ភ្នំពេញ៖ សមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ ដែលជាយុវជនស្នេហា និងមានភក្ដីភាពចំពោះលោក បណ្ឌិត កែម ឡី គ្រោងបោះពុម្ពសៀវភៅ ១ម៉ឺនក្បាលបន្ថែម ក្នុងបំណងចែករំលែកចំណេះដឹង និងស្វែងរកយុត្ដិធម៌ជូនលោកបណ្ឌិត កែម ឡី។
តាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ ដែលវិទ្យុស្ដ្រីទទួលបានកាលពី ថ្ងៃសុក្រ ទី៩ ធ្នូ ឆ្នាំ២០១៦ សៀវភៅដែលពួកគេត្រៀមបោះពុម្ពចែកចាយជាសាធារណៈ ចំនួន ១ម៉ឺនក្បាលនេះ គឺ មានមួយចំណែកនឹងត្រូវលក់បន្ដជូនដល់សាធារណៈជនទូទៅ ហើយមួយចំណែកទៀតនឹងត្រៀមចែកជូនបន្ដដល់ពលរដ្ឋក្រីក្រតាមបណ្ដាសហគមន៍ព្រៃឡង់ ពលរដ្ឋសហគមន៍រងគ្រោះដីធ្លី និងបណ្ដាអង្គការផ្សេងៗទៀត ដែលមានចំនួន២ពាន់ក្បាល។
ទន្ទឹមនឹងនេះ ថវិកាដែលបានពីការលក់សៀវភៅ គឺសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ នឹងទុកសម្រាប់ បន្ដសកម្មភាពរបស់លោក បណ្ឌិត កែម ឡី ៤០ភាគរយ និងទុកសម្រាប់សកម្មភាពការពារព្រៃឈើ ៤០ភាគរយ ហើយទុកសម្រាប់ជួយដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ២០ភាគរយ។ សូមបញ្ជាក់ថា កន្លងមកសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ បានបោះពុម្ពចែកចាយស្នាដៃរបស់លោកបណ្ឌិត កែម ឡី ១២៨៩០ក្បាលរួចមកហើយ ដែលសៀវភៅទាំងនោះ គឺមានចំណងជើង អ្នករូតវាំងននសង្គម មានចំនួន ៨០០០ក្បាល និងកម្រងទស្សនសង្គមនិងនយោបាយចំនួន ៤៨៩០ក្បាល។
ថវិកាដែលបានមកពីការលក់សៀវភៅទាំងអស់នោះ សមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ បានបរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤០ភាគរយ គឺ ស្មើនឹង ១១ ២៧៦.៨៦ ដុល្លារ ក្នុងនោះ៥ភាគរយ ទុកសម្រាប់ពលរដ្ឋដែលខ្វះថវិកាក្នុងការធ្វើដំណើរមកមន្ទីរពេទ្យគន្ធបុប្ផា និងសម្រាប់ចំណីអាហារជាដើម។
សូមជម្រាបថា សមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ ទទួលបានថវិកាបរិច្ចាគសម្រាប់ការបោះពុម្ពសៀវភៅបណ្ឌិត កែម ឡី ពីសប្បុរសជនខ្មែរក្នុងនិងក្រៅប្រទេសចំនួន ៣៧៧៨ ដុល្លារអាមេរិក និងប្រាក់រៀលចំនួន ២លាន ១សែន ៤ម៉ឺន៩ពាន់ ១រយលានរៀល។ ថវិកាទាំងនោះបានចំណាយលើការបោះពុម្ពសៀវភៅ ចំនួន ១២៩៨០១ ក្បាល ដែលចំណាយថវិកាអស់ចំនួន ៩៣៨០ ដុល្លារ និងលុយខ្មែរចំនួន ១លាន ៨សែន ៥ម៉ឺន ៩ពាន់៦រយលានរៀល។ ដូចនេះ ថវិកាដែលនៅសល់ពីការបោះពុម្ព គឺចំនួន ២ម៉ឺន១ពាន់ ៣រយ ៨៩ដុល្លារ និងលុយខ្មែរចំនួន ២៨ម៉ឺន ៩ពាន់ ៥រយរៀល។ ថវិកាទាំងនេះ សមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្ដខ្មែរ នឹងរក្សា ទុកសម្រាប់បោះពុម្ពសៀវភៅបណ្ឌិត កែម ឡី បន្ដ៕