en     km
en     km

អ្នកវិភាគ​ ៖​ កម្ពុជា​គួរ​យក​គំ​រូ​តាម​មេដឹកនាំ​ហ្វី​លី​ន​ត្រង់​ចំនុច​ណា​កម្ពុជា​អាច​ធ្វើ​បាន​ ករណី​ចរាចរណ៍​គ្រឿងញៀន​(មានសំឡេង)

Share

ភ្នំពេញ ៖ ​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ នឹង​មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​រយៈពេល​ពី​ថ្ងៃ​នៅ​កម្ពុជា​តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា​។​ នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​មេ​ដឹក​ហ្វី​លី​ពី​នរូ​ប​នេះ​មក​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​កោតសរសើរ​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ Duterte​។​ តែ​យ៉ាងណា​សម្តេច​ថា​ កម្ពុជា​មិន​អាច​ធ្វើ​តាម​ហ្វី​លី​ពី​ន​ត្រង់​មានការ​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​នោះ​ទេ​ ព្រោះ​កម្ពុជា​មិន​មានច្បាប់​ចែង​ពី​ទោស​ប្រហារជីវិត​។​

យ៉ាងណា​អ្នកវិភាគ​ស្រប​តាម​យោបល់​របស់​សម្តេច​លើ​ចំណាត់ការ​មិន​ឱ្យ​មានការ​សម្លាប់​មនុស្ស​ តែ​ថា​កម្ពុជា​ត្រូវ​ពង្រឹង​វិធានការ​ឱ្យ​បាន​តឹង​រឹង​លើ​បញ្ហា​គ្រឿងញៀន​ដូច​ហ្វី​លី​ពី​ន​ ព្រោះ​ការ​ចរាចរ​គ្រឿង​នៅ​កម្ពុជា​ហាក់​មិន​ថមថយ​ឡើយ​។​

 

លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន។រូបភាពពីReuters
លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន។រូបភាពពីReuters
​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ នឹង​មក​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣​ និង​ទី​១៤​ ធ្នូ​នេះ​ គឺ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា​។​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ២​ថ្ងៃ​នៅ​កម្ពុជា​ លោក​ Duterte​ នឹង​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ​ នរោត្តម​ សីហ​មុនី​ ព្រមទាំង​នឹង​មាន​កិច្ច​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​ ហ៊ុន​ សែន​ ផង​ដែរ​។​

លោក​  Rodrigo​ Duterte​ ដែល​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វី​លី​ពី​ន​មិន​ទាន់​បាន​មួយ​ឆ្នាំ​ស្រួល​ បួល​ផង​ តែ​លោក​ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អន្តរជាតិ​ជា​ច្រើន​ ពិសេស​លើ​ទំព័រ​សារព័ត៌មាន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​។​

អ្វី​ដែល​លោក​ Duterte​ បាន​ធ្វើ​ឱ្យ​គេ​កត់សម្គាល់​នោះ​ គឺ​នយោបាយ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ ដែល​បាន​សម្លាប់​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ដែល​រហូត​មក​ទល់​ពេល​មាន​មនុស្ស​ដែល​ត្រូវ​បាន​សម្លាប់​គឺ​មាន​ប្រមាណ​ ៤​ ពាន់​នាក់​ហើយ​។​

យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ Duterte​ ទទួល​បាន​ទាំង​ការ​រិះគន់​ និង​ការ​កោតសរសើរ​ផង​ដែរ​។​ អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​សហរដ្ឋអាមេរិក​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​យុទ្ធនាការ​នេះ​ ដោយ​ចោទ​ថា​ សកម្មភាព​សម្លាប់​រង្គាល​លើ​អ្នក​ពាក់ព័ន្ធ​ក្នុង​គ្រឿងញៀន​នៅ​ហ្វី​លី​ពី​ន​ គឺ​បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​ ព្រោះ​ការ​សម្លាប់​មនុស្ស​ហាក់​ធ្វើ​ឆៅៗ​ខ្វះ​ការ​ស៊ើបអង្កេត​និង​មិន​គោរព​និយម​អន្តរជាតិ​។​

អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។
អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។
ដោយឡែក​ប្រទេស​មួយ​ចំនួន​ពិសេស​នៅ​តំបន់​អាស៊ី​ តួយ៉ាង​ មេដឹកនាំ​ឥណ្ឌូ​នេ​ស៊ី​ លោក​ វី​ដូ​ដូ​ បាន​សូម​ឱវាទ​និង​អនុសាសន៍​ពី​លោក​ Duterte​ ។​រីឯ​មេដឹកនាំ​កម្ពុជា​វិញ​ គឺ​សម្តេច​ ហ៊ុន​ សែន​ ធ្លាប់​បាន​កោតសរសើរ​លើ​វិធីសាស្ត្រ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ Duterte​ ថា​ល្អ​ តែ​សម្តេច​ ហ៊ុន​ សែន​ ថា​ ករណី​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ កម្ពុជា​គឺ​មិន​អាច​ធ្វើ​នោះ​ទេ​ ព្រោះ​កម្ពុជា​គ្មាន​ច្បាប់​ប្រហារជីវិត​។​

ជុំវិញ​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​របស់​មេដឹកនាំ​ថ្មី​ហ្វី​លី​ពី​ន​នេះ​ អ្នកវិភាគ​កម្ពុជា​ដែល​វិទ្យុ​ស្ត្រី​មតិ​យោ​លប់​បាន​លើក​ឡើង​ប្រហាក់ ប្រ ហែល​គ្នា​ថា​ យុទ្ធនាការ​បោសសំអាត​ដែល​នាំ​ឱ្យ​មានការ​សម្លាប់​រង្គាល​ឧក្រិដ្ឋជន​គ្រឿងញៀន​បែប​នេះ​ គឺ​សមរម្យ​តាម​ស្ថានភាព​ និង​ចរិត​អ្នក​ថ្នាក់​នាំ​ប្រទេស​ហ្វី​លី​ពី​ន​។​ តែ​អ្នកវិភាគរូបនេះ​សង្កាត់​ធ្ង​រថា​ កម្ពុជា​អាច​រៀនសូត្រ​តាម​គោលដៅ​បោសសំអាត​គ្រឿងញៀន​ តែ​មិន​ត្រូវ​យក​យុទ្ធសាស្ត្រ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ដូច​ហ្វី​លី​ពី​ន​នោះ​ទេ​ តែ​ត្រូវ​បង្កើន​ប្រសិទ្ធិ​ភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​ច្បាស់លាស់​ជាង​ពេល​បច្ចុប្បន្ន​នេះ​។​
​លោក​ ឯម​ សុវណ្ណ​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លើក​ឡើង​ថា​ យុទ្ធនាការ​បោស​សំ​អាច​ថ្នាំ​ញៀន​របស់​ប្រធានាធិបតី​ថ្មី​  លោក​ Duterte​ ថា​ ជា​យន្តការ​មួយ​ល្អ​ ខណៈ​សង្គម​ហ្វី​លី​ពី​ន​កំពុង​ជួប​វិ​បត្ត​ធ្ងន់ធ្ងរ​លើ​បញ្ហា​ថ្នាំ​ញៀន​នេះ​។​

ការ​លើក​ឡើង​របស់​លោក​ ឯម​ សុវណ្ណ​រ៉ា​ នេះ​ក៏​ស្រប​ពេល​ដែល​បណ្តាញសារព័ត៌មាន​Channel​ News​ Asia​ ធ្លាប់​បាន​ចុះ​ផ្សាយ​ថា​ ការ​ចរាចរណ៍​ថ្នាំ​ញៀន​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ មាន​ភាព​ងាយស្រួល​មែនទែន​ ពោល​ការ​លក់ដូរ​ថ្នាំ​ញៀន​ងាយស្រួល​ដូច​ទៅ​ទិញ​សាប៊ូ​នៅ​ផ្សារ​ដូច្នេះ​ដែរ​។​

