ភ្នំពេញ៖ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និងកីឡាប្រដាល់ល្បីឈ្មោះពេញពិភពលោក លោក ម៉ែននី ប៉ា គី អៅ នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១៣ ធ្នូ នេះ វេលាម៉ោង ៥៖៥០ នាទី រសៀល។
បន្ថែមពីនេះបើតាមការឲ្យដឹង ប្រធានាធិបតីហ្វីលីពីន នឹងចាកចេញពីប្រទេសកម្ពុជានៅវេលាម៉ោង ៩ នឹង ៣០នាទីយប់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីបន្ដដំណើឆ្ពោះទៅប្រទេសសិង្ហបុរីជាបន្ដទៀត។សូមជម្រាបថា លោក Rodrigo Duterte បានឡើងកាន់អំណាចជាប្រធានាធិបតីហ្វីលីពីនមិនទាន់បានមួយឆ្នាំនោះទេ តែលោកហាក់ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិជាច្រើន ពិសេសលើទំព័រ សារព័ត៌មានអន្តរជាតិធំៗមួយចំនួន។ អ្វីដែលធ្វើឲ្យលោក Duterte ទទួលបានការកត់សំគាល់នោះ គឺនយោបាយបោសសំអាតគ្រឿងញៀនរបស់លោក ដែលបានសម្លាប់អ្នកពាក់ព័ន្ធក្នុងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលរហូតមកទល់ពេលមានមនុស្សដែលត្រូវបានសម្លាប់គឺមានប្រមាណជា ៤ ពាន់នាក់។ យុទ្ធនាការបោសសំអាតគ្រឿងញៀនរបស់លោក Duterte កន្លងមកទទួលបានទាំងការរិះគន់ និងការកោតសរសើរផងដែរ។ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស និងសហរដ្ឋអាមេរិក បានថ្កោល ទោសយ៉ាងខ្លាំងទៅលើយុទ្ធនាការនេះ ដោយចោទថា សកម្មភាពសម្លាប់ រង្គាលលើអ្នកពាក់ព័ន្ធក្នុងគ្រឿងញៀននៅហ្វីលីពីន គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស៕