ប្រធានាធិបតីហ្វីលីពីនរ៉ូឌ្រីហ្គោ ឌូតឺតេ នឹងអញ្ជើញចូលគាល់ និងពិភាក្សាជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីនៅម៉ោង១០និង៣០នាទីព្រឹកនេះ។
តាមតារាងកាលវិភាគ លោកប្រធានាធិបតីនឹងចូលជួបសំណេះសំណាលពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពនៅពេលរសៀលថ្ងៃនេះ។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ មុនលោកត្រឡប់ទៅប្រទេសលោកវិញ។
លោកប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូនឹងត្រឡប់ចាកចេញពីប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី។
សូមជំរាបថា លោក រ៉ូឌ្រីកូ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន និងកំពូលអ្នកប្រដាល់ ប៉ាគីអាវ បានមកដល់កម្ពុជានៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ។កាលពីយប់មិញនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរបស់លោក ជាច្រើនរយមកធ្វើការនៅកម្ពុជា ។ ពិធិនេះធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញទីដែលលោកប្រធានាធិបតីស្នាក់នៅ។
សូមរម្លឹកថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនដែលអមដំណើរដោយកីឡាប្រដាល់ លំដាប់ពិភពលោក ប៉ាគីអៅ មកកាន់កម្ពុជា នៅពេលនេះ ធ្វើឡើងតាមការអញ្ជើញពី ព្រះមហាក្សត្រកម្ពុជា។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានដាក់រហស្សនាមថា ជាបុរសខ្លាំងដែលបានបោសសំអាតពួករត់ពន្ធគ្រឿងញៀនជាង៤០០០នាក់ ចាប់តាំងពីលោកចូលកាន់តំណែង នៅថ្ងៃទអី៣០មិថុនា ២០១៦។ ករណីនេះ លោកក៏ប្រឈមមុខនឹងការធ្វើរដ្ឋប្រហារជាច្រើនលើកមកហើយ ៕