ភស្តុតាងគ្រឿងញៀនដែលប៉ូលិសចាប់បានក្រោយបាញ់សម្លាប់ឧក្រិដ្ឋជនគ្រឿងញៀន។
ភស្តុតាងគ្រឿងញៀនដែលប៉ូលិសចាប់បានក្រោយបាញ់សម្លាប់ឧក្រិដ្ឋជនគ្រឿងញៀន។
​លោក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​បន្ថែម​ថា​ កម្ពុជា​គួរ​រៀនសូត្រ​តាម​ហ្វី​លី​ពី​ន​ ខ្លះៗ​ដែល​ ព្រោះ​មេដឹកនាំ​ថ្មី​លោក​ Duterte​ មាន​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ការ​បោសសំអាត​គ្រឿង​ចេញពី​ប្រទេស​។​តែ​ យ៉ាងណា​លោក​សាស្ត្រាចារ្យ​ថា​ កម្ពុជា​មិន​ត្រូវ​យក​វិធីសាស្ត្រ​សម្លាប់​មនុស្ស​ដូច​ហ្វី​លី​ពី​ន​នោះ​ទេ​ ព្រោះ​ការ​សម្លាប់​ មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ នឹង​មិន​គោរព​សិទ្ធិ​មនុស្ស​ និង​បទដ្ឋាន​អន្តរជាតិ​ឡើយ​។​ លោក​ ឯម​ សុវណ្ណ​រ៉ា​៖«​យន្តការ​ដែល​ហ្វី​លី​ពី​ន​គេ​ធ្វើ​ គេ​បាន​ជោគជ័យ​ ក៏​ប៉ុន្តែ​បញ្ហា​មួយ​ដែល​កម្ពុជា​មិន​គួរ​រៀនសូត្រ​ពី​ហ្វី​លី​ពី​ន​ និង​គួរ​ជៀស​វាស​ដាច់ខាត​នោះ​គឺ​ គេ​ហៅ​ថា​ការ​លាប​គ្នា​ក្នុង​ការ​កម្ចាត់​រឹសគល់​គូប​ដិ​បក្ស​ ហើយ​មិន​គោរព​សិទ្ធិ​មនុស្ស​ មិន​គោរព​តាម​គោលការណ៍​និយាម​របស់​សិទ្ធិ​មនុស្ស​នោះ​ទេ​»​។​

​មានការ​ស្រង់​មតិ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ប្រជាជន​ហ្វី​លី​ពី​ន​ជុំវិញ​យុទ្ធនាការ​កម្ចាត់​គ្រឿងញៀន​របស់​លោក​ប្រធានាធិបតី​ថ្មី​លោក​ Duterte​។​ ក្នុង​ចំណោម​ប្រជាជន​ដែល​ត្រូវ​បាន​សាកសួរ​ និង​ស្រង់​មតិ​នោះ​ មាន​ប្រជាជន​ ៩០%​ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​សំអាត​បញ្ហា​គ្រឿងញៀន​ចេញពី​ក្នុង​ប្រទេស​បែប​នេះ​។​ តែ​យ៉ាងណា​យុទ្ធនាការ​នេះ​ត្រូវ​បាន​ជំទាស់​ពី​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតី​មាំទាំ​ ថា​បាន​រំលោភ​លើក​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​ ចាន់​ វិបុល​ អ្នក​សិក្សា​ពី​អភិបាលកិច្ច​ និង​ប្រជាធិបតេយ្យ​ លើក​ឡើង​ថា​ ក្នុង​នាម​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ គោរព​សិទ្ធិ​មនុស្ស​ គឺ​មិន​ត្រូវ​សម្លាប់​មនុស្ស​ក្រោយ​ហេតុផល​កម្ចាត់​គ្រឿងញៀន​ដូច​ហ្វី​លី​ពី​ន​នោះ​ទេ​។​ យ៉ាងណា​លោក​ ចាន់​ វិបុល​ ក៏​ទទួលស្គាល់​ពី​បំណង​និង​គោលដៅ​របស់​លោក​ Duterte​ ដែល​ចង់​បោសសំអាត​គ្រឿងញៀន​ចេញពី​ប្រទេស​ឱ្យ​អស់​ ក្នុង​ស្ថានភាព​ប្រទេស​ដែល​កំពុង​មាន​បញ្ហា​ស្មុ​ក​ស្មាញ​រឿង​គ្រឿងញៀន​នេះ​។​

