en     km
en     km

ក្រុម​គ្រួសារ​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ សាទរ​ចំពោះ​ដំណឹង​ដោះ​លែង​ ស្វាមី​ និង​ម្តាយ​ របស់​ខ្លួន (មានសំឡេង)​

Share

ភ្នំពេញ៖ សមាជិកគ្រួសារ​ម​ន្រី្ត​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ ដែល​បាន​ជាប់​ឃុំ​ក្នុង​សំណុំរឿង​របស់​លោក​ កឹ​ម​ សុខា​ នៅ​ថ្ងៃ​ទី​៧​ ខែធ្នូ​ បាន​ឆ្លើយ​តប​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ សមាជិកគ្រួសារ​ទាំងអស់​មាន​ក្តី​រីករាយ​ និង​សាទរ​ចំពោះ​ដំណឹង​ល្អ​ ដែល​អាច​មានការ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​ ការ​សាទរ​នេះ​ គឺ​បន្ទាប់​ពី​ជំនួប​សម្ងាត់​រវាង​សម្តេច​ ហ៊ុន​ សែន​ ជាមួយ​លោក​ កឹ​ម​ សុខា​ នៅ​រដ្ឋសភា​ ដែល​ត្រូវ​ទម្លាយ​ឱ្យ​ដឹង​ពី​ លោក​ ស​ ខេ​ង​ ដែល​បញ្ជាក់​ថា​ មានការ​ជជែក​គ្នា​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ពី​លទ្ធភាព​ក្នុង​ការ​រក​ដំណោះស្រាយ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ នៅ​ចុងឆ្នាំ​ ២០១៦​នេះ​។​

adhoc-family-pre​ឆ្លៀតពេល​បន្តិច​ពី​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ថ្ងៃនេះ​ សម្តេច​ ហ៊ុន​ សែន​ និង​លោក​ កឹ​ម​ សុខា​ ដែល​សម្តេច​ទើប​ទទួលយក​ជា​ដៃគូ​សន្ទនា​នោះ​ បាន​ជួប​ប្រជុំ​សម្ងាត់​មួយ​ដែល​បាន​ជជែក​ពិភាក្សា​ពី​លទ្ធភាព​រក​ដំណោះស្រាយ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ នា​បំណាច់​ឆ្នាំ​ ២០១៦​នេះ​។​ នេះ​បើ​តាម​ការ​ទម្លាយ​ឱ្យ​ដឹង​ពី​លោក​ ស​ ខេ​ង​ ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​ ក្រោយ​បញ្ជាប់​កិច្ច​ពិភាក្សា​ជាមួយ​លោក​ កឹ​ម​ សុខា​ នៅ​ថ្ងៃនេះ​ដ​ដែរ​។​

​ជាមួយ​ដំណឹង​ល្អ​នេះ​ ក្រុម​គ្រួសារ​របស់​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ រីករាយ​ និង​សម្តែង​ការ​សាទរ​ចំពោះ​ដំណឹង​ល្អ​នេះ​។​

​អ្នកស្រី​ ភាវ​ ម៉ី​ ភរិយា​លោក​ ណៃ​ វ៉ង់​ដា​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អា​ដ​ហុ​ក​ (ADHOC)​ និយាយ​ថា​ អ្នកស្រី​ គ្មាន​អ្វី​សប្បាយចិត្ត​ពេល​លឺដំណឹង​ថា​ ស្វាមី​របស់​ខ្លួន​នឹង​អាច​ត្រូវ​បាន​ដោះ​លែង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​ អ្នកស្រី​បន្ត​ដោយ​ត្អូញត្អែ​ថា​ កំឡុង​ពេល​ដែល​ស្វាមី​របស់​គាត់​ជាប់​ក្នុង​ពន្ធនាគារ​ អ្នកស្រី​និង​កូនៗ​រង​នូវ​ទុក្ខវេទនា​ពន់ពេក​ ព្រោះ​បាត់បង់​ស្វាមី​ជា​ជំហរ​ក្នុង​គ្រួសារ​។​

​អ្នកស្រី​ យ៉ែ​ម​ ច​ន្ថា​ ភរិយា​លោក​ នី​ ចរិយា​ មន្ត្រី​ គ​.​ជ​.​ប​ និយាយ​ថា​ អ្នកស្រី​មានចិត្ត​ត្រេកអរ​ខ្លះ​ដែល​បន្ទាប់​ពី​ទទួល​ដំណឹង​ថា​ ស្វាមី​នឹង​ជិត​មាន​សេរីភាព​ជួបជុំ​គ្រួសារ​វិញ​។​

​ចំណែក​កញ្ញា​ សាន​ វឌ្ឍន​វ​ត្តី​ កូនស្រី​របស់​លោក​ យី​ សុខសាន្ត​ មន្ត្រី​អា​ដ​ហុ​ក​ និយាយ​ថា​ កញ្ញា​រីករាយ​ចំពោះ​ដំណឹង​ តែ​យ៉ាងណា​កញ្ញា​សូម​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់​ទាំងស្រុង​ពី​ឪពុក​កញ្ញា​ ព្រោះ​គាត់​ជា​មន្ត្រី​ស្អាតស្អំ​ ជួយ​ប្រជាពលរដ្ឋ​ មិន​គួរ​មានការ​ចោទប្រកាន់​យ៉ាង​ដូច្នេះ​ទេ​។​

​រីឯ​កញ្ញា​ អ៊ុ​ន​ ប៊ុ​ណ្ណា​រី​ កូនស្រី​លោកស្រី​ លឹ​ម​ មុន្នី​ និយាយ​ថា​ កញ្ញា​មានចិត្ត​សប្បាយ​ពេល​ទទួល​ដំណឹង​ថា​ ម្តាយ​របស់​ខ្លួន​នឹង​អាច​ត្រូវ​បាន​ដោះ​លែង​ ស្រប​ពេល​ដែល​អ្នកនយោបាយ​ត្រូវ​រូ​វ​គ្នា​វិញ​។​ កញ្ញា​បន្ត​ថា​ ការ​ចោទប្រកាន់​មក​លើ​ម្តាយ​របស់​ខ្លួន​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ ព្រមទាំង​មន្ត្រី​ គ​.​ជ​.​ប​ គឺជា​រឿង​ដែល​មិន​អាច​ទទួលយក​បាន​នោះ​ទេ​។​

​សូម​រំលឹក​ថា​ មន្ត្រី​នៃ​សមាគម​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​សំណុំរឿង​ស្នេហា​លួចលាក់​ដែល​គេ​សង្ស័យ​ថា​ រវាង​លោក​ កឹ​ម​ សុខា​ និង​នាង​ ខុ​ម​ ចាន់​ដា​រ៉ា​ទី​ ហៅ​ស្រី​មុំ​។​ មន្ត្រី​ទាំងនោះ​ត្រូវ​បាន​ជាប់​ឃុំ​អស់​រយៈពេល​ជិត​ ៦​ ខែ​ មក​ហើយ​ ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​សូកប៉ាន់​សាក្សី​។​ យ៉ាងណា​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​លើកលែងទោស​ តាម​សំនើ​របស់​លោកនាយក​រដ្ឋមន្ត្រី​រួច​ហើយ​ ចំណែក​មន្ត្រី​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ ដែល​ជាប់ចោទ​ក្នុង​សំណុំរឿង​ជាមួយ​លោក​ កឹ​ម​ សុខា​ នោះ​ត្រូវ​បាន​អ្នកវិភាគ​លើក​ឡើង​ថា​ នឹង​អាច​ត្រូវ​បាន​ដោះ​លែង​ឆាប់ៗ​នេះ​ ព្រោះ​ជា​ទម្លាប់​នយោបាយ​នៅ​កម្ពុជា​ តែងតែមាន​ហេតុការណ៍​ដូច្នោះ​កើតឡើង​នៅ​ពេល​អ្នកនយោបាយ​ត្រូវ​រូ​វ​គ្នា​៕​  

Share

Image
Image
Image