en     km
en     km

លោក​ ផៃ​ ស៊ីផាន​ ថា​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​យល់​ខុស​ចំពោះ​ការ​​ប្រើ​ពាក្យ​​ «​មី​ស្រី​» ​របស់​លោក​ ហ៊ុន ​សែន​

Share

ភ្នំពេញ​៖ ​លោក​ ផៃ ​ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ថា​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​យល់​ខុស​ចំពោះ​ការ​ប្រើ​ពាក្យ​ «​មី​​ស្រី​» ​របស់​លោក​ ហ៊ុន​ សែន​ ​ក្នុង​ពិធី​សម្ភោធ​ស្ពាន​ទន្លេ​បា​សាក់​ នៅ​ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី​ ០​៣ ​ខែ​សីហា​ ឆ្នាំ ​២០១៥ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

​បន្ទាប់​ពី​លោក​ ហ៊ុន​ សែន ​បាន​ប្រើ​ប្រាស់​ពាក្យ​ «​មី​ស្រី​»​ ពាក្យ​ «​ញី​»​ ក្នុង​ពិធី​សម្ភោធ​ «​ស្ពាន​ទន្លេ​បាសាក់​» ​រួច​មក​ អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​ប្រមាណ​ជាង​ ៥០​ ស្ថាប័ន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ភ្លាម​ៗ​ថា​ ការ​ប្រើ​ប្រាស់​ពាក្យ​ «​មី​ស្រី​» ​ពាក្យ​ «​ញី​»​ បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​កិត្តិយស​ សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​ស្ត្រី ​និង​សង្គម​ជាតិ​ទាំង​មូល​។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី

លោក​ស្រី ​រស់ ​សុភាព​ នា​យិកា​អង្គការ​យេន​ឌ័រ​និង​អភិវឌ្ឍន៍​កម្ពុជា​ បាន​លើក​ឡើង​ថា​៖ ​«​​សម្តេច​ជា​ថ្នាក់​ដឹក​នាំ​កំ​ពូល​របស់​ប្រទេស​ពុំ​គួរ​មាន​ប្រ​សាសន៍​ ឬ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ពុំ​គប្បី​បែប​នេះ​ឡើយ​នៅ​ក្នុង​ទី​សាធារ​ណៈ​។ ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ពុំ​សម​រម្យ​លើ​ស្តី្រ​អាច​បណ្តាល​ឱ្យ​ស្ត្រី​ទាំង​អស់​មិន​ពេញ​ចិត្ត​ បាត់​បង់​ទំនុក​ចិត្ត​ចំពោះ​ថ្នាក់​ដឹក​នាំ ​​ព្រម​ទាំង​គិត​ថា​តម្លៃ​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​មិន​បាន​ការ​ពារ​ពិត​ប្រាកដ​នោះ​ទេ​…​។​ ទោះ​បី​មាន​កំហឹង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ​ក៏​មិន​ត្រូវ​ប្រើ​កំហឹង​មក​ជះ​បែប​នេះ​ ចេញ​ជា​សាធារ​ណៈ​ឡើយ​ ព្រោះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សង្គម​»​។​

ដូច​គ្នា​​នេះ​ដែរ ​នា​យិកាមណ្ឌល​ព័ត៌​មាន​ស្រ្តី​កម្ពុជា​ លោក​ស្រី ​ជា ​ស៊ុន​ដា​ណែត ​បាន​មាន​ប្រសាសន៍​ថា ​ការ​ប្រើ​ប្រាស់​ពាក្យ​ «​​មី​»​ ​នៅ​ក្នុង​ទី​សាធារណៈ​​វា​មិន​មែន​ជា​រឿ​ងសម​រម្យ​ទេ ​ចំពោះ​សម្តេច​ដែល​ជា​ប្រមុខ​ដឹក​នាំ​ប្រទេស​ ពី​ព្រោះ​ការ​ប្រើ​ពាក្យ​ ​«​មី​»​ ឬ​​ ​«​មី​ស្រី​» ​នេះ​ ជា​ការ​មិន​ផ្ដល់​តម្លៃ​ដល់​ស្ត្រី​​ភេទ​។ ​ក៏ប៉ុន្តែ​លោក​ស្រី​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ ប្រសិន​បើ​ប្រមុខ​ថ្នាក់​ដឹក​នាំ​ប្រើ​ពាក្យ​ហ្នឹង​នៅ​ក្នុង​ក្រុម​គ្រួសារ​ ឬ​ជា​លក្ខណៈ​ឯក​ជន​ វា​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​នោះ​ទេ​ ព្រោះ​ថា​គ្រួសារ​ខ្មែរ​​នៅ​តាម​តំបន់​មួយ​ចំនួនដូចជា​ក្នុង​ខេត្ត​កំពង់​ចាម​ជា​​ដើម​​ក៏​មាន​ទម្លាប់​ហៅ​គ្នា​ថា​ «​មី​» ​ឬ ​«​ហង​»​ ​ផង​ដែរ​។​​

Director
លោក​ស្រី ​ជា ​ស៊ុន​ដា​ណែត នា​យិកា​​​មណ្ឌល​ព័ត៌​មាន​ស្រ្តី​កម្ពុជា​

លោក​ ឆាយ​ គីម​ស័រ ​តំណាង​បណ្តាញ​បុរស​កម្ពុជា​ក៏​បាន​ប្រាប់​មណ្ឌល​ព័ត៌​មាន​ស្ត្រី​ដែរ​​ថា​ បណ្តាញ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​បាន​ចាត់​ទុក​ពាក្យ​សម្តី​ទាំង​នេះ ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិ​យស​ សេចក្តី​ថ្លៃ​ថ្នូរ​របស់​ស្រ្តី​ នៅ​ក្នុងសង្គម​ជាតិ​ទាំង​មូល​ វា​ជា​ឧប​សគ្គ​រារាំង​ដល់​ការ​ចូល​រួម​របស់​ស្រ្តី​ក្នុង​វិស័យ​នា​នា​ ហើយ​ប្រការ​នេះ​ក៏​នឹង​អាច​ជះ​ឥទ្ធិ​ពល​ជា​គំរូ​មិន​ល្អ​ទៅ​ដល់​មន្រ្តី​ក្រោម​ឱវាទ​ដទៃ​ទៀត​ និង​មនុស្ស​ជំនាន់​ក្រោយ​ ដែល​អាច​នឹង​យក​តម្រាប់​តាម​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​តំណាង​បណ្តា​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​ លោក​ ផៃ​ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​បញ្ជាក់​ប្រាប់​​ថា​៖​ «​ខ្ញុំ​ជឿ​ថា​​ប្រតិ​កម្ម​នេះ ​ហួសពីដែន​កំណត់​ ​ហើយ​បើ​ស្ត្រី​ទាំង​អស់​នោះ​ចង់​ដាក់​ខ្លួន​ឱ្យ​ទាប​ស្មើ​នឹង​ស្ត្រី​​ដែល​បង្ករ​ហិង្សា​នៅ​ទីលាន​សា​ធារ​ណៈ​ ដែល​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​នោះ​ ទទួល​យក​ចុះ​ក្នុង​ការ​និយាយ​នេះ​ ព្រោះ​សម្តេច​លោក​និយាយ​គឺ​តែ​បុគ្គល​ទេ​ ​មិន​មែន​ស្ត្រី​ទាំង​អស់​នោះ​ទេ​»​។​ ការ​លើក​ស្ទួយ​​នារី​ភេទ​ សម្តេច​ជា​អ្នក​ដឹក​នាំ​មុខ​គេ​… ​ការ​លើក​ឡើង​របស់​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​នៅ​ពេល​នេះ​គ្រាន់​តែ​ដើ​ម្បី​ប្រឆាំង​នឹង​រាជ​រដ្ឋា​ភិបាល​ និង​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ​។ ​

លើស​​ពី​​នេះ​​ទៀ​ត​ លោក​​បាន​​សង្កត់​​ធ្ងន់​ទៀត​​ថា​ ​អង្គ​ការ​​មិន​​មែន​​រដ្ឋា​​ភិបាល​​ទាំង​​នោះ​​ គួរ​តែ​​ពិចារ​​ណា​​ពាក្យ​​ «​​​ស្រី​​»​​ ហើយ​​ពាក្យ​​ «​​មី​​» ​​ប្រើ​​ប្រាស់​​ជា​​ពាក្យ​​ស្នឹទ្ធ​​ស្នាល​​ទូ​​ទៅ​​នៅ​​​តាម​​ជន​​បទ​​… ​ប្រើ​​សម្រាប់​​សម្គាល់​​​នារី​​មាន​​ភាព​​វ័យ​​ក្មេង​​ ប្រហែល​​ជា​​អង្គ​​ការ​​មិន​​មែន​​រដ្ឋា​​​ភិបាល​​នោះ​​ ទើប​​នឹង​​​មក​​ពី​​បរ​​ទេស​​មិន​​ទាន់​​យល់​​ច្បាស់​​ពី​​សង្គម​​ខ្មែរ​​ ហើយ​​ទាំង​​នេះ​​ជា​​វប្ប​​ធម៌​​នៅ​​ក្នុង​​សង្គម​​ខ្មែរ​​។​ ​

គួរ​​រម្លឹក​ផង​ដែរ​ថា ​ក្នុង​ពិ​ធី​សម្ភោធ ​​«​ស្ពាន​ទន្លេ​បា​សាក់​»​ នៅ​ខេត្ត​កណ្តាល​ ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​លោក​ ហ៊ុន ​សែន​ ​បាន​លើក​ឡើង​ថា​៖​ «​នៅ​ក្នុង​ចំណោម​អ្នក​ដែល​វ៉ៃ​ដ៏​សា​ហាវ​នឹង​មាន​ស្រី​ម្នាក់​ ទាត់​ឈូស​ដូច​ពួក​កីឡា​កាស​អញ្ចឹង​ តាម​ចាប់​មី​ស្រី​ហ្នឹង​មួយ​ឲ្យ​បាន​មើល៍​ !​ អា​ហ្នឹង​គេ​មិន​មែន​ហៅ​នារី​ទេ​ណា​ នេះ​គេ​ហៅ​ មី​ស្រី​ ឬគេ​ហៅ​ញី​។ ​លេង​វ៉ៃ ​សុទ្ធ​តែ​ធាក់​សុទ្ធ​តែ​ ​វា​ហួសហេតុ​ពេក​។​ មិន​មែន​ជា​ការ​រំលោភ​លើ​សិទ្ធ​ស្ត្រី​ទេ​ណា​ ប៉ុន្តែ​វា​អាក្រក់​ហួស​ អញ្ចឹង​លោក​ប៉ូលិស​នៅ​តែ​បន្ត​ការ​ងារ​»​៕​​

Share

Image
Image
Image