លោក ចាន់ វិបុល
លោក ចាន់ វិបុល
សម្រាប់​បរិបទ​កម្ពុជា​វិញ​ លោក​ ចាន់​ វិបុល​ លើក​ឡើង​ថា​ ថ្នាក់ដឹកនាំ​មិន​គួរ​យក​វិធីសាស្ត្រ​សម្លាប់​មនុស្ស​មក​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ដូច​ហ្វី​លី​ពី​ន​នោះ​ទេ​ ព្រោះ​អាច​នឹង​មានការ​ជំទាស់​ប្រតិកម្ម​ពី​សំណាក់​មហាជន​ ដែល​អាច​ឈាន​ដល់​ការ​ធ្វើរ​បដិវត្ត​ទម្លាក់​មេដឹកនាំ​។​ លោក​បន្ត​ថា​ ប្រជា ជន​ហ្វី​លី​ពី​ន​អាច​ឈាន​ដល់​ការ​ធ្វើ​រដ្ឋប្រហារ​លើ​លោក​ Duterte​ ដែល​ជា​មេដឹកនាំ​មាន​អាកប្បកិរិយា​ហិង្សា​ បើ​ទោះបី​ទ​ង្វើ​ដែល​លោក​ Duterte​ កំពុង​អនុវត្ត​មាន​ហេតុផល​ដើម្បី​ផលប្រយោជន៍​ជាតិ​យ៉ាងណា​ក្តី​ ។​  ​លោក​ ចាន់​ វិបុល​៖«​បើ​កម្ពុជា​ចង់បាន​ការ​ប្រើ​ហិង្សា​ ការ​ផ្តាច់​ការ​និយម​ គឺ​អាច​យក​វិធីសាស្ត្រ​របស់​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន​មក​ប្រើ​បាន​ ។​ ប្រទេស​ហ្វី​លី​ពី​ន​អាច​ឈាន​ដល់​ការ​ធ្វើ​រដ្ឋប្រហារ​ពីព្រោះ​ប្រជា ពលរដ្ឋ​ភាគច្រើន​អត់​ស្រលាញ់​នូវ​អ្វី​ដែល​ជា​អាកប្បកិរិយា​ពាល​ អមនុស្សធម៌​របស់​លោក​ Duterte​ នោះ​ទេ​ ទោះបី​លោក​ឱ្យ​ហេតុផល​ថា​ ដើម្បី​ប្រយោជន៍​ជាតិ​ក៏​ដោយ​»​។​

​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ នៅ​កម្ពុជា​ នៅ​ថ្ងៃ​អង្គារ​ទី​១៣​ធ្នូ​នេះ​ គេ​រំពឹង​ថា​ ប្រមុខ​រដ្ឋាភិបាល​ អាច​សាសង​គ្នា​ ឬ​ដោះ​ដូរ​ទស្សនៈ​គ្នា​ ខ្លះ​ជុំវិញ​ស្ថាន ភាព​នៃ​ការ​ដឹកនាំ​ប្រទេស​ ហើយ​ ជា​ពិសេស​បញ្ហា​ចរ​ចរណ៍​គ្រឿងញៀន​ នៅ​ក្នុង​តំបន់​ និង​ករណី​ជម្លោះ​ ភូមិសាស្ត្រ​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​ ។​

តែ​យ៉ាងនេះ​ក្ដី​ ចរាចរណ៍​គ្រឿងញៀន​នៅ​កម្ពុជា​ នៅ​តែ​ជា​បញ្ហា​ចោទសួរ​នៅឡើយ​ពី​សំណាក់​មហាជន​ទូទៅ​។​ ច​ម្ង​ល់​ដែល​តែងតែ​លឺ​នោះ​ គឺថា​ ហេតុ​អ្វី​សមត្ថកិច្ច​កម្ពុជា​ចាប់​បាន​តែ​អ្នក​ចែកចាយ​ថ្នាំ​ញៀន​តូចតាច​ ចុះ​មេ​ក្លោ​ង​ ឬ​មេ​គ្រឿងញៀន​ជា​នរណា​?​ ហេតុ​អ្វី​សមត្ថកិច្ច​រកមុខ​មិនឃើញ​៕​  

Share

ព័ត៌មានទាក់ទង

Image