ភ្នំពេញ ៖ ចាប់ពីថ្ងៃទី០២ ខែធ្នូ រហូតដល់ថ្ងៃទី១០ ខែធ្នូ ប្រជាពលរដ្ឋរាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ ជាបន្តបន្ទាប់នៅ ៣៥ ទីតាំងផ្សេងគ្នា ក្នុង ១៨ ខេត្ត-រាជធានី ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ ២០១៦។
ព្រឹត្តិការណ៍នេះភាគច្រើននឹងត្រូវរៀបចំឡើងនៅតំបន់ជនបទ ក្នុងមូលដ្ឋានជាច្រើនរួមមាន សហគមន៍រងផលប៉ះពាល់ដោយជម្លោះដីធ្លី។ បណ្ដាញយុវជន សមាគម និងព្រះសង្ឃ ក៏ដូចជាសហជីព និងអង្គការមិនមែនរដ្ឋាភិបាលនៅទូទាំងប្រទេស នឹងរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះជាបន្តបន្ទាប់ ក្រោមប្រធានបទ “យុត្តិធម៌ ២០១៦”។
នៅរាជធានីភ្នំពេញ និងក្រុងចំនួន ៤ មានក្រុងសៀមរាប បាត់ដំបង សិរីសោភ័ណ និងក្រុងព្រះសីហនុ ព្រឹត្តិការណ៍ធំនេះនឹងត្រូវបានរៀបចំឡើងដោយសហគមន៍នៅជុំវិញតំបន់នីមួយៗ ដើម្បីរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស។
ការប្រារព្ធទិវានេះនឹងមានរួមបញ្ចូលនូវសកម្មភាពមួយចំនួនដូចជា វេទិកាសាធារណៈដើម្បីជជែកពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សក្នុងពេលបច្ចុប្បន្ន ការសម្ដែងរឿង ការដាក់ញត្តិជូនទៅអាជ្ញាធរមូលដ្ឋាន ស្ដីពី កង្វល់នៃបញ្ហាសិទ្ធិមនុស្សនៅក្នុងមូលដ្ឋាន និង នៅថ្នាក់ជាតិ។ ការរៀបចំពិធីបុណ្យបែបព្រះពុទ្ធសាសនា ដែលភ្ជាប់ទៅនឹងបញ្ហាសិទ្ធិមនុស្ស ព្រមទាំងការដង្ហែក្បួនឆ្លងកាត់តាមស្រុក ខណ្ឌ និងក្រុង នៅតាមខេត្តមួយចំនួន។
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នឹងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបង្ហាញពីការសាមគ្គីភាព ការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងដើម្បីទទួលបាន ការគោរពសិទ្ធិមនុស្ស។ នៅសល់ពេលប្រមាណ ១ ឆ្នាំទៀតប៉ុណ្ណោះការបោះឆ្នោតឃុំ / សង្កាត់ នឹងមកដល់ ដូច្នេះ ការប្រារព្ធទិវាសិទ្ធិមនុស្សនៅឆ្នាំនេះ ប្រជាពលរដ្ឋរាប់ពាន់នាក់នឹងអាចលើកឡើងពីបញ្ហាជាច្រើនដូចជា ការបោះឆ្នោតដោយសេរី និង យុត្តិធម៌ បញ្ហាសិទ្ធិដីធ្លី ប្រាក់ឈ្នួលសម រម្យសម្រាប់កម្មករ ប្រព័ន្ធតុលាការឯករាជ្យ និងការបញ្ចប់ការធ្វើទុក្ខបុកម្នេញលើសេរីភាពជាមូលដ្ឋាន។
លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា (CYN) បានមានប្រសាសន៍ថា៖ «ច្បាប់មួយចំនួនត្រូវបានប្រើប្រាស់សម្រាប់រឹតត្បិតយើង ចាប់យើងដាក់ពន្ធនាគារ និងបំបិទសំឡេងយើង”។ លោកបន្តថា៖ “យុវជនគឺជាអនាគតនៃប្រទេសកម្ពុជា ហើយយើងក៏ដូចជាជនក្រីក្រត្រូវការអនាគតមួយដែលមានការគោរពសិទ្ធិមនុស្ស និងជួយគាំទ្រដោយអ្នកមានអំណាច»។
កញ្ញា សុង ស្រីលាភ តំណាងសហគមន៍បឹងកក់ បានមានប្រសាសន៍ថា៖ «ពួកយើងនៅតែបាត់បង់ដីធ្លី កម្មករនៅតែទាមទារឲ្យមានប្រាក់ឈ្នួលសមរម្យសម្រាប់ការរស់នៅ ប៉ុន្តែនៅពេលយើងធ្វើការតវ៉ា យើងត្រូវបានគេចាប់ដាក់ពន្ធនាគារ”។ កញ្ញាបន្តថា៖ “យើងប្រារព្ធទិវាសិទ្ធិមនុស្ស ប៉ុន្តែយើងក៏ទាមទារឲ្យមានការផ្លាស់ប្ដូរដោយសារយើងត្រូវការយុត្តិធម៌»។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា (CFSWF) បានមានប្រសាសន៍ថា៖ «កម្មករតស៊ូដើម្បីរស់ត្រូវបានរឹតត្បិតដោយច្បាប់សហជីពថ្មី និងច្បាប់ដែលមានលក្ខណៈរឹតត្បិតដទៃទៀត។ ថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិគឺជាពេលវេលាមួយសម្រាប់យើងចូលរួមទាំងអស់គ្នា ដើម្បីតវ៉ាទៅនឹងច្បាