en     km
en     km

ក្រសួងសុខាភិបាល​ទទូច​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​ការ​ផលិត​ស្រា​ ស បង្ក​ឱ្យ​អ្នក​ទទួលទាន​ស្លាប់​?

Share

​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អំពាវនាវ​ឱ្យ​ក្រសួង​ ដែល​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ផលិត​ស្រា​ ស​ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់​មុន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​បើក​អាជីវកម្ម​ផលិត​ស្រា​។​

លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធានាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាល​ការ​លើក​ឡើង​របស់​លោក​ លី​ សុវណ្ណ​ ធ្វើ​ឡើង​នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌​មាននៅ​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ធ្នូ​ ឆ្នាំ​២០១៦​នេះ​ បន្ទាប់​ពី​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ដោយសារ​ពួក​គេ​ទទួលទាន​ស្រា​ ស​។​ ការ​អំពាវនាវ​របស់​អ្នកនាំពាក្យ​និង​ជា​ប្រ​ធា​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​លោក​វេជ្ជបណ្ឌិត​ លី​ សុវណ្ណ​ បន្ទាប់​ពី​មាន​ករណី​ពុល​ស្រា​នៅ​ខេត្ត​កំពង់​ឆ្នាំ​កាលពី​ស​ប្ដា​ហ៍​មុន​ដោយ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ ១៥​នាក់​ និង​ជាង​ ៧០​នាក់​ផ្សេង​ទៀត​ ឈឺ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។​ លោក​វេជ្ជបណ្ឌិត​ លី​ សុវណ្ណ​ បន្ត​ថា​ បើសិន​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ទេ​នោះ​គឺ​បញ្ហា​ពុល​ស្រា​នេះ​នឹង​កើតឡើង​ដដែលៗ​ ដែល​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ឈឺ​និង​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​។​

​ទន្ទឹម​នឹង​នេះ​ដែរ​លោក​ថា​ ម្ចាស់​អាជីវកម្ម​វិញ​គួរតែ​គិត​ពី​សីលធម៌​ និង​អាយុជីវិត​អ្នក​ដទៃ​ កុំ​គិតតែ​ពី​ការ​ចំណេញ​ជាង​ការ​ផ្ទុះ​បញ្ហា​ធំ​។​ ចំណែក​ប្រជាពលរដ្ឋ​គួរតែ​ថែ​សុខភាព​ខ្លួនឯង​ផង​ដែរ​ គឺ​កុំ​ទិញ​របស់​ដែល​ថោក​ ឬ​ហួស​កាលកំណត់​និង​គ្មាន​ផ្លា​ក​សញ្ញា​ត្រឹមត្រូវ​។​ ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ​ លោក​ថា​នឹង​បន្ត​សហការ​ឱ្យ​ខ្លាំង​ជា​មុន​ ជាមួយ​ស្ថាប័ន​ព័ន្ធ​ពាក់​ផ្សេង​ទៀត​ គឺ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ក្រសួងក សិកម្ម​ ក្រសួងទេសចរណ៍​ ក្រសួងពាណិជ្ជកម្ម​ និង​ក្រសួង​ឧស្សាហកម្ម​ដើម្បី​ត្រួតពិនិត្យ​អាជ្ញាប័ណ្ណ​ហាង​ផលិត​ស្រា​។​ លោក​ពន្យល់​ ថា​ ស្រា​ ស​ ដែល​មាន​ជាតិ​មេតា​ណុ​ល​លើស​ពី​ ០.១៥%​ អាច​ធ្វើ​ឲ្យ​អ្នក​ផឹក​គ្រោះថ្នាក់​ដល់​ជីវិត​។​ ចំពោះ​ករណី​ស្រា​ ស​ ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ពុល​នៅ​ ឃុំ​ក្ដុល​សែន​ជ័យ​ ខេត្តកំពង់ឆ្នាំង​កាលពី​ថ្មីៗ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ មាន​ជាតិ​មេតា​ណុ​ល​លើស​ពី​០.១៥%​។​

