ហៃទី៖ ជនជាតិហៃទីដែលមានជីវភាពក្រីក្របំផុតមិនអាចមានប្រាក់គ្រប់គ្រាន់ ដើម្បីទិញបាយមួយចានផង ហើយអ្នកខ្លះទៀតញុំាតិចដើម្បីគ្រាន់តែចំអែតក្រពះ ដោយសារតែតម្លៃម្ហូបអាហារឡើងថ្លៃពេក។
ដោយសារតែភាពអត់ឃ្លានស្ត្រីហៃទីវ័យ ១៦ ឆ្នាំ អ្នកស្រី ឆាលីន(Charlene) ដែលមានកូនប្រុសអាយុ១ ខួបម្នាក់ ចាប់ផ្តើមបរិភោគនំដែលធ្វើពីដីលឿងក្រៀម ដែលយកមកពីតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេស។
អស់ពេលជាយូរមកហើយ ដែលស្រ្តីមានផ្ទៃពោះនិងកុមារនៅតំបន់ទីទ័លក្រនេះយល់ថានំភក់ ជាឳសថចាំបាច់ជួយបំបាត់ភាពស្រេកឃ្លាន និងជាប្រភពកាល់ស្យូម(Calcuim)។ ជាក់ស្តែង នំដែលធ្វើពីដីលាយផ្សំជាមួយអំបិលនិងចំណិតបន្លែប្រែក្លាយជាអាហារប្រចាំថ្ងៃ សម្រាប់គ្រួសារអ្នកស្រី ឆាលីន ដែលមានសមាជិក៨នាក់ទៀតរស់នៅក្នុងផ្ទះតូចដែលមានបន្ទប់ពីរនៅតំបន់អាណាធិបតេយ្យនៃក្រុងស៊ីធី សូឡីល៍(Cite Soleil)។
ទន្ទឹមគ្នានេះដែរ ស្រ្តីហៃទីវ័យ១៦ឆ្នាំមានកូនប្រុសឈ្មោះ វ៉ូដសុន(Woodson) កំពុងតែដេកលើភ្លៅ មើលទៅហាក់ដូចជាស្គមជាងទម្ងន់នៅពេលទើបនឹងកើត២.៨គីឡូក្រាម បាននិយាយប្រាប់ថា៖ «ពេលម្តាយខ្ញុំអត់មានអ្វីចំអិនឲ្យខ្ញុំញុំា ខ្ញុំត្រូវតែញុំានំនេះ៣ដងក្នុងមួយថ្ងៃ»។
ស្រ្តីហៃទីវ័យ ៤០ ឆ្នាំមួយរូបទៀតឈ្មោះម៉ារី ណូអិល(Marie Noel) ដែលលក់នំនេះនៅផ្សារដើម្បីចិញ្ចឹមកូន៧នាក់នៅក្នុងបន្ទុក ក៏បានឲ្យដឹងផងដែរថា៖ «ខ្ញុំដឹងថានំនេះមិនល្អឡើយសម្រាប់ខ្ញុំ ខ្ញុំសង្ឃឹមថាថ្ងៃមួយខ្ញុំនឹងមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ដូច្នេះខ្ញុំអាចឈប់បរិភោគនំទាំងនេះហើយ»។
បើតាមសារព័ត៌មានដឹហ្គោឌៀន(Theguardian)បានឲ្យដឹងថា វត្តមានសិស្សនៅតាមសាលានៅទូទាំងប្រទេសហៃទីបានធ្លាក់ចុះ ហើយគ្រូបង្រៀនពេលខ្លះក៏ឃ្លានខ្លាំងណាស់ដែរដល់ថ្នាក់មិនអាចផ្តោតអារម្ភណ៍បង្រៀនបាន។ គ្រូម្នាក់ដែលមកពីទីក្រុង ផត អូ ព្រីន(Port Au Prince) លោក ស្មឺនុហ្វ យូជីន (Smirnoff Eugene) បានប្រាប់ឲ្យដឹងថា ដោយសារតែភាពស្រេកឃ្លានពេកទើបលោកព្យាយាមដាស់សិស្សរបស់លោកឲ្យភ្ញាក់ដោយប្រឹងនិយាយរឿងកំប្លែង ឲ្យសិស្សផ្តោតអារម្មណ៍ក្នុងការសិក្សា។
ក្រឡេកមើលលើតម្លៃម្ហូបអាហារនៅលើពិភពលោកវិញ ដោយសារតែតម្លៃប្រេងកើនឡើងក៏ជំរុញឲ្យតម្លៃម្ហូបអាហារលើពិភពលោកមានសន្ទុះឡើងថ្លៃខ្លាំង បណ្តាលឲ្យតម្លៃទំនិញបន្ទាប់បន្សំដូចជាពោត ស្រូវសាឡីរួមទាំងតំរូវការលើឥន្ធនៈលើពិភពលោកកើនឡើងជាបន្តបន្ទាប់រហូតធ្វើឲ្យមានសម្ពាធដល់តម្លៃរម្ហូបអាហារ។
ចំណែកនៅឯទីផ្សារក្នុងតំបន់អាណាធិបតេយ្យ ឡាសាលីន (La Saline) វិញ អង្ករ២កំប៉ុងលក់ក្នុងតម្លៃ០.៦ដុល្លា កើនឡើង ០.១ ដុល្លា ចាប់ពីខែធ្នូ ពោលគឺកើនឡើង៥០ភាគរយបើប្រៀបនឹងឆ្នាំកន្លងទៅ។ រីឯសណ្តែក ទឹកដោះគោខាប់ រួមទាំងផ្លែឈើបានឡើងថ្លៃក្នុងភាគរយ ប្រហាក់ប្រហែលគ្នា ហើយសូម្បីថ្លៃនៃដីឥដ្ឋដែលអាចបរិភោគបានក៏ឡើងថ្លៃពីឆ្នាំមុនដែរ ដោយកើនឡើងជិតស្មើរនឹង១.៥ដុល្លា។
ដោយសារតម្លៃទំនិញជាសកលឡើងថ្លៃ បូករួមទាំងបញ្ហាមួយចំនួនដូចជាបញ្ហាទឹកជំនន់និងការខូចខាតដំណាំដែលមានពីឆ្នាំ២០០៧ មក ពីព្រោះតែខ្យល់ព្យុះ ភ្លាមៗនោះភ្នាក់ងារផ្នែកស្បៀងអាហារ និង កសិកម្ម របស់អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍បន្ទាន់នៅក្នុងប្រទេសហៃទីនិងបណ្តាប្រទេសដែលនៅ ខារីបៀន (Caribbean Countries)។ មេដឹកនាំរបស់បណ្តាប្រទេសទាំងនោះបានរៀបចំកិច្ចប្រជុំកំពូលបន្ទាន់នៅក្នុងខែធ្នូដើម្បីពិភាក្សាលើការកាត់បន្ថយពន្ធលើចំណីអាហារនិងបង្កើតចំការក្នុងតំបន់ឲ្យបានច្រើនដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
បើនិយាយពីអ្នកធ្វើនំវិញ ពួកគាត់ដឹកជញ្ជូនដីពីទីប្រជុំជននៃសង្កាត់ អ៊ីនឆ្សេ (Hinche) ទៅកាន់ផ្សារ ឡាសាលីន(La Saline) នៅក្នុងផ្សារដែលមានតុរាយប៉ាយហើយនៅលើតុមានបន្លែនិងសាច់យ៉ាងច្រើនដែលហ៊ុំជិតដោយសត្វរុយ។ ស្ត្រីជាច្រើនទិញដីបន្ទាប់មកច្នៃឲ្យទៅជានំដូចជានៅតំបន់ ហ្វត ឌីម៉ង់(Fort Dimanche) នៅក្បែរនឹងទីប្រជុំជនអាណាធិបតេយ្យ។
កំពុងយួរធុងដែលមានដីនិងទឹកឡើងជណ្តើរទៅលើដំបូលអគារមួយដែលពីមុនគេឲ្យ ឈ្មោះថាជាពន្ធនាគា អ្នកធ្វើនំ រើសគ្រួសចេញពីដីហើយក៏កូរច្របល់បន្លែនិងអំបិលបន្ទាប់មករោយគ្រឿងផ្សំចូលគ្នា ហើយហាលនំទាំងនោះក្រោមកំដៅថ្ងៃក្តៅ។នៅពេលនំស្ងួតហើយគេក៏យួរធុងនំទាំងនោះទៅលក់នៅផ្សារឬនៅតាមផ្លូវ។
បើតាមសាស្ត្រាចារ្យផ្នែកសុំាវិទ្យាដែលសិក្សាអំពីភាពសុំានឹងរោគនៃសាកលវិទ្យាល័យ ខូឡូរ៉ាដូស្តេត(Colorado State University) លោក ជឺរល់ អ៊ិន ខាលាហាន(Gerald N. Callahan) បានបញ្ជាក់ឲ្យដឹងផងដែរថា តាមការវាយតម្លៃនៃផលប៉ះពាល់ផ្នែកសុខភាពគឺមានភាពលាយឡំគ្នា។ ដីអាចមានវីរុសបរាស៊ីតរឺវីរុសតុកសីនដែលអាចបង្កឲ្យស្លាប់បាន តែក៏អាចធ្វើឲ្យរឹងមាំនូវភាពសុំានឹងមេរោគទៅនឹងជម្ងឺមួយចំនួននៃគត៌នៅក្នុងស្បួនដែរ»៕
ប្រភព៖ Associate Press
[wpb-yt video=”s3337cj4sJQ”]