ភ្នំពេញ ៖ ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រី អ្នកស្រី ថេ ដាឡែន ម្ចាស់ភោជនីយដ្ឋានបាយ័ន និងសិប្បកម្មទឹកសំរងធម្មជាតិ លើកឡើងថា បច្ចុប្បន្នសិប្បកម្មផលិតទឹកសំរងធម្មជាតិដែលមានទីតាំងនៅសង្កាត់ច្បារអំពៅ កំពុងទទួលការគាំទ្រពីពលរដ្ឋ នឹងបានបន្តចែកចាយតាម ស្តាម៉ាត និង ផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញ។
អ្នកស្រីបន្តថា ភាពរីកចំរើននៃចង្វាក់ផលិតកម្មទឹកធម្មជាតិនេះ នាំឱ្យអ្នកស្រីបន្ថែមបុគ្គលិកមួយចំនួនដែលភាគច្រើនជានិស្សិតស្ត្រីទៀតផង។ ម្ចាស់សិប្បកម្មរូបនេះបន្តថា ការទទួលយកបុគ្គលិកជាស្ត្រីឱ្យធ្វើក្នុងសិប្បកម្ម ព្រោះថា ស្ត្រីមានសក្តានុពលការងារប្រសើរជាងបុរស ហើយការទទួលយកនិស្សិតស្រី្តធ្វើការ ក៏បានរួមចំណែកផ្តល់កម្រៃប្រចាំថ្ងៃផ្គត់ផ្គង់ការសិក្សារបស់ពួកគរ។ មួយវិញទៀត ការផលិតទឹកសំរង ក៏បានផ្តល់ប្រាក់ចំណូលប្រចាំថ្ងៃដល់ពលរដ្ឋទីជនបទដែលដើរប្រមូលគ្រាប់សំរងពីក្នុងព្រៃ ដែលជាផ្នែកមួយជួយអភិរក្សដើមសំរងនិងធនធានធម្មជាតិផងដែរ។
ជាងនេះទៀតអ្នកស្រីបន្ថែមថា ទឹកសំរងធម្មជាតិក៏អាចជួយព្យាបាលជម្ងឺក្រួសក្នុងតម្រងនោម និងអាចកែរោគ ក្រពះ ពោះវៀនបានផងដែរ ជាពិសេសការបរិភោគទឹកសំរងរាល់ថ្ងៃ អាចជួយថែរក្សាសម្រស់ ពោលគឺជំនួយឱ្យស្បែកស្អាតទៀតផង៕
តទៅនេះសូមស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និង អ្នកស្រី ថេ ដាឡែន ដូចតទៅ!។