ភ្នំពេញ៖ ក្រសួងកិច្ចការនារីសហការជាមួយ UN women រៀបចំកិច្ចប្រជុំលើកទី១៥ នៃក្រុមការងារទប់ស្កាត់អំពើហិង្សាទាក់ទងនឹង យេនឌ័រ លើប្រធានបទស្ដីពីស្ថានភាពនៃការអនុវត្ដផែនការសកម្មភាពជាតិ ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ដ្រីដោយផ្ដោតលើយុទ្ធសាស្ដ្រការការពារផ្នែកច្បាប់នឹងសេវាកម្មពហុវិស័យ។
កិច្ចពិភាក្សាដែលរៀបចំឡើងដោយក្រសួងកិច្ចការនារីធ្វើឡើងនៅថ្ងៃពុធទី១៤ធ្នូនេះ នៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ដែលមានសមាសភាពអ្នកចូលរួមមកពីក្រសួងកិច្ចការនារី ក្រសួងអប់រំ ក្រសួងរវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អង្គការ UN women អង្គការ GIZ និងអង្គការ Unicef។ក្នុងកិច្ចប្រជុំនេះក្រសួងកិច្ចការនារីក៏បានដាក់បង្ហាញនូវយុទ្ធសាស្ដ្រទប់ស្កាត់បឋម និងទប់ស្កាត់កម្រិតទីពីរដើម្បីលុបបំបាត់អំពើហិង្សាលើស្ដ្រី និងក្មេងស្រីនៅកម្ពុជា។ យុទ្ធសាស្ដ្រនេះ ផ្អែកតាមលទ្ធផលការវាយតម្លៃរហ័សរបស់ UN women លើសមត្ថភាពស្ថាប័នពាក់ព័ន្ធនានា ក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ដ្រី និងក្មេងស្រីដែលអនុវត្តតាមបទបង្ហាញរបស់ទីប្រឹក្សាអន្ដរជាតិ Angela Ison កាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៥ និងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៦។ផែនការយុទ្ធសាស្ដ្រដែលត្រូវបានធ្វើបទបង្ហាញនេះគឺមានគោលបំណងធ្វើយ៉ាងណាកាត់បន្ថយករណីអំពើហិង្សាលើស្ដ្រី និងក្មេងស្រីដោយផ្ដោតការយកចិត្ដទុកដាក់លើតួអង្គ និងបរិបទសំខាន់ៗសំដៅឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន។ យុទ្ធសាស្ដ្រនេះក៏ផ្ដោតការយកចិត្ដទុកដាក់ផងដែរទៅលើការង្កើនសមធម៌យេនឌ័រ ក្នុងការអនុវត្ដផ្នត់គំនិត និងបរិយាកាសសង្គមនៅតាមសហគមន៍ និងកន្លែងធ្វើការ ជាពិសេសក្នុងចំណោមបុរសនិងក្មេងប្រុស។
ជាងនេះតាមរយៈបទបង្ហាញក៏សង្កត់ធ្ងន់ផងដែរថា យុទ្ធសាស្ដ្រនេះក៏លើកម្ពស់សុវត្ថិភាព និងទាមទារឲ្យមានបរិយាកាសគ្មានការបៀតបៀននៅតាមកន្លែងធ្វើការ និងសហគមន៍ គឺធ្វើយ៉ាងណាកាត់បន្ថយឲ្យបាននូវការប្រើប្រាស់ផ្នត់គំនិតយេឌ័រ តាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការចូលរួមពីបុរស និងក្មេងប្រុសដើម្បីលុបបំបាត់អាកប្បកិរិយាបទដ្ឋាន និងការអនុវត្ដ ដែលនាំឲ្យបុរសត្រួតត្រា និងប្រើអំណាចលើស្ដ្រី។ បន្ថែមពីនេះគឺជំរុញផងដែរឲ្យក្រុមបុរសកុំទទួលយកការប្រើហិង្សាលើស្ដ្រី និងក្មេងស្រី ហើយកុំចាត់ទុកអំពើហិង្សាលើស្ដ្រីថា ជារឿងធម្មតាបន្ដទៀត៕