នៅពេលដឹងថា មេដឹកនាំផ្ដាច់ការម្នាក់នៅប្រទេសជិតខាង ត្រូវបានប្រជាជន ទម្លាក់តាមរយៈការបោះឆ្នោត ស្របពេលនេះ មេដឹកនាំម្នាក់ទៀត គឺ ប្រធានាធិបតី Jose Eduardo dos Santos នៃប្រទេសអង់ហ្គោឡា បានប្រកាសប្រាប់ប្រជាជនរបស់លោកថា លោកនឹងចុះចេញពីតំណែងនៅមុនការបោះឆ្នោត ឆ្នាំ២០១៧។ នេះបើ យោងតាម ការស្រង់ប្រភព គណបក្ស MPLA របស់លោក។
លោក Jose Eduardo dos Santos ប្រធានាធិបតី នៃប្រទេសអង់ហ្គោឡា ត្រូវបានប្រជាជនប្រទេសមួយនេះ បានហៅលោកជាជនផ្ដាច់ការ ដែលបានកាន់អំណាច ៣៧ឆ្នាំ ធ្វើឱ្យមានការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។ លោក Jose Eduardo dos Santos បានឡើងកាន់អំណាច តាំងពីឆ្នាំ១៩៧៩។ លោកគឺជា មេដឹកនាំកាន់អំណាច យូរជាងគេ នៅទ្វីបអាហ្រិ្វក ក្នុងចំណោមមេដឹកនាំ ផ្ដាច់ការជាច្រើនទៀត។
ការគ្រប់គ្រងអំណាច របស់លោក Jose Eduardo ត្រូវបានគេមើលឃើញថា មានការរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យប្រជាជន រងការឈឺចាប់យ៉ាងខ្លាំង ខណៈក្រុមគ្រួសារនិងបក្សពួករបស់លោកក្លាយជាមហាសេដ្ឋីយ៉ាងឆាប់រហ័ស។ វិទ្យុជាតិនៃប្រទេសអង់ហ្គោឡា បានផ្សព្វផ្សាយថា លោករដ្ឋមន្រី្តការពារជាតិ Joao Lourenco នឹងឡើងធ្វើជាប្រធានគណបក្ស MPLA នៅពេលឆាប់ៗនេះ។
លោក Joao Pinto សមាជិកជាន់ខ្ពស់ នៃគណបក្សកាន់អំណាច បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាលោក Jose Eduardo នឹងមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតី នៅក្នុងការបោះឆ្នោត ឆ្នាំ២០១៧នោះទេ។ លោកថា លោក Jose Eduardo បានរកអ្នកស្នងរួចហើយ។
អ្នកសង្កេតការណ៍ ចាត់ទុកឆន្ទៈរបស់ថា លោក Jose Eduardo ដែលប្រកាស ចុះចេញពីតំណែងមុនការបោះឆ្នោត គឺជាការទទួលឥទ្ធិពលមួយយ៉ាងពិតប្រាកដ ពី ប្រទេស Gambia ដែលប្រជាជនប្រទេសនេះ បានទម្លាក់មេដឹកនាំផ្ដាច់ការ លោក Yahya Jammeh បានដោយជោគជ័យតាមរយៈការបោះឆ្នោត កាលពីថ្ងៃសុក្រទី២ធ្នូឆ្នាំ២០១៦នេះ។ លោក លោក Yahya Jammeh បានកាន់អំណាច ២២ឆ្នាំ។ក្នុងការគ្រប់គ្រងរបស់លោក ក៏មានការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរដែរ៕