ភ្នំពេញ៖ ក្រោយពីមានដំណឹងស្ដីពីការជួបគ្នារវាងប្រមុខរាជរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិក្នុងសភា អ្នកវិភាគនិងអង្គការ សង្គមស៊ីវិល បានបង្ហាញការសាទរចំពោះការផ្សះផ្សាគ្នារវាងអ្នកនយោបាយខ្មែរដែលធ្លាប់មានទំនាស់គ្នាកន្លងមក។ ប៉ុន្ដែពួកគាត់បានទទូចថា បើសម្រេចផ្សះផ្សាគ្នាសូមធ្វើដោយភាពស្មោះត្រង់កុំប្រើល្បិចដាក់គ្នាបន្ដទៀត។
ទន្ទឹមនឹងជំនួបក្នុងសភារវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមេដឹកនាំគណបក្សប្រឆាំងនាំឱ្យមានការសាទរយ៉ាងខ្លាំងពីក្រុមអ្នកវិភាគ និងសង្គមស៊ីវិល ដែលពួកគាត់សង្ឃឹមថា ក្រោយជំនួបនេះស្ថានការណ៍នយោបាយដែលធ្លាប់តែតានតឹង នឹងវិលមករកភាពប្រក្រតីវិញ។
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយលោក សូ ចន្ថា មានប្រសាសន៍តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីអេហ្វអឹម ១០២ នៅថ្ងៃពុធ នេះថា នេះគឺជាស្ថានភាពនៃរបត់នយោបាយថ្មីមួយដែលថ្នាក់ដឹកនាំគណបក្សដែលមានអាសនៈក្នុងសភាអាចអង្គុយនិយាយគ្នាបាន។ សាស្ដ្រាចារ្យសិក្សាពីនយោបាយគិត ថា អ្នកនយោបាយចាប់ពីពេលនេះតទៅត្រូវតែឈរលើគោលការណ៍ប្រកួតប្រជែងគ្នាដោយស្មើរភាព តាមរបៀបមនុស្សចាស់ទុំផ្នែកនយោបាយ ដែលស្របទៅតាមលទ្ធិប្រជាធិបតេយ្យ ហើយជាពិសេសគួរគិតគូរពីការបន្សល់ទុកគំរូល្អដល់អ្នកនយោបាយជំនាន់ក្រោយ។
លោក សូ ចន្ថា៖«អ្នកនយោបាយទាំងអស់ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំជាជាងផលប្រយោជន៍ក្រុម ហើយរួបរួមគ្នាឯកភាពគ្នានៅពេលនោះហើយដែលជាតិនឹងមានការរីកចម្រើន»។
បន្ថែមពីនេះលោក សូ ចន្ថា ក៏បញ្ជាក់ដែរថា ការស្រុះស្រួលគ្នារវាងអ្នកនយោបាយខ្មែរពេលនេះ លោកមិនអាចសន្និដ្ឋានបានទេថាតើការឯកភាពខណៈនេះនឹងដំណើរការល្អ តទៅឬយ៉ាងណាទេ ដោយលោកលើកហេតុផលថា កន្លងមកក៏ធ្លាប់មានព្រឹត្ដិការណ៍ដូចនេះកើតឡើងដែរក៏ប៉ុន្ដែគឺបានត្រឹមរយៈពេលខ្លី។
ចំណែកលោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ ដែលធ្វើការលើការលើកកម្ពស់សិទ្ធិស្ដ្រីក្នុងវិស័យនយោបាយមានប្រសាសន៍ថា នេះជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលអ្នកនយោបាយអាចរចាគ្នាបានដោយសន្ដិវិធី។ ប៉ុន្ដែ លោកស្រីក៏ស្នើផងដែរថា សូមឲ្យអ្នកនយោបាយទាំងអស់កុំប្រើល្បិចដាក់គ្នាបន្ដទៀត គឺត្រូវតែជជែកគ្នាដោយស្នើភាព ប្រើប្រាស់វប្បធម៌សន្ដិភាព ហើយត្រូវយកបញ្ហាជាតិជាធំ។
លោកស្រី ធីតា ឃឹះ៖«ខ្ញុំសូមស្នើថា ឲ្យមានគោលការណ៍ជាធំគឺជជែកគ្នាដើម្បីរកដំណោះដោះស្រាយ និងមានការគោរពគ្នាទៅវិញទៅមក សូមឲ្យដោះស្រាយជាមួយគ្នាដោយកុំប្រើល្បិចកល គឺត្រូវប្រើប្រាស់វប្បធម៌សន្ដិភាពដើម្បីចរចាតទៅមុខ»។
យ៉ាងណាក៏ដោយលោកស្រី ធីតា ឃឹះ ក៏បង្ហាញក្ដីសង្ឃឹមផងដែរថា ក្រោយជំនួបរវាងលោក កឹម សុខា និង សម្ដេចហ៊ុន សែន នាពេលនេះប្រាកដជាអាចដោះស្រាយរឿងដែលនៅជាប់គាំងជាច្រើនទៀត បើអ្នកនយោបាយមានឆន្ទៈបង្រួបបង្រួមជាតិ ពិតប្រាកដ។
ដូចគ្នាដែរលោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា ខមហ្វ្រែល មានប្រសាសន៍ថា នេះជាសញ្ញាល្អហើយក៏មានសារៈសំខាន់ណាស់ដើម្បីដឹកនាំប្រទេសជាតិឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ។ ក៏ប៉ុន្ដែនៅខណៈនេះលោកមិនទាន់អាចវាយតម្លៃបានទេថា មានភាពល្អប្រសើរទៅថ្ងៃមុខយ៉ាងណាទេ។
លោក គល់ បញ្ញា ក៏នៅតែចង់ឃើញអ្នកនយោបាយប្រើការចរចាគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗជាជាងការប្រើច្បាប់យកមកដោះស្រាយ។ លោកបន្ថែមថា ក្នុងនាមជាអ្នកនយោបាយគឺប្រាកដជាចៀសមិនផុតពីការរិះគន់នោះទេ ហើយបើខ្លួនសម្រេចចិត្ដធ្វើនយោបាយត្រូវរៀនបើកចិត្ដឲ្យទូលាយ។
លោក គល់ បញ្ញា៖«ខ្ញុំយល់ឃើញថាគេត្រូវតែខិតខំអត់ឱនគ្នាឲ្យបានច្រើន ធម្មតាអ្នកនយោបាយគឺចៀសមិនផុតពីការតិះតៀនគ្នាទៅវិញទៅមកទេ ប៉ុន្ដែបើមានការតិះតៀនជ្រុលដោយការបញ្ចេញមតិគេអត់ឱនឲ្យគ្នាគេមិនត្រូវប្រើរដ្ឋអំណាចប្រព័ន្ធតុលាការទៅដាក់ទោសគ្នាទៅវិញទៅមកទេ»។
ខណៈមានជំនួបសម្ងាត់រវាងសម្ដេច ហ៊ុន សែន និងលោក កឹម សុខា ឯកអគ្គរដ្ឋសភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar ក៏បានអបអរសាទរចំពោះស្ថានការណ៍នយោបាយដែលមានភាពល្អប្រសើរឡើងវិញនេះផងដែរ។ បន្ថែមពីនេះលោក George Edgar សង្ឃឹមថា អ្នកនយោបាយខ្មែរដែលមានជម្លោះនិងគ្នានឹងលែងធ្វើឲ្យស្ថានការណ៍នយោបាយតានតឹងបន្ដទៀតហើយ៕