ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ នេះ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារទីស្តីការថ្មី របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរាជធានីភ្នំពេញ ដែលស្ថិតនៅជិតសាលារាជធានីភ្នំពេញ។
តាមហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន អាគារថ្មីដែលទើបតែបានសាងសង់នេះ គឺបានប្តូរពីទីតាំងចាស់មកកាន់ទីតាំងថ្មី ដោយចំណាយប្រាក់សាងសង់ អស់ប្រមាណជាង ៧លាន៦សែន ដុល្លារអាមេរិក។
តែយ៉ាងនេះក្ដី គេមិនបានដឹងថាអាគារចាស់នៃក្រសួងប្រៃសណីយ៍ ត្រូវផ្ទេរ ជាអាគារអ្វីនោះទេ ។ ប៉ុន្តែតាមការអង្កេត អាគាររបស់រដ្ឋមួយចំនួនត្រូវបានដូរឬផ្លាស់ទីក្រោមរូបភាពនៃការរើទៅធ្វើការកន្លែងថ្មី ដោយមានការសង្ស័យថាអាគារចាស់ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនក្នុងតម្លៃមួយដែលគេថាមិនមានតម្លាភាពទោះជា លក់បានក្នុងតម្លៃរាប់លានដុល្លារក៏ដោយ ៕