ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែធ្នូ នេះ បើកសវនាការរឿងក្ដីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជំនួយការពីរនាក់ពាក់ព័ន្ធនឹងសំនុំរឿងរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ក្នុងសំណុំរឿងបង្ហោះឯកសារសទ្ធិសញ្ញា ព្រំដែនជាមួយវៀតណាមនៅឆ្នាំ១៩៧៩។
លោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬសម្បត្តិ សត្យា ត្រូវបានតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦បាន ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំក្នុងសំណុំរឿងក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាមនេះ។
លោក សម រង្ស៊ី មិនត្រឹមមានរឿងមួយករណីនេះទេ គឺលោកកំពុងរងការចោទប្រកាន់ក្នុងសំណុំរឿង ចំនួន ៤ទៀត ក្នុងនោះ សម្ដេច ហ៊ុន សែន និងសម្ដេច ហេង សំរិន ប្ដឹងលោកពីបទបរិហារកេរ្តិ៍ តែករណីផ្សេងគ្នា។ តែបែបនេះក្ដី លោក សម រង្ស៊ី អះអាងថា លោកមិនចាប់អារម្មណ៍នឹងការប្ដឹងរូបលោក ឡើយ៕