ភ្នំពេញ៖ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាសង្ឃឹមថា ចាប់ពីថ្ងៃនេះតទៅគណបក្សនយោបាយទាំងពីរដែលមានជម្លោះ នឹងលែងបង្កជម្លោះជាមួយនិងគ្នា ហើយធ្វើអោយមានស្ថេរភាពនយោបាយល្អប្រសើរឡើងវិញ។
ប្រសាសន៍របស់លោក George Edgar បានធ្វើឡើងនៅក្នុងកម្មវិធីរបស់វិទ្យុស្ដ្រីFM102 នៅព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ នេះ។
លោកបានមានប្រសាសន៍ អបអរសាទរការលើកលែងទោសលោក កឹម សុខា ហើយសង្ឃឹមថា ជម្លោះនយោបាយនៅកម្ពុជានឹងមិនកើតឡើងទៀតទេ ។
ការថ្លែងរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបធ្វើឡើងស្របពេលលោក កឹម សុខា នាពេលនេះ បានចូលប្រជុំសភា បន្ទាប់ពីលោកឃុំខ្លួនឯង រយៈពេលជាង ៦ខែនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ រួចមក។
លោក កឹម សុខា ដែលទទួលបានការលើកលែងទោសឱ្យមានសេរីភាពឡើងវិញនេះ លោកបានប្រកាសថានឹងប្រើប្រាស់តួនាទីរបស់លោក ជាអ្នកតំណាងរាស្ដ្រដើម្បីចុះជួបប្រជារាស្ដ្រជាថ្មីម្ដងទៀត៕