ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការអបអរសាទរ ខណៈដែលកម្ពុជាត្រូវបានជ្រើសរើសជាឯកច្ឆ័ន្ទឱ្យធ្វើជាប្រធានគណៈកម្មាធិការនៃអនុសញ្ញាទីក្រុងឡាអេ១៩៥៤ របស់អង្គការយូណេស្កូ ស្តីពីកិច្ចការពារវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ។
តាមលិខិតរបស់សម្ដេចចុះថ្ងៃទី១៣ ធ្នូ នេះ គឺប្រទេសកម្ពុជាបានជាប់តំណែងនេះ នៅក្នុងកិច្ចប្រជុំលើកទី១១ របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តិទៅនៅទៅស្នាក់ការកណ្តាលអង្គការយូណេសស្កូនាទីក្រុងបារីសកាលពីថ្ងៃទី ៨ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦។
សម្តេចបានឱ្យដឹងថា ការជ្រើសរើសជាប្រធាន គឺដោយសារការចូលរួមយ៉ាងសកម្មដ៏លេចធ្លោរបស់ព្រះ រាជណាចក្រកម្ពុជា ក្នុងការងារពង្រឹងការអនុវត្តអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ នាពេលកន្លងមក ជាពិសេសការយកចិត្តទុកដាក់ និងកិច្ចខំប្រឹងប្រែងរបស់គណៈកម្មាធិការយូណេសស្កូកម្ពុជា។ តាមលិខិត របស់សម្ដេចនាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជាធ្វើជាប្រធានសម្រាប់អាណត្តិ ឆ្នាំ២០១៦-២០១៧។
សម្តេចថ្លែងក្នុងលិខិតនេះបន្តថា ភាពជាប្រធានរបស់កម្ពុជាក្នុងគណៈកម្មាធិការនេះ គឺជាជោគជ័យថ្មីមួយទៀតនៃគោលនយោបាយអភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិដែលត្រូវបានលើកស្ទួយ និងអនុវត្តយ៉ាងសកម្មដោយរដ្ឋាភិបាលកម្ពុជា និងក៏បង្ហាយ៉ាងច្បាស់ផងដែរនូវតួនាទីកាន់ តែសំខាន់ និងឈានមុខរបស់ខ្លួននៅលើឆាកអន្តរជាតិជាពិសេសនៅក្នុងវិស័យបេតិកភណ្ឌ និងវប្បធម៌សម្រាប់មនុស្សជាតិ។ សម្តេចបានសរសរក្នុងទំព័រហ្វេសប៊ុកបន្ថែមថា «ថ្ងៃនេះខ្ញុំសូមផ្ញើសារជូនរួមជាតិដើម្បីទទួ លការរីក រាយទាំងអស់គ្នា។ នេះជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជាយើងលើឆាកអន្តរជាតិ។ សូមអរគុណបងប្អូនរួមជាតិដែលតែងផ្តល់ការគាំទ្រនូវនយោបាយក្នុងប្រទេសនិងក្រៅប្រទេសរបស់ខ្ញុំនិងរបស់រាជរដ្ឋាភិបាលទើបមានលទ្ធផលបែបនេះ»។
បើតាមសារលិខិតរបស់សម្តេច គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មានប្រទេសចំនួន១២៧ ជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥៤ ក្នុងនោះចន្លោះ ១០៤ប្រទេសជារដ្ឋភាគីនៃពិធីសារទី១ ឆ្នាំ១៩៥៤ ហើយ ៦៩ប្រទេសបានចូលជារដ្ឋភាគីនៃពិធីសារទី២៕