​តាម​លទ្ធផល​វិភាគ​សំណាក​ស្រា​ ស​ ចំនួន​ ៨​សំណាក​របស់​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​ក្នុង​ចំណោម​ទីតាំង​ផលិត​ស្រាស​ចំនួន​ ៨​ទីតាំង​ នៅ​ឃុំ​ក្តុល​សែន​ជ័យ​ មាន​បី​ទីតាំង​រក​ឃើញ​ជាតិ​មេតា​ណុ​ល​មាន​កម្រិត​ខ្ពស់​។​ ​ទីតាំង​ទី​មួយ​មាន​កម្រិត​ ០,២០%​ ទីតាំង​ទី​ពីរ​ មាន​កម្រិត​ ១.៤៣%​ និង​ទីតាំង​ទី​បី​មាន​កម្រិត​ដល់​១.៤៧%​ ។​

រូបភាពពលរដ្ឋឃុំក្ដុលសែនជ័យ ខេត្តកំពង់ឆ្នាំង ពុលស្រា ស ​លទ្ធផល​ពិសោធន៍​ បានឱ្យ​ដឹង​បន្ត​ថា​ ករណី​ស្លាប់​ដោយសារ​ការ​ពុល​ស្រា​ជា​បន្តបន្ទាប់​នេះ​បាន​កើត ឡើង​តាំងពី​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​ នេះ​មិនមែន​ជា​លើក​ទី​១​ ដែល​ករណី​ពុល​ស្រា​កើត​មាន​ឡើង​ គឺ​កន្លង​មក​ការ​ពុល​ស្រា​នេះ​ធ្លាប់​បាន​កើតឡើង​នៅ​ខេត្ត​ ក្រចេះ​ ខេត្តឧត្ដរមានជ័យ​ និង​ខេត្ត​ផ្សេង​ទៀត​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​។​

​លោក​ លី​ សុវណ្ណ​ បន្ថែម​ថា​ ភាគច្រើន​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​ គឺ​ប្រជាជន​ដែល​រស់នៅ​ចុងកាត់ មាត់ញក​ព្រោះ​ពួក​គាត់​មិនសូវ​ទទួល​បាន​ព័ត៌មាន​ច្រើន​។​ បើ​តាម​លោក​លី​ សុវណ្ណ​ មេតា​ណុ​ល​គឺជា​សារធាតុពុល​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ហើយ​អាច​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​។​ នៅ​ពេល​ទទួលទាន​ជាតិ​មេតា​ណុ​ល​ ធ្វើ​ឱ្យ​ថប់ដង្ហើម​ ណែន​ទ្រូង​ ស្រវាំងភ្នែក​ ឈឺពោះ​ ឈឺក្បាល​ និង​ឈឺទ្រូង​ជាដើម​។​ សូម​ជម្រាប​ថា​ ករណី​ពុល​ស្រា​នៅ​ឃុំ​ក្តុល​សែន​ជ័យ​ កាលពី​ពេល​ថ្មីៗ​នេះ​ ម្ចាស់​សិប្បកម្ម​ផលិត​ស្រាស​ ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​១២​ ធ្នូ​។

​តាម​ក្រម​ព្រហ្មទណ្ឌ​ មាត្រា​២២៥​ បាន​ចែង​ថា​  អំពើ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ផឹក​ លេប​ ឬ​បញ្ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​តាម​មធ្យោបាយ​ណា​ក៏​ដោយ​ ដោយ​ចេតនា​នូវ​សារ​ជាតិពុល​ដែល​បណ្ដាល​ឲ្យ​ខូចសុខភាព​ ត្រូវ​ចាត់ទុកជា​អំពើ​ហិង្សា​ដោយ​ចេតនា​។​ ​ចំណែក​មាត្រា​២២៤​ នៃ​ក្រម​ដដែល​នេះ​ចែង​ថា​ អំពើ​ហិង្សា​ដោយ​ចេតនា​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ឆ្នាំទៅ​ ១៥​ឆ្នាំ​ បើ​អំពើ​នេះ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ដោយ​គ្មាន​ចេតនា​សម្លាប់​៕

Share

Image
Image
Image