en     km
en     km

​ពី​ថ្ងៃនេះ​ទៅ​ការ​លក់ដូរ​តាម​កញ្ច្រែង​កញ្ជើ​ល្អី​ នឹង​មិន​មានការ​បង់ថ្លៃ​ភាស៊ី​ទៀត​ឡើយ​

Share

ភ្នំពេញ៖ ​ចាប់ពី​ថ្ងៃ​ទី​០៩​ ធ្នូ​ ឆ្នាំ​២០១៦​នេះ​ តទៅ​ ចំពោះ​អ្នក​លក់ដូរ​ តាម​កញ្ច្រែង​ កញ្ជើ​ ល្អី​តូចតាច​ នៅ​ទីកន្លែង​លក់ដូរ​ និង​ទីផ្សារ​ទូទៅ​ រួម​ទាំង​ការ​លក់​ផលិតផល​ពី​ដំណាំ​ដាំ​ដុះ​ ផល​ពី​ដំណាំ​ធម្មជាតិ​ និង​ការ​លក់ដូរ​មាន​លក្ខណៈ​បណ្តោះអាសន្ន​ មិន​ត្រូវ​បង់ថ្លៃ​ភាស៊ី​ទៀត​នោះ​ទេ​។​

woman-sell
នេះ​បើ​យោង​តាម​សារា​ចរណ៍​របស់​រដ្ឋាភិបាល​ ដែល​ចុះហត្ថលេខា​ ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​៩​ ធ្នូ​ ឆ្នាំ​២០១៦​នេះ​ ដែល​បាន​សម្រេច​ លុប​ចោលការ​បង់ថ្លៃ​ ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង​ កញ្ជើ​ ល្អី​ និង​អ្នក​ក្រីក្រ​។​

​សារា​ចរណ៍​ណែនាំ​នេះ​ បានឱ្យ​ដឹង​បន្ត​ថា​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​ក្នុង​លក្ខណៈ​តូចតាច​ដូចនេះ​ ត្រូវ​ទទួល​បានការ​អនុគ្រោះ​ និង​ការ​គាំពារ​ ដូច​ជា​បញ្ឈប់​ការ​បង់​ភាស៊ី​ រាល់​ការ​បង់ថ្លៃ​ទាំងឡាយ​ណា​ពី​កន្លែង​លក់ដូរ​ និង​នៅ​តាម​ទីផ្សារ​ទាំងអស់​ ព្រមទាំង​ទទួល​បានការ​ធានា​ សន្តិសុខ​ សុ​វត្តិភាព​ អនាម័យ​ និង​បរិស្ថាន​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​អាជ្ញាធរ​មូលដ្ឋាន​។​

​សារា​ចរណ៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដដែល​ បាន​បញ្ជាក់​ថា​ សាលា​រាជធានី​ ខេត្ត​ត្រូវ​រៀបចំ​គម្រោង​ កន្លែង​លក់ដូរ​ ឬ​ផ្សារ​សម្រាប់​អ្នកលក់​តាម​កញ្ច្រែង​ កញ្ជើ​ ល្អី​ និង​អ្នក​លក់ដូរ​ក្រីក្រ​តូចតាច​ ដូច​ជា​ កំណត់​គោលការណ៍​លើ​ការ​គ្រប់គ្រង​លម្អិត​ ដើម្បី​ដាក់​ឱ្យ​អនុវត្ត​ជា​បន្ទាន់​ និង​ប្រកបដោយ​ប្រសិទ្ធភាព​។​ សាលា​រាជធានី​ ខេត្ត​ត្រូវ​រៀបចំ​ឱ្យ​មាន​កន្លែង​លក់ដូរ​ឱ្យ​បាន​ច្បាស់លាស់​ នៅ​តាម​រាជធានី​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ និង​រហូត​ដល់​ឃុំ​សង្កាត់​ ក្នុង​ករណី​មាន​តម្រូវការ​ចាំបាច់​ សម្រាប់​ជូន​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​តាម​កញ្ច្រែង​ កញ្ជើ​ ល្អី​ និង​អ្នក​លក់ដូរ​ក្រីក្រ​តូចតាច​ ដោយ​មិន​មានការ​បង់ថ្លៃ​អ្វី​ទាំងអស់​ចំពោះ​កន្លែង​លក់ដូរ​នេះ​។​

​ជាមួយ​គ្នា​នេះ​ដែរ​ សាលា​រាជធានី​ ខេត្ត​ អាច​ផ្សា​ភ្ជាប់​គម្រោង​កន្លែង​លក់ដូរ​តូចតាច​ ជាមួយ​គ្រោងការ​វិនិយោគសាធារណៈ​របស់​ថ្នាក់​ក្រោម​ជាតិ​ ដោយ​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​ចំពោះ​កន្លែង​លក់ដូ​ និង​ត្រូវ​ធានា​ផ្នែក​សន្តិសុខ​ សុ​វត្តិភាព​ សណ្តាប់ធ្នាប់​ អានា​ម័​យ​ និង​បរិស្ថាន​៕


Share

ព័ត៌មានទាក់ទង

Image