en     km
en     km

​សម្តេច​ ហ៊ុន​ សែន​ ចង់​លើក​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ជាយក្រុង​ តែ​សង្គម​ស៊ី​វិល​ថា​ឆ្ងាយ​ពេក​ (មានសំឡេង)

Share

ភ្នំពេញ៖ ​ខណៈ​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​បំណង​ផ្លាស់​ប្តូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ប​ច្ចុ​ប្ប​នៅ​ក្បែរ​វត្ត​ភ្នំ​ ធ្វើ​ជា​សួនច្បារ​ ហើយ​កំពុង​ស្វែងរក​ទីតាំង​ថ្មី​សម្រាប់​ធ្វើ​ជាទី​តាំង​ឱ្យ​ពលរដ្ឋ​បញ្ចេញមតិ​ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ យល់​ថា​ គួរតែ​រក​ទីតាំង​ណា​ ដែល​នៅ​ជិត​ស្ថាប័នរដ្ឋ​សំខាន់ៗ​។​

​ពួក​គាត់​ថា​ ជា​ការ​ងាយស្រួល​ឱ្យ​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​បានលឺ​ដល់​មន្ត្រី​រដ្ឋាភិបាល​ ដើម្បី​ដំណោះស្រាយ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 

សម្តេច ហ៊ុន សែន ក្នុងទិវាជនពិការកម្ពុជាលើកទី១៨ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦
សម្តេច ហ៊ុន សែន ក្នុងទិវាជនពិការកម្ពុជាលើកទី១៨ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦

ក្នុង​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៨​ នា​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៦​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ក្រសួងមហាផ្ទៃ​កំពុង​បញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ​ រក​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។​

​សម្ដេច​បាន​ពន្យល់​ពី​ហេតុផល​ ដែល​ត្រូវ​ដោះ​ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ ដូចនេះ​ថា​៖
«​ដោយសារ​តែ​ឥលូវ​នេះ​ យើង​មិន​ទុក​ទីលាន​ប្រជាធិបតេយ្យ​នៅ​កណ្តាល​ក្រុង​ បង្កើត​ភាព​រញ៉េរញ៉ៃ​នៅ​ក្នុង​ហ្នឹង​បាន​ទៀត​ទេ​ សម្តេច​ក្រឡាហោម​កំពុង​ឱ្យ​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ រក​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ ដែល​មាន​លទ្ធភាព​ទៅ​ធ្វើ​ខាង​ផ្លូវជាតិ​លេខ​ប្រាំ​គីឡូម៉ែត្រ​លេខ​៦​ ហើយ​យើង​យក​កន្លែង​នេះ​ធ្វើ​ជា​សួនច្បារ​ ហើយ​អាច​យក​ផ្នែក​មួយ​ ហើយ​យុទ្ធ​ជន​ពិការ​របស់​សម្តែង​សិល្បៈ​នៅ​កន្លែង​ហ្នឹង​»​។​

​ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១០​ មា​នទី​តាំងនៅ​ក្បែរ​ស្ពាន​នាគ​ជិត​វត្ត​ភ្នំ​។​ ទីលាន​ប្រជាធិបតេយ្យ​បង្កើត​ឡើង​ ដើម្បី​ឱ្យ​ប្រជាជន​ដែល​មាន​បញ្ហា​ បាន​មក​បញ្ចេញមតិ​ដើម្បី​រក​ដំណោះស្រាយ​។​

​លោក​ មឿ​ន​ តុលា​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់​ត្រា​ល់​ (Central)​មាន​ប្រសាសន៍​ថា​ ការ​ផ្លាស់​ប្តូរ​ទីតាំង​លាន​ប្រជាធិបតេយ្យ​គឺជា​សិទ្ធិ​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​គួរតែ​គោរព​តាម​គោលការណ៍​ នៃ​ការ​បញ្ចេញមតិ​។​

​លោក​ថា​ ការ​ផ្លាស់​ប្តូរ​គួរតែ​នៅ​ជិត​ស្ថាន​ប័ន​រដ្ឋ​ ដែល​អាច​ឱ្យ​ស្ថាន​ប័ន​រដ្ឋ​ ឬ​សាធារណៈជន​មើលឃើញ​ និង​បាន​ស្តាប់​ពី​បញ្ហា​របស់​ពលរដ្ឋ​ ហើយ​គួរតែ​កុំ​យក​ទៅ​ដាក់​នៅ​ទីតាំង​ឆ្ងាយ​ និង​ស្ងាត់ជ្រងំ​នោះ​ទេ​។​

​លោក​បន្ត​ថា​ សម្រាប់​ទីតាំង​ថ្មី​ដែល​មាន​គម្រោង​ធ្វើ​នៅ​បណ្តោយ​ជាតិ​លេខ​៥​ លោក​គិត​ថា​ ទីតាំង​នោះ​វា​ឆ្ងាយ​ពេក​ សម្រាប់​អ្នក​ចង់​សម្តែង​មតិ​។​

​លោក​បន្ថែម​ថា​៖«​ព្រោះ​នៅ​ស្រុក​យើង​ អនុវត្ត​ច្បាប់​ហ្នឹង​របៀប​ជា​ស្តង់ដា​ពីរ​ខុស​គ្នា​ នៅ​ស្រុក​គេ​ ចង់​សម្តែង​មតិ​កុំ​ថា​ដល់​ទៅ​ក្រុម​ សូ​ម្បី​មនុស្ស​ម្នាក់​ក៏​គេ​អាច​សម្តែង​មតិ​បាន​ដែរ​ អ​ញ្ចឹ​ង​ដាក់​ទៅ​ឆ្ងាយ​ពេក​ក៏​វា​អត់​ល្អ​ដែរ​ ខ្ញុំ​គិត​ថា​គួរ​ពិចារណា​នៅ​ជិត​ម្តងទៀត​ ខ្ញុំ​ថា​ ពិចារណា​នៅ​ជិត​ស្ថាប័នរដ្ឋ​សំខាន់ៗ​អ​ញ្ចឹ​ង​ទៅ​ ដើម្បី​ឱ្យ​អ្នកដឹកនាំ​ប្រទេស​លោក​បានឃើញ​ លោក​បានដឹង​ថា​ ប្រជាពលរដ្ឋ​មានការ​ដែល​មិន​សប្បាយចិត្ត​រឿង​អី​ ហើយ​យក​កង្វល់​ប្រជាពលរដ្ឋ​មក​ដោះស្រាយ​»​។​

​ចំណែក​លោក​ អំ​ សំអាត​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ លើក​ឡើង​ថា​ទីតាំង​ថ្មី​នៅ​ផ្លូវជាតិ​លេខ​៥​ មិន​ត្រឹមតែ​ឆ្ងាយ​នោះ​ទេ​ តែ​ក៏​បង្ក​ឱ្យ​ស្ទះចរាចរណ៍​ផង​ដែរ​។​ លោក​បន្ត​ថា​ លោក​ចង់​ឃើញ​ទីលាន​ប្រជា​ធ​ប​តេ​យ្យ​ នៅ​ទីប្រជុំជន​កណ្តាល​ក្រុង​ ដែល​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​មក​ជួបជុំ​គ្នា​សម្តែង​មតិ​។​

លោក អំ សំអាត មន្រ្តីសិទ្ធិមនុស្សនៃអង្គការលីកាដូ
លោក អំ សំអាត មន្រ្តីសិទ្ធិមនុស្សនៃអង្គការលីកាដូ

លោក​ អំ​ សំអាត​៖«​ប៉ុន្តែ​បើ​យើង​បញ្ជូន​ទៅ​ឆ្ងាយ​អាហ្នឹង​វា​ ប្រជាពលរដ្ឋ​ក៏​ត្រូវធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ ហើយ​ចង់​មក​ដាក់​ញត្តិ​ ដាក់​អី​នៅ​ស្ថាប័ន​ ក៏​វា​ត្រូវ​ឆ្ងាយ​ទៅ​ទៀត​ ហើយ​ដំបូង​បំផុត​ទីលាន​ប្រជាធិបតេយ្យ​គេ​ចង់​បញ្ចេញមតិ​ ដោយ​ឱ្យ​ប្រជាពលរដ្ឋ​អី​បានដឹង​បានលឺ​ ប៉ុន្តែ​បើ​យើង​យក​ទៅ​ឆ្ងាយ​បាន​អ្នក​ណា​ដឹង​លឺ​អី​»​។​

​ទន្ទឹម​នឹង​បំណង​ចង់​ប្តូ​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ផ្លូវជាតិ​លេខ​៥​ សម្តេច​បាន​ឌឺដង​ទៅ​អា​មេ​រិ​កថា​ លោក​ចង់​លើក​ទីលាន​ប្រជាធិបតេយ្យ​ ដែល​ជា​កន្លែង​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ ទៅ​មុខ​ស្ថានទូត​អា​មេ​រិ​ក​វិញ​។​ សម្តេច​ថ្លែង​ដូចនេះ​ខណៈ​សម្តេច​មើលឃើញ​ថា​ សហរដ្ឋអាមេរិក​ចូល​ចិត្ត​គាំទ្រ​បាតុកម្ម​ ហើយ​ការ​តវ៉ា​ធ្វើ​បាតុកម្ម​ភាគច្រើន​ គឺជា​ការ​ជំរុញ​របស់​អង្គការ​សង្គម​ស៊ី​វិល​ ដែល​គាំទ្រ​ដោយ​អា​មេ​រិ​ក​ ឬ​គាំទ្រ​ដោយ​អា​មេ​រិ​ក​ផ្ទាល់​តែ​ម្តង​។​

​សម្ដេច​ ហ៊ុន​ សែន​៖«​ហើយ​បើ​ថា​ មិន​ពេញចិត្ត​ទេ​លើកយក​ទៅ​ដាក់​មុខ​ស្ថានទូត​អា​មេ​រិ​ក​ មាន​តែ​ប៉ុណ្ណឹង​ អាហ្នឹង​សិទ្ធ​របស់​យើង​តើ​ សិទ្ធ​របស់​អា​ជ្ញ​ធរ​តើ​ ហើយ​ ការ​ប្រមូលផ្តុំ​វា​គ្មាន​អី​ខុស​គ្នា​ទេ​ សម័យ​ឥលូវ​នោះ​ ប្រមូល​នៅឯណា​ក៏​បាន​ដែរ​ ព្រោះ​គេ​មិនមែន​មក​មើល​ហ្នេ​ង​ឯណា​ គេ​មើល​តាម​ហ្វេ​ស​ប៊ុ​ក​តើ​ គេ​មើល​តាម​ការ​ផ្សាយ​តើ​។​ ហើយ​ទុក​កន្លែង​ហ្នឹង​ជា​តំបន់​ពាណិជ្ជកម្ម​ ជា​តំបន់​អ្នកការទូត​ ជា​តំបន់​ទេសចរ​ជា​តំបន់​អី​…»​។​

​កាលពី​ឆ្នាំ​២០១៤​ ទីលាន​ប្រជាធិបតេយ្យ​នៅ​ក្បែរ​វត្ត​ភ្នំ​  ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ បិទ​អស់​រយៈពេល​ ជា​ច្រើន​ខែ​ ៕

Share

Image
Image
Image