នៅថ្ងៃទី៩ធ្នូនេះ សហគមន៍និងអង្គការសង្គមស៊ីវិល មួយចំនួនចាប់ផ្ដើម ធ្វើពិធីរម្លឹកទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ។ ប៉ុន្តែសហគមន៍ មួយនៅស្រុក ស្រុកឈូក ខេត្តកំពត ដែលរៀបចំធ្វើពិធីនេះ ត្រូវបានអាជ្ញាធរចុះមករារាំង និងមិនអោយរៀបចំធ្វើឡើយ។ អាជ្ញាធរ ចោទថា ដោយសារសហគមន៍មិនបានសុំច្បាប់ត្រឹមត្រូវ។ អ្នកឃ្លាំមើលសិទ្ធិមនុស្ស សម្ដែងការខកចិត្ត ចំពោះ វិធានការរបស់សមត្ថកិច្ច ។
តំណាងសហគមន៍អង្គស្វាយ ខេត្តកំពត បានឱ្យដឹងថា អាជ្ញាធរប៉ូលីស បានចុះហាមឃាត់ប្រជាកសិករនៅក្នុងសហគមន៍ក្នុង ឃុំអង្គស្វាយស្រុកឈូក ខេត្តកំពត មិនឲ្យធ្វើរោងរៀបចំទិវាសិទ្ធិមនុស្សអន្ដរជាតិខួបលើកទី៦៨ ដែលប្រព្រឹត្តទៅនៅម៉ោង ២រសៀល នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះទេ។
លោក ប្រុស ណាន តំណាងសហគមន៍អង្គស្វាយ បានបញ្ជាក់បន្ថែមប្រាប់វិទ្យុស្ដ្រីថា សមត្ថកិច្ចដែលចុះហាមគាត់នោះដឹកនាំដោយលោកអធិការស្រុក ស្រុកឈូក។
លោក ប្រុស ណាន៖ «អធិការស្រុក គាត់ចេញបញ្ជាមកថា សុំអោយផ្អាកកម្មវិធីហ្នឹងជាបណ្ដោះអាសន្ន ដោយសារខាងសហគមន៍យើងអត់មានការសុំអនុញ្ញាត ជាលាយលក្ខណ៍អក្សរច្បាស់លាស់»។
លោក ប្រុស ណាន ចាត់ទុកការហាមឃាត់ពីសំណាក់សមត្ថកិច្ច គឺជា រឿងមិនត្រឹមត្រូវនិងជាទុកទង្វើ រឹតត្បិតសេរីភាព និងគំរាមកំហែងដល់សហគមន៍។
លោក ប្រុស ណាន៖«យោងតាមច្បាប់រដ្ឋធម្មនុញ្ញាស្រុកខ្មែរ ការចូលប្រជុំ ចូលអីផ្សេងៗ បើយើងនិយាយពីសិទ្ធិវិញ យើងគ្រាន់តែជូនដំណឹងជាផ្លូវការមួយគ្រប់គ្រាន់ហើយ។ បាទ៎ ហើយខាងខ្ញុំ បានជូនដំណឹងទៅដល់សាលាខេត្ត ដល់សាលាស្រុក ហើយនិងអាជ្ញាធរមូលដ្ឋានទៀត ប៉ុន្ដែឥលូវនេះបញ្ជាពីអធិការស្រុក អោយផ្អាកកម្មវិធីនេះ ហើយបើសិនជាធ្វើ គាត់មានវិធានការរបស់គាត់»។
ជាការឆ្លើយតបជុំវិញរឿងនេះ លោក សម្រិត វិបុល អធិការស្រុកឈូក មានប្រសាសន៍ថា មូលហេតុនៃការហាមឃាត់មិនអោយប្រជាកសិករក្នុងសហគមន៍អង្គស្វាយ ធ្វើរោងរៀបចំទិវាសិទ្ធិមនុស្សអន្ដរជាតិនៅថ្ងៃនេះ ដោយសារតែ ខាងសហគមន៍ មិនបានធ្វើទៅតាមច្បាប់ទម្លាប់។
លោក សម្រិត វិបុល ៖« ខ្ញុំសូមជម្រាបថា ពាក់ព័ន្ធនឹងការប្រារព្ធពិធីនេះ អត់ទាន់មានច្បាប់ទម្លាប់ ដល់ចឹងខ្ញុំអោយគាត់ធ្វើអោយមានច្បាប់ទម្លាប់សិន ច្បាប់ទម្លាប់រហូតពីខេត្តដល់ស្រុកអីមក។ ចឹងសុំអោយគាត់ធ្វើច្បាប់ទម្លាប់ហើយសិនទៅ ចាំជជែក»។
ជម្រាបថា គម្រោងរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្ដរជាតិ របស់ប្រជាកសិករនៅក្នុងសហគមន៍អង្គស្វាយ នេះជាលើកទីមួយ ហើយត្រូវផ្អាកទៅវិញភ្លាមៗបន្ទាប់ពីមានការចេញបញ្ជាពីសំណាក់អាជ្ញាធរ។
លោក មឿង តុលានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស និយាយថាសមត្ថកិច្ចគួរតែរលើកតម្កើង ហើយជួយសម្របសម្រួលអោយប្រជាពលរដ្ឋបានប្រារព្ធពិធីនេះទាំងអស់គ្នា ដើម្បីបញ្ជាក់ថា កម្ពុជាប្រកាន់ភ្ជាប់លិទ្ធិប្រជាធិបតេយ្យ។
សូមបញ្ជាក់ដែរថា បើតាមការអះអាងរបស់តំណាងសហគមន៍អង្គស្វាយ គឺ ពួកគាត់បានដាក់លិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរទៅថ្នាក់ខេត្ត និងថ្នាក់ស្រុក តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ហើយការិយាល័យរដ្ឋបាលក៏បានបោះត្រា លើលិខិតនេះដែរ៕