សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលមានការសម្របសម្រួលឱ្យលោក កឹម សុខារួចទោស ឬ មេឃុំ ស៊ាង ចែត ត្រូវបានដោះលែង គឺជាសារនយោបាយបង្ហាញថាកម្ពុជាអាចដោះស្រាយបញ្ហាដោយខ្លួនឯង ដោយមិនចាំបាច់មានការជ្រោមជ្រែងពីខាងក្រៅនោះទេ។ អ្នកវិភាគសាទរ បើរឿងកើតចេញដោយសុទ្ធចិត្ត។ កញ្ញា ឆេងណា រាយការណ៍៖
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូចនេះ ខណៈដែលសម្តេចចូលរួមអបអរសាទរខួប ៥ឆ្នាំ នៃជោគជ័យរបស់ក្រុមហ៊ុនជប៉ុន Minebea នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៨ធ្នូនេះ។
សម្តេចបានថ្លែងបន្តថា សម្តេចមិនចូលចិត្តគាបសង្កត់នោះទេ។ សម្តេចថា ការគាបសង្កត់ ឬគម្រាមកំហែងដាក់សម្តេច ប្រើមិនបានផលនោះទេ ខណៈដែលសម្តេចព្រមានថា បើមានការ រិះគន់ខ្លាំងលើសម្តេចគឺអ្នកផ្សេងទៀតនឹងនៅតែបន្តនៅក្នុងគុកបន្តទៀត។
ចំណែកលោក មាស នី អ្នកតាមដានស្ថានការសង្គម និងនយោបាយ មានប្រសាសន៍ថា ប្រសិនបើប្រមុខរដ្ឋាភិបាលមានកាយវិការវិជ្ជមានដូចនេះ ហើយធ្វើឡើងដោយ មិនមានសម្ពាធពីខាងក្រៅនិង ដោយសុទ្ធចិត្តដើម្បីប្រទេសជាតិ លោកអបអរសារទរ។ តែបែបនេះក្តី លោកថា ការលើកឡើងរបស់សម្តេចក៏ជាការរក្សាមុខមាត់ខ្លួនឯងផង ដើម្បីកុំគេមើលមកថា ស្ថានការនយោបាយធូស្រាលបណ្តាលមកពីសំពាធអន្តរជាតិ ព្រោះបើការដោះលែងដោយសារតែការដាក់សំពាធហាក់គ្មានតម្លៃ។
យ៉ាងណាមិញអ្នកវិភាគបញ្ហាសង្គមរូបនេះ បានក្រើនរម្លឹកថា ប្រសិនណាបើអ្នកផ្សេងទៀត មិនត្រូវបានដោះលែងទេ មានន័យគណបក្សកាន់អំណាច មិនទាន់បោះបង់ល្បែងល្បិចចាស់នោះទេ គឺល្បែងដែលធ្វើឱ្យគណបក្សសង្គ្រោះជាតិបាត់បង់ប្រជាបិយភាព និងការគាំទ្រពីប្រជាពលរដ្ឋ។
សាររបស់សម្ដេច ធ្វើឡើងស្របពេលមានការចោទសួរ ពីមជ្ឈដ្ឋានផ្សេងៗពីកលល្បិចរបស់បក្សកាន់អំណាច គាបសង្កត់ ក្រុមប្រឆាំងដើម្បីបានថ្នូអ្វីមួយ ទើបមានការដោះលែង អ្នកជាប់ឃុំដែលគេចាត់ទុកជារឿងនយោបាយ៕