ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានជួបគ្នាក្នុងបន្ទប់បិទទ្វាជិតរយៈពេលមួយម៉ោងបន្ទាប់ពីឥស្សរជនទាំងពីរបានចូលទៅប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃ ពុធ នេះ។ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ដ្រីអេហ្វអឹម ១០២ បានឲ្យដឹងថា សម្ដេច ហ៊ុន សែន បានជួបជាមួយលោក កឹម សុខា ភ្លាមៗបន្ទាប់ពីសភាបើកសម័យប្រជុំក្រោមអធិបតីភាពរបស់សម្ដេច ហេង សំរិន។
អ្នករាយការណ៍ព័ត៌មានបានបញ្ជាក់ទៀតថា ឥស្សរជនទាំងពីរដែលបានជួបគ្នានេះ ក៏ផ្ដើមឲ្យមានបរិយាកាសក្នុងសភាកាន់តែរីករាយដោយសង្ឃឹមថា ភាពល្អក់កកជាមួយគ្នារយៈពេលប៉ុន្មានឆ្នាំមកនេះនឹងលែងមានទៀតហើយ។ តាមប្រភពដដែលលោក កឹម សុខា ក៏ជួបសំងាត់ផងដែរជាមួយនិងសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប៉ុន្ដែជំនួបបានធ្វើឡើងដាច់ដោយឡែកពីគ្នា។
នៅខណៈដែរមេដឹកនាំទាំងពីររូបជួបគ្នាសំងាត់នៅសភា ឯកអគ្គរដ្ឋសភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក ចច្ស អេដហ្គឺ ក៏បានអបអរសាទរចំពោះស្ថានការណ៍នយោបាយដែលមានភាពល្អប្រសើរឡើងវិញនេះ។ លោក ចច្ស អេដហ្គឺ សង្ឃឹមថា ភាគីខ្មែរដែលមានជម្លោះនិងគ្នា នឹងលែងធ្វើឲ្យស្ថានការណ៍នយោបាយតានតឹងបន្ដទៀតហើយ៕