ភ្នំពេញ៖ ការអង្កេតមួយរបស់មូលនិធីអាស៊ី បានរកឃើញថា កម្មវិធីមួយចំនួនរបស់ស្ថាននីយ៍ទូរទស្សន៍ល្បីៗនៅកម្ពុជា សុទ្ធតែផ្ទុកនូវខ្លឹមសារអំពើហឹង្សាគ្រប់ទម្រង់ទៅលើស្ត្រី។ កម្មវិធីទូរទស្សន៍ដែលផ្ទុកនូវខ្លឹមសារអំពើហឹង្សាលើស្ត្រីខ្លាំងជាងគេគឺទូរទស្សន៍ MY TV បន្ទាប់មកប៉ុស្សិ៍លេខ៥ ប៉ុស្តិ៍ស៊ីធីអ៊ីន ហង្សមាស និងប៉ុស្តិ៍បាយ័ន។
កម្មវិធីទូរទស្សន៍ដែលសាធារណៈជនបានទស្សនាជារៀងរាល់ថ្ងៃ មានដូចជារឿងភាគ កំប្លែង ចម្រៀង ក៏ដូចជាពាណិជ្ជកម្ម គឺបានបង្កប់នូវខ្លឹមសារអំពើហឹង្សាលើស្ត្រី។
នេះបើតាមការបង្ហាញរបស់របស់លោក ស សិលា មន្ត្រីស្រាវជ្រាវរបស់ មូលនិធិអាស៊ី។លោកបានឱ្យដឹងថា កម្មវិធី ដែលបង្កប់នូវរូបភាព ប្រើប្រាស់អំពើហឹង្សាលើស្ត្រីខ្ពស់ជាងគេគឺនៅក្នុង កម្មវិធីចម្រៀងដែលមានរហូតដល់៧៤% បន្ទាប់មកពាណិជ្ជកម្ម៥៩% កំប្លែង៤៧% និងរឿងភាគ៤៦%។ ក្នុងនោះ រឿងភាគបរទេសដែលស្ថានីយ៍ទូរទស្សន៍នានា យកមកចាក់បញ្ចាំង មានខ្លឹមសារខ្ពស់ជាងភាពយន្តខ្មែរ ប្រមាណ៥%។
លោកឱ្យដឹងផងដែរថា ស្ថានីយ៍ទូរទស្សន៍ ដែលកម្មវិធី មានខ្លឹមសារប្រើប្រាស់អំពើហិង្សាខ្ពស់ជាងគឺ ទូរទស្សន៍ MY TV ខ្ពស់ជាងគេ គឺទាំងរឿងភាគ កំប្លែង ចម្រៀង និងកម្មវិធីកំសាន្ត។
លោកបន្តថា នៅពេលដែលកម្មវិធីទូរទស្សន៍ បង្កប់នូវខ្លឹមសារប្រើអំពើហឹង្សាលើស្ត្រីកាន់តែច្រើននោះ នឹងធ្វើឱ្យការប្រើប្រាស់អំពើហឹង្សាលើស្ត្រីទៅជារឿងធម្មតា និងមិនសូវយកចិត្តទុកដាក់លើអំពើហឹង្សាលើដៃគូស្និទ្ធស្នាល និងជំរុញឱ្យមានការកើនឡើងនូវអាក្បកិរិយាហិង្សា។
លោក ស សិលា បានបង្ហាញបន្ថែមថា អ្នកមើលទូរទស្សន៍មានហានិភ័យខ្ពស់ជាងអ្នកមិនបានមើលរហូតដល់១៧៨% ក្នុងការក្លាយជាអ្នករងគ្រោះនៃអំពើហឹង្សាពីដៃគូស្និទ្ធស្នាលរួមមាន ប្តី សង្សារ ឬ គូដណ្តឹង។
លោកបង្ហាញ ថា ៩៩%នៃអ្នកចូលរួម បានប្រឈមនូវការមើលឃើញអំពើហិង្សាលើស្ត្រី និង៤២% បានទទួលស្គាល់ និងរាយការណ៍ថាបានមើលឃើញអំពើហិង្សាលើស្ត្រី។
ចំណែកលោក អ៊ុយ សារ៉េត តំណាងមកពីវិទ្យាស្ថានបើកទូលាយ ថ្លែងថា រូបភាពអវិជ្ជមានដែលបង្ហាញនៅលើកញ្ចក់ទូរទស្សន៍រាល់ថ្ងៃនេះ បានបង្ហាញនូវឥទ្ធិពលអាក្រក់ ដោយធ្វើឱ្យជនរងគ្រោះនៃការប្រើអំពើហឹង្សា យល់ថា ការប្រើអំពើហិង្សាមកលើខ្លួនជារឿងត្រឹមត្រូវ និងសម ហេតុផល។
លោកបន្តថា វិទ្យាស្ថានបើកទូលាយកំពុងធ្វើយុទ្ធនាការមួយដើម្បីធ្វើយ៉ាងណា កាត់បន្ថយខ្លឹមសារអវិជ្ជមាននៅក្នុងកម្មវិធីទូរទស្សន៍ ដើម្បីទប់ស្កាត់អំពើហិង្សាលើដៃគូស្និតស្នាល និងជំរុញឱ្យយុវជនចូលរួមផ្តល់យោបល់ទៅឱ្យស្ថានីយ៍ទូរទស្សន៍ និងផលិតករឱ្យគាត់ជួយកែលម្អខ្លឹមសារដែលបានផលិត ក្នុងការកាត់បន្ថយរូបភាពហិង្សា ដែលបានបង្ហាញនៅក្នុងកម្មវិធីរបស់ខ្លួន។
បើតាមការលើកឡើងរបស់ លោក ស សិលា ការរងគ្រោះ និងការប្រព្រឹត្តិអំពើហិង្សាលើដៃគូស្និទ្ធស្នាល មានកម្រិតខ្ពស់បំផុត នៅក្នុងគ្រួសារដែលមានចំណូល១០០ដុល្លារ ឬតិចជាងនេះ ក្នុងខែ អ្នកដែលមានអាយុពី២៦ ដល់៤៩ឆ្នាំ ជាអ្នករស់នៅតំបន់ជនបទដាច់ស្រយាល និងអ្នកទទួលការអប់រំកម្រិតថ្នាក់ទី៦ ឬទាបជាងនេះ។
យ៉ាងណា វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបភ្លាមៗពីម្ចាស់ស្ថានីយ ទូរទស្សន៍ MY TV ឬស្ថានីយមួយចំនួនបានទេនៅថ្ងៃនេះ ជុំវិញការលើកឡើងនេះ ដោយគ្មានប្រភពដើម្បីទាក់ទង៕