អង្គការទេសន្ដប្រវេសន៍អន្ដរជាតិ IOM បានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីថ្ងៃអង្គារ ទី០៦ធ្នូ ថា យ៉ាងតិចណាស់ជនអន្ដោប្រវេសន៍សហគមន៍រ៉ូហ៊ឹងយ៉ា ២ម៉ឺន១ពាន់នាក់ បានរត់ភៀសខ្លួន ចេញពីរដ្ឋរ៉ាក់ឃីន ប្រទេសភូមា នៅរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ។
របាយការណ៍របស់អង្គការ IOM ដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នេះ បានឱ្យដឹងថា ជនភៀសខ្លួនទាំងនោះបានចេញពីរដ្ឋរ៉ាក់ឃីនប្រទេសភូមា គឺ មានចំនួនច្រើនបំផុត ចាត់តាំងពីថ្ងៃទី០៩ តុលា មកដល់ថ្ងៃទី ០២ ធ្នូ។
អង្គការនេះបានបញ្ជាក់ថា មូលហេតុពីការរត់ភៀសខ្លួននេះ ដោយសារតែផ្ទុះអំពើហិង្សា ពី សំណាក់កងទ័ពរដ្ឋាភិបាលវាយប្រហារទៅលើសហគមន៍រ៉ូហ៊ឹងយ៉ា ក្រោមហេតុផលបោសសំអាតក្រុមបះបោរ។
ប្រភពដដែលបានបញ្ជាក់ថា ជនអន្ដោប្រវេសន៍ទាំងនោះ ភាគច្រើនត្រឡប់ទៅប្រទេសបង់ក្លាដេស ដែលជាទីកំណើតរបស់ពួកគេ។ ជនអន្ដោប្រវេសន៍រ៉ូហ៊ឹងយ៉ា ដែលរដ្ឋធម្មនុញ្ញភូមាចាត់ទុកជាជនចំណាកស្រុកខុសច្បាប់ ពួកគេបានមករស់នៅរដ្ឋរ៉ាក់ឃីន ភូមា ភាគខាងលិចប្រទេស ក្នុងសម័យអាណានិគមអង់គ្លេស។
ច្បាប់ប្រទេសភូមា បានហាមប្រាមដាច់ខាតជនជាតិភាគតិចនេះ មិនឱ្យមានសិទ្ធចូលសញ្ជាតិពលរដ្ឋភូមាឡើយ៕ AFP