ភ្នំពេញ៖ មេឃុំ ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី ត្រូវបានដោះលែងពីពន្ធនាគារ ព្រៃសនៅព្រឹកថ្ងៃនេះ គឺមួយថ្ងៃបន្ទាប់ពីលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
ការដោះលែងលោក ស៊ាង ចែត នៅព្រឹកថ្ងៃនេះធ្វើឡើងបន្ទាប់ពីជំនួបសម្ងាត់រវាងលោក កឹម សុខា និងសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញ ដែលបាននិយាយដល់ ការដោះលែងមេឃុំ លោក ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី អោយមានសេរីភាពឡើងវិញ។
លោកមេឃុំ ស៊ាង ចែត ត្រូវបានតុលាការរាជធានីភ្នំពេញផ្ដន្ទាទោសលោក ៥ឆ្នាំ ករណីសូកប៉ាន់សាក្សី ក្នុងរឿងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
មេឃុំបក្សប្រឆាំងរូបនេះ ត្រូវបានឃុំខ្លួន ក្នុងសំណុំរឿងដូចគ្នា នឹង មន្ត្រីសិទ្ធិមនុស្ស អាដហុក និង មន្ត្រីគជប ដែលគេរំពឹងថា ពួកគាត់នឹងត្រូវដោះលែងនៅ ចុងខែធ្នូឆ្នាំ២០១៦នេះ ៕