ចិន៖ រដ្ឋាភិបាលចិនបានអំពាវនាវទៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ៍ ទី៦ធ្នូ កុំឱ្យទទួលលោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ Tsai Ing-wen ចូលសហរដ្ឋអាមេរិក នៅពេលដែលោកស្រី ធ្វើទស្សនកិច្ចទៅកាន់ប្រទេស Guatemala នៅខែក្រោយ។
ការទទូចរបស់ទីក្រុងប៉េកាំងបានធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីទើបជាប់ឆ្នោតរបស់អាមេរិក លោក ដូណាល់ត្រាំ បាននិយាយតាមទូរស័ព្ទជាមួយលោកស្រី Tsai Ing-wen អំពីការរឹតចំណងទំនាក់ទំនង នឹងពង្រឹងសន្ដិសុខតំបន់ជាមួយក្រុងតៃប៉ិ។
ប្រទេសចិនដែលចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយ របស់ខ្លួនបានហៅការសន្ទនារវាងលោកដូណាល់ត្រាំ និងលោកស្រី Tsai Ing-wen ថា ជាការធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងទ្វេភាគីរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោ។
ក្រសួងការបរទេសចិន បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ជាការពិតបើអាមេរិកគោរពគោលនយោបាយចិនតែមួយ គឺ មិនត្រូវអនុញ្ញាតឲ្យលោកស្រី Tsai Ing-wen ធ្វើទស្សនកិច្ចនៅអាមេរិកនោះទេ។
តាមទីភ្នាក់ងារសារព័ត៌មាន AFP លោកស្រី Tsai Ing-wen មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេស Guatemala នៅថ្ងៃ ១១ ,១២ មករា ឆ្នាំ២០១៧។ ហើយនៅពេលជាមួយគ្នានោះ លោកស្រី ត្រូវទៅកាន់ប្រទេស Nicaragua និងប្រទេស El Salvador ទៀតផង ដែលប្រទេសទាំងនេះស្ថិតនៅទ្វីបអាមេរិកកណ្ដាល។
កោះតៃវ៉ាន់ បំបែកខ្លួនចេញពីទីក្រុង ប៉េកាំងនៅឆ្នាំ ១៩៤៩ បន្ទាប់ពីផ្ទុះសង្គ្រាមស៊ីវិល រវាងចិនដីគោក និងដីកោះទាំងពីរនេះជាច្រើនឆ្នាំ។ ទោះយ៉ាងនេះក្ដីក្រុងប៉េកាំងនៅតែចាត់ទុកកោះតៃវ៉ាន់ ជាខេត្តមួយរបស់ខ្លួន៕ ប្រភព AFP