ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៧ គ.ជ.បនឹងចាប់ទទួលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលផ្សព្វផ្សាយនៅថ្ងៃទី ០៧ ខែ ធ្នូ បានបញ្ជាក់ថា ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដូចនេះគឺធ្វើឡើងក្រោយពី គ.ជ.ប បានបើកកិច្ចប្រជុំ ពិភាក្សាយ៉ាងលម្អិតកាលពីថ្ងៃទី ០៥ ធ្នូ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប។
កិច្ចប្រជុំនោះ មានបៀបវារៈចំនួនពីរ ទី១ ស្ដីពីប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទិ ០៤ ឆ្នាំ២០១៧ និងទី២ ផែនការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទី ០៤ ឆ្នាំ ២០១៧។ ក្រោយពីបញ្ចប់កិច្ចប្រជុំនេះ គ.ជ.ប បានសម្រេចជ្រើសយកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចំណែកការរាប់សន្លឹកឆ្នោត ក៏ធ្វើឡើងក្នុងថ្ងៃនោះដែរ។
សេចក្ដីប្រកាសព័ត៌មាននេះបានបន្តទៀតថា គ.ជ.ប បានសម្រេចឲ្យគណបក្សនយោបាយធ្វើការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។ប្រជាជនដែលមានឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មាន៧លាន ៨សែននាក់៕