ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចូលរួមប្រជុំសភា ឡើងវិញហើយ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោយពីអវត្តមានអស់រយៈជិតមួយឆ្នាំ។
ការចូលរួមប្រជុំសភាជាថ្មីរបស់ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ បន្ទាប់ពីព្រះមហាក្សត្រ បានលើកលែងទោសដល់លោក តាមសំណើ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះលើកដំបូងហើយដែលលោក កឹម សុខា បានចូលរួមប្រជុំសភាពេញអង្គ បន្ទាប់ពីលោកមានរឿងអាស្រូវស្នេហាលួចលាក់ជាមួយនាង ខុម ចាន់តារាទី ហៅស្រីមុំ។
ជាមួយនឹងវត្តមានរបស់លោក កឹម សុខា កិច្ចប្រជុំសភាពេញអង្គនៅព្រឹកនេះ ក៏មានវត្តមានចូលរួមពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។ តាមគម្រោង សម្តេច ហ៊ុន សែន និង មេដឹកនាំបក្សប្រឆាំង ក៏មានគម្រោងជួបគ្នា ផងដែរ ដើម្បីពិភាក្សាគ្នា រកដំណោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ ដែលឈានទៅរកការដោះលែង សកម្មជនគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស។
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកកិច្ចពេញអង្គ ដោយមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើការបោះឆ្នោតអនុម័តចំពោះការដាក់បេក្ខភាព លោក សួន រីដា ជំនួសតំណែងតំណាងរាស្ត្ររបស់ លោក ប៉ែន សុវណ្ណ ដែលមកពីគណបក្សសង្គ្រោះជាតិ ដែលបានទទួលមរណភាព។
កិច្ចប្រជុំពេញអង្គ ដែលបានចាប់ផ្តើមនៅម៉ោង៨ព្រឹកនេះ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ វត្តមាននៅក្នុងកិច្ចប្រជុំសភានាពេលនេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ៦៥សម្លេង និងគណបក្សសង្គ្រោះជាតិ៣៩សម្លេង៕