ភ្នំពេញ៖ ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណងផ្លាស់ប្តូរទីតាំងទីលានប្រជាធិបតេយ្យបច្ចុប្បនៅក្បែរវត្តភ្នំ ធ្វើជាសួនច្បារ ហើយកំពុងស្វែងរកទីតាំងថ្មីសម្រាប់ធ្វើជាទីតាំងឱ្យពលរដ្ឋបញ្ចេញមតិ អង្គការសង្គមស៊ីវិលមួយចំនួន យល់ថា គួរតែរកទីតាំងណា ដែលនៅជិតស្ថាប័នរដ្ឋសំខាន់ៗ។
ពួកគាត់ថា ជាការងាយស្រួលឱ្យការបញ្ចេញមតិរបស់ពលរដ្ឋបានលឺដល់មន្ត្រីរដ្ឋាភិបាល ដើម្បីដំណោះស្រាយ។ កញ្ញា ឆេង ណាតា រាយការណ៍៖
ក្នុងទិវាជនពិការកម្ពុជាលើកទី១៨ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅសាលមហោស្រពកោះពេជ្រ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាក្រសួងមហាផ្ទៃកំពុងបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ រកទីតាំងទីលានប្រជាធិបតេយ្យថ្មី នៅតាមបណ្តោយផ្លូវជាតិលេខ៥។
សម្ដេចបានពន្យល់ពីហេតុផល ដែលត្រូវដោះដូរទីតាំងទីលានប្រជាធិបតេយ្យ ដូចនេះថា៖
«ដោយសារតែឥលូវនេះ យើងមិនទុកទីលានប្រជាធិបតេយ្យនៅកណ្តាលក្រុង បង្កើតភាពរញ៉េរញ៉ៃនៅក្នុងហ្នឹងបានទៀតទេ សម្តេចក្រឡាហោមកំពុងឱ្យឯកឧត្តម ប៉ា សុជាតិវង្ស រកទីលានប្រជាធិបតេយ្យថ្មី ដែលមានលទ្ធភាពទៅធ្វើខាងផ្លូវជាតិលេខប្រាំគីឡូម៉ែត្រលេខ៦ ហើយយើងយកកន្លែងនេះធ្វើជាសួនច្បារ ហើយអាចយកផ្នែកមួយ ហើយយុទ្ធជនពិការរបស់សម្តែងសិល្បៈនៅកន្លែងហ្នឹង»។
ទីលានប្រជាធិបតេយ្យត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ មានទីតាំងនៅក្បែរស្ពាននាគជិតវត្តភ្នំ។ ទីលានប្រជាធិបតេយ្យបង្កើតឡើង ដើម្បីឱ្យប្រជាជនដែលមានបញ្ហា បានមកបញ្ចេញមតិដើម្បីរកដំណោះស្រាយ។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central)មានប្រសាសន៍ថា ការផ្លាស់ប្តូរទីតាំងលានប្រជាធិបតេយ្យគឺជាសិទ្ធិរបស់រដ្ឋាភិបាល ប៉ុន្តែគួរតែគោរពតាមគោលការណ៍ នៃការបញ្ចេញមតិ។
លោកថា ការផ្លាស់ប្តូរគួរតែនៅជិតស្ថានប័នរដ្ឋ ដែលអាចឱ្យស្ថានប័នរដ្ឋ ឬសាធារណៈជនមើលឃើញ និងបានស្តាប់ពីបញ្ហារបស់ពលរដ្ឋ ហើយគួរតែកុំយកទៅដាក់នៅទីតាំងឆ្ងាយ និងស្ងាត់ជ្រងំនោះទេ។
លោកបន្តថា សម្រាប់ទីតាំងថ្មីដែលមានគម្រោងធ្វើនៅបណ្តោយជាតិលេខ៥ លោកគិតថា ទីតាំងនោះវាឆ្ងាយពេក សម្រាប់អ្នកចង់សម្តែងមតិ។
លោកបន្ថែមថា៖«ព្រោះនៅស្រុកយើង អនុវត្តច្បាប់ហ្នឹងរបៀបជាស្តង់ដាពីរខុសគ្នា នៅស្រុកគេ ចង់សម្តែងមតិកុំថាដល់ទៅក្រុម សូម្បីមនុស្សម្នាក់ក៏គេអាចសម្តែងមតិបានដែរ អញ្ចឹងដាក់ទៅឆ្ងាយពេកក៏វាអត់ល្អដែរ ខ្ញុំគិតថាគួរពិចារណានៅជិតម្តងទៀត ខ្ញុំថា ពិចារណានៅជិតស្ថាប័នរដ្ឋសំខាន់ៗអញ្ចឹងទៅ ដើម្បីឱ្យអ្នកដឹកនាំប្រទេសលោកបានឃើញ លោកបានដឹងថា ប្រជាពលរដ្ឋមានការដែលមិនសប្បាយចិត្តរឿងអី ហើយយកកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ»។
ចំណែកលោក អំ សំអាត មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ លើកឡើងថាទីតាំងថ្មីនៅផ្លូវជាតិលេខ៥ មិនត្រឹមតែឆ្ងាយនោះទេ តែក៏បង្កឱ្យស្ទះចរាចរណ៍ផងដែរ។ លោកបន្តថា លោកចង់ឃើញទីលានប្រជាធបតេយ្យ នៅទីប្រជុំជនកណ្តាលក្រុង ដែលធ្វើឱ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋមកជួបជុំគ្នាសម្តែងមតិ។
លោក អំ សំអាត៖«ប៉ុន្តែបើយើងបញ្ជូនទៅឆ្ងាយអាហ្នឹងវា ប្រជាពលរដ្ឋក៏ត្រូវធ្វើដំណើរទៅឆ្ងាយ ហើយចង់មកដាក់ញត្តិ ដាក់អីនៅស្ថាប័ន ក៏វាត្រូវឆ្ងាយទៅទៀត ហើយដំបូងបំផុតទីលានប្រជាធិបតេយ្យគេចង់បញ្ចេញមតិ ដោយឱ្យប្រជាពលរដ្ឋអីបានដឹងបានលឺ ប៉ុន្តែបើយើងយកទៅឆ្ងាយបានអ្នកណាដឹងលឺអី»។
ទន្ទឹមនឹងបំណងចង់ប្តូទីលានប្រជាធិបតេយ្យទៅផ្លូវជាតិលេខ៥ សម្តេចបានឌឺដងទៅអាមេរិកថា លោកចង់លើកទីលានប្រជាធិបតេយ្យ ដែលជាកន្លែងប្រជាពលរដ្ឋធ្វើបាតុកម្ម ទៅមុខស្ថានទូតអាមេរិកវិញ។ សម្តេចថ្លែងដូចនេះខណៈសម្តេចមើលឃើញថា សហរដ្ឋអាមេរិកចូលចិត្តគាំទ្របាតុកម្ម ហើយការតវ៉ាធ្វើបាតុកម្មភាគច្រើន គឺជាការជំរុញរបស់អង្គការសង្គមស៊ីវិល ដែលគាំទ្រដោយអាមេរិក ឬគាំទ្រដោយអាមេរិកផ្ទាល់តែម្តង។
សម្ដេច ហ៊ុន សែន៖«ហើយបើថា មិនពេញចិត្តទេលើកយកទៅដាក់មុខស្ថានទូតអាមេរិក មានតែប៉ុណ្ណឹង អាហ្នឹងសិទ្ធរបស់យើងតើ សិទ្ធរបស់អាជ្ញធរតើ ហើយ ការប្រមូលផ្តុំវាគ្មានអីខុសគ្នាទេ សម័យឥលូវនោះ ប្រមូលនៅឯណាក៏បានដែរ ព្រោះគេមិនមែនមកមើលហ្នេងឯណា គេមើលតាមហ្វេសប៊ុកតើ គេមើលតាមការផ្សាយតើ។ ហើយទុកកន្លែងហ្នឹងជាតំបន់ពាណិជ្ជកម្ម ជាតំបន់អ្នកការទូត ជាតំបន់ទេសចរជាតំបន់អី…»។
កាលពីឆ្នាំ២០១៤ ទីលានប្រជាធិបតេយ្យនៅក្បែរវត្តភ្នំ ធ្លាប់ត្រូវបានអាជ្ញាធរ បិទអស់រយៈពេល ជាច្រើនខែ ៕