ្ញា​ ម៉ៃ​ខេន​ ជា​អ្នក​ស្ម័​គ​ចិត្ត​ ម្នាក់​ជួយ​ធ្វើ​របាយការណ៍​ ស្ដី​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​  បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៦​នេះ​ ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​បាន​កើនឡើង​១៤%​ ហើយ​ខេត្ត​ដែល​រង​ការ​កាប់​បំផ្លាញ​ខ្លាំង​ជាងគេ​គឺ​ខេត្តកំពង់ធំ​ ហើយ​ការ​កាប់​បំផ្លាញ​ឈើប្រណិត​ក៏​កើនឡើង​ដែរ​។​ កញ្ញា​បន្ត​ថា​ ដើម្បី​ការពារ​ព្រៃ​ឡង់​មិន​ឱ្យ​រង​ការ​កាប់​បំផ្លាញ​ រដ្ឋាភិបាល​ គួរតែ​បង្កើត​ឱ្យ​មាន​គោលនយោបាយ​សហការ​គ្រប់គ្រង​ ដែល​នៅ​ក្នុង​គោលនយោបាយ​នេះ​ត្រូវ​បញ្ចូល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ការពារ​ព្រៃ​ឡង់​។​ កញ្ញា​ផ្ដល់​អនុសាសន៍​ថា​ ដើម្បី​បំពេញ​នូវ​គោលបំណង​របស់​រដ្ឋាភិបាល​ ដែល​បាន​ដាក់​ចេញ​នូវ​ការ​សម្រេច​ឱ្យ​បាន​គម្រប​ព្រៃ​៦០%​ នៅ​ឆ្នាំ​២០៣០​  គឺ​ត្រូវ​តែ​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញ​វត្ថ​ និង​គោលនយោបាយ​ដល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​។​

​នៅ​ក្នុង​ទិវា​ជាតិ​បរិស្ថាន​កាលពី​ថ្មីៗ​នេះ​ ប្រមុខ​រដ្ឋាភិបាល​ បាន​ទទួលស្គាល់​ថា​ ការ​កាប់​បំ​ផ្លា​ ញ​ព្រៃឈើ​នៅ​កម្ពុជា​ដែល​មាន​សកម្មភាព​មិន​ថមថយ​ដោយសារ​ការ​ខ្វះ​កិច្ចសហការ​មួយ​ដ៏​ធំ​ពី​សមត្ថកិច្ច​របស់​រដ្ឋ​។​ ក្នុង​កម្មវិធី​នោះ​សម្ដេច​ ហ៊ុន​ សែន​ បាន​សរសើរ​ដល់​សហគមន៍​មួយ​ចំនួន​ដែល​បាន​ចូលរួម​ជួយ​ ការពារ​ព្រៃឈើ​នៅ​កម្ពុជា​ ៕​  ​

Share

Image
Image
Image