en     km
en     km

តើ​អ្នកនយោបាយ​ខ្មែរ​គួរ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​ពលរដ្ឋ​បង្ហាញ​ឆន្ទៈ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​? ?

Share

​​ភ្នំពេញ​៖​ទន្ទឹម​នឹង​ព្រឹត្ដិការណ៍​ថ្នាក់​ជាតិ​ធំៗ​មួយ​ចំនួន​ ត្រៀម​នឹង​លេច​រូបរាង​ជា​វិជ្ជមាន​ឡើង​នៅ​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ ខាង​មុខ​ គេ​សង្កេត​ឃើញ​អ្នកនយោបាយ​ខ្មែរ​ហាក់​បន្ទន់​ជំហរ​រៀងៗ​ខ្លួន​ហើយ​ធ្វើ​ឱ្យ​ស្ថានការណ៍​ល្អ​ប្រសើរ​ ។​ ប្រការ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បង្ហាញ​ក្ដី​សាទរ​ជា​ខ្លាំង​។​ សម្រាប់​អ្នកវិភាគ​យល់​ថា​ ការ​ផ្សះផ្សា​គ្នា​រវាង​អ្នកនយោបាយ​គឺជា​រឿង​ចាំបាច់​ណាស់​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឈាន​ចូល​មក​ដល់​។​ តើ​អ្នកវិភាគ​មាន​ហេតុផល​អ្វី​បានជា​លើក​ជា​មាន​ទស្សនៈ​ដូចនេះ​?​ ​សូម​ស្ដាប់​បទ​អត្ថា​ធិ​ប្បាយ​ដូច​តទៅ​៖

 

លោក កឹម សុខា និងសម្ដេច ហ៊ុន សែន
លោក កឹម សុខា និងសម្ដេច ហ៊ុន សែន

​ស្ថានការណ៍​ដែល​ធ្លាប់តែ​តានតឹង​រវាង​អ្នកនយោបាយ​ខ្មែរ​នៅ​ដំណាក់កាល​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​តែ​វិល​មក​រក​ភាព​ស្រុះស្រួល​គ្នា​វិញ​ហើយ​ ដែល​ប្រការ​នេះ​អ្នកវិភាគ​យល់​ថា​ អ្នកនយោបាយ​ខ្មែរ​ល្មម​បញ្ឈប់​វប្បធម៌​ចង់​ឈ្នះ​ចាញ់​គ្នា​ដោយ​ល្បិច​កល​បន្ដ​ទៀត​ ហើយ​ងាក​មក​ដោះស្រាយ​រឿង​ជាតិ​ធំៗ​ដែល​កំពុង​ជាប់​គាំង​វិញ​ទើប​ជា​ការ​ប្រសើរ​។

​លើស​ពី​នេះ​អ្នកវិភាគ​ចង់​ឃើញ​អ្នកនយោបាយ​បង្ហាញ​ពី​ឯកភាព​ជាតិ​ដោយ​ពិតប្រាកដ​ប្រាប់​ទៅ​ពលរដ្ឋ​ដើម្បី​ឲ្យ​ពួក​គាត់​មាន​ជំនឿ​ចិត្ដហ៊ាន​បង្ហាញ​ឆន្ទៈ​ពិត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ក្នុង​ឆ្នាំ​ ២០១៧​ និង​ឆ្នាំ​ ២០១៨​ ដោយ​ពុំ​មានការ​ភ័យ​ខ្លាច​។​

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម

​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​មាន​ប្រសាសន៍​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​ ១០២​ នៅ​ថ្ងៃ​ទី​ ០៦​ ធ្នូ​ ថា​ ការ​លេច​ធ្លាយ​សារ​ជា​សំឡេង​ សារ​ឆ្លើ​ង​ឆ្លើយ​គ្នា​ផ្សេងៗ​គឺជា​ការ​បង្ហាញ​ពី​រូបភាព​នៅ​ក្មេងខ្ចី​របស់​អ្នកនយោបាយ​ខ្មែរ​។​ លោក​ថា​ អ្នកនយោបាយ​ខ្មែរ​គួរតែ​ឈប់​ការ​កាច់​កុង​គ្នា​ដោយ​យក​រឿង​បុគ្គល​មក​វាយប្រហារ​គ្នា​បន្ដ​ទៀត​។​ លោក​ថា​ កម្ពុជា​គឺជា​ប្រទេស​របស់​ខ្មែរ​ទាំងអស់​គ្នា​ពុំ​មែន​ជា​ប្រទេស​របស់​គណបក្ស​ណា​នោះ​ទេ​។​ លោក​បន្ត​ថា​ ដើម្បី​ឲ្យ​ពលរដ្ឋ​ហ៊ាន​ជឿ​លើ​អ្នកនយោបាយ​ថា​ ពិតជា​មានគំនិត​ឯកភាព​គ្នា​មែន​ គឺ​អ្នកនយោបាយ​ត្រូវ​តែ​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​អ្នកនយោបាយ​ដូច​គ្នា​ជា​មុន​សិន​ ដោយ​មិន​ត្រូវ​គាបសង្កត់​សិទ្ធិ​សម្ដែង​មតិ​ និង​បើក​ទូលាយ​សម្រាប់​អ្នកនយោបាយ​ដូច​គ្នា​អាច​រិះគន់​បាន​ដោយ​មិន​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ​ដូច​សព្វថ្ងៃ​។​ ​លោក​បណ្ឌិត​ មាស​ នី​៖«​អ្នកនយោបាយ​ដំបូង​មុន​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​ពលរដ្ឋ​គឺ​ត្រូវ​ចេះ​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​អ្នកនយោ បាយ​ដូច​គ្នា​សិន​ ធ្វើ​ម៉េច​កុំ​ឲ្យ​ការ​តិះ​តៀន​ទាំងឡាយ​ក្លាយទៅជា​បរិហា​កេ​រិ៍្ដ​ ។​ ការ​រិះគន់​ក្លាយទៅជា​មាន ទោស​ទណ្ឌ​ ដូច​ជា​រឿង​ព្រំដែន​អី​នេះ​វា​សុទ្ធតែ​ជា​រឿង​របស់​ខ្មែរ​ទាំងអស់​គ្នា​ដែរ​ដូច្នេះ​គួរ​ទុក​សិទ្ធ​ឲ្យ​ពល រដ្ឋ​បាន​បញ្ចេញមតិ​»​។​

​តែ​យ៉ាងណា​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​ក៏​ទទូច​ផង​ដែរ​ដល់​អ្នកនយោបាយ​ថា​ត្រូវ​តែ​បញ្ឈប់​ការ​ចាត់​ទុក​ពលរដ្ឋ​របស់​ខ្លួន​ជា​ក្រុមប្រឆាំង​បន្ដ​ទៀត​។​ លោក​បណ្ឌិត​ មាស​ នី​ បញ្ជាក់​ថា​ បើ​រដ្ឋអំណាច​នៅ​តែ​ចាត់​ទុក​ពលរដ្ឋ​ជា​ក្រុមប្រឆាំង​ ហើយ​ចេះ​តែ​ធ្វើការ​បង្ក្រាប​នោះ​រដ្ឋាភិបាល​ប្រាកដជា​នឹង​បាត់បង់​ការ​គាំទ្រ​កាន់តែ​ខ្លាំង​។​ ​លោក​បណ្ឌិត​ មាស​ នី​៖«​នៅ​រយៈពេល​កន្លង​មក​យើង​ឃើញ​ថា​ រដ្ឋាភិបាល​ហាក់​ប្រឈម​ច្រើន​មុខព្រួញ​ដែល​ធ្វើ​ឲ្យ​ប្រជា​ប្រី​យ​ភាព​ធ្លាក់​ចុះ​ ហើយ​គណបក្សប្រឆាំង​គឺជា​អ្នកប្រឆាំង​ទៅ​ហើយ​ប៉ុន្ដែ​សម្រាប់​ពលរដ្ឋ​ដែល​ទាមទារ​រឿង​ដីធ្លី​ រឿង​សិទ្ធិ​មនុស្ស​អស់ហ្នឹង​ក្រុម​គ្នា​មិនមែន​ចង់​ដណ្ដើម​អំណាច​អី​ទេ​គ្នា​គ្រាន់តែ​ចង់​ប្រាប់​រដ្ឋាភិបាល​ថា​ គ្នា​មានទុក្ខ​សុំ​ឲ្យ​ជួយ​ប៉ុន្ដែ​មិន​ជួយ​បែរជា​ចោទ​ថា​ក្រុមប្រឆាំង​ទៅ​វិញ​»​

​នៅ​ពេល​ស្ថានការណ៍​ឡើង​កំ​ដៅ​  ហើយ​សង្គម​មានការ​បែកបាក់​គ្នា​ គេ​សង្កេត​ឃើញ​ ពលរដ្ឋ​មាន​និន្នាការ​ ខុស​គ្នា​ ក៏​មាន​ជំ​លោះ​នឹង​គ្នា​ដែរ​ ។​ ការ​នេះ​បាន​នាំ​ឱ្យ​មានការ​ ព្រួយបារម្ភ​ដល់​ការ​បញ្ចេញ​ឆន្ទៈ​របស់​ពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​ ។​ ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​ ពិតជា​បារម្ភ​ពី​ជោក​វាសនា​ប្រទេស​ជាតិ​និង​អំពើ​ណាមួយ​នាំ​ទៅ​រក​អ​ស្ថេ​រ​ភាព​សង្គម​ ។​ តែ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ស្ថានការណ៍​នយោបាយ​មាន​ភាព​ធូរស្រាល​ឡើង​វិញ​ដោយ​សង្ឃឹមថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​ ពិតជា​មិន​មាន​អ​ស្ថេ​រ​ភាព​ ហើយ​ពលរដ្ឋ​ពិតជា​អាច​បញ្ចេញ​ឆន្ទៈ​របស់​ខ្លួន​ដោយ​ពុំ​មានការ​ភ៏​យ​ខ្លាច​អ្វី​ឡើយ​។​ តែបើ​ ធ្វើ​ឱ្យ​ពលរដ្ឋ​បាន​បាត់​ជំនឿ​ក្នុង​ការ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ ជ្រើសរើស​តំណាង​ គឺ​មិន​មាន​ន័យ​អ្វី​ទេ​ សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​នៅ​តែ​ប្រកាន់ពាក្យ​មួយ​ឃ្លា​ថា​ បើ​អ្នកនយោបាយ​ឈ្លោះ​គ្នា​ហើយ​ក្លែង​ធ្វើ​ជា​ត្រូវ​រូ​វ​គ្នា​ដើម្បី​បំផ្លាញ​គ្នា​នៅ​ថ្ងៃក្រោយ​ នោះ​កម្ពុជា​នឹង​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ​។​

លោក គឹម សុខ អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម
លោក គឹម សុខ អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម

​លោក​ថា​ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ថា​ ពិតជា​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​ឲ្យ​ជាតិ​មានការ​រីក​ចម្រើន​មែន​គឺ​ត្រូវ​តែ​បើកចំហ​ឲ្យ​បាន​ទូលាយ​សម្រាប់​គណបក្សប្រឆាំង​ អាច​ផ្ដល់​យោបល់​ឬ​ក៏​ចូលរួម​ចំណែក​រិះគន់​ដើម្បី​ស្ថាបនា​បាន​ដោយ​មិន​ត្រូវ​បាន​បិទ​សិទ្ធិ​។​ ជាង​នេះ​លោក​ថា​ ការ​ស្រុះស្រួ ល​គ្នា​ពិតប្រាកដ​គឺ​ស្ដែង​ចេញ​តាម​រយៈ​ការ​ដែល​គណបក្សប្រឆាំង​អាច​ជជែក​គ្នា​ជាមួយ​បក្ស​កាន់​អំណា ច​ស្ដី​ពី​ផលប្រយោជន៍​ជាតិ​ បើ​មិន​ដូច្នេះ​គឺ​បាន​ន័យ​ថា​ ការ​ស្រុះស្រួល​គ្នា​នា​ពេល​នេះ​គឺ​ត្រឹមតែ​ជា​ការ​បោក​បញ្ឆោត​រាស្ដ្រ​ ហើយ​នៅ​តែ​ស្ថិត​នៅ​ក្រោម​ឥ​ទិ្ធ​ពល​របស់​ជនបរទេស​។​ ​លោក​ គឹ​ម​ សុខ​៖«​បញ្ហា​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​ធំ​ ជា​ពិសេស​កំណើនសេដ្ឋកិច្ច​កម្ពុជា​គឺ​គ្រប់គ្រង​ដោយ​បរទេស​ទៅ​ហើយ​ គឺ​បាន​ន័យ​ថា​កម្ពុជា​មិន​បាន​ដើរ​តាម​គំរូ​អភិវឌ្ឍន៍​ប្រទេស​តាម​សម័យ​ទំនើប​នោះ​ទេ​ បញ្ហា​ទាំង​អស់នេះ​ហើយ​ដែល​ជា​បញ្ហា​ អ្នកនយោបាយ​ត្រូវ​លើក​មក​ជជែក​គ្នា​ បើ​គណបក្សប្រឆាំង​មិន​ហ៊ាន​លើកយក​រឿង​ទាំង​អស់នេះ​មក​ជជែក​ជាមួយ​បក្ស​កាន់​អំណាច​ទេ​គឺ​បាន​ន័យ​ថា​ គ្មាន​ការ​ឯកភាព​ជាតិ​ទេ​ គឺជា​ល្បិច​ដដែល​»​។​

​បន្ថែម​លើ​នេះ​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ប្រាប់​ឲ្យ​រដ្ឋាភិបាល​គួរ​យក​គំរូ​តាម​ភូមា​ដែល​ជា​ប្រទេស​ជិតខាង​ ព្រោះ​ប្រទេស​អតីត​យោធា​និយម​នេះ​គឺ​ពោ​ពេញ​ទៅ​ដោយ​បញ្ហា​រាប់​មិន​អស់​ប៉ុន្ដែ​ប្រទេស​នេះ​នៅ​តែ​អាច​មានការ​ដោះ​ដូរ​អំណាច​បាន​ដោយ​សន្ដិវិធី​។​ សម្រាប់​ប្រទេស​កម្ពុជា​គួរ​រៀន​មើល​ប្រទេស​គេ​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​ឈាន​ទៅ​រក​ភាព​រីក​ចម្រើន​ដូច​ប្រទេស​ដទៃ​ទៀត​ហើយ​ពលរដ្ឋ​ក៏​ហ៊ាន​បង្ហាញ​ឆន្ទៈ​ពិតៗ​ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដែរ​។​ ​លោក​ គឹ​ម​ សុខ​៖«​ដូច្នេះ​សូម​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ជម្រុះ​ចោល​នៅ​អស្មិមានះ​បុគ្គល​ហើយ​ចេះ​ធ្វើការ​រួម​គ្នា​ដោយ​សំឡឹង​មើល​គំរូ​របស់​លោកស្រី​ អង់​ សាន​ស៊ូ​ជី​ បាន​ធ្វើ​រួបរួម​គ្នា​ជាមួយ​មេដឹកនាំ​យោធា​ភូមា​ជា​គំរូ​មួយ​ដែល​យើង​គួរតែ​អនុវត្ដ​តាម​ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ខ្មែរ​»​។​

​ស្រប​ពេល​ស្ថានការណ៍​នយោបាយ​ ធូរស្រាល​មួយ​កម្រិត​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ ទី​៦​ ធ្នូ​ បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ​ថា​ ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នឹង​មានការ​វិវត្តន៍​ទៅ​រក​ភាព​វិជ្ជមាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​ ប្រទេស​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ ២​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថ្ងៃ​ទី​៤​ មិថុនា​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៦​នៅ​ឆ្នាំ​២០១៨៕

Share

ព័ត៌មានទាក់ទង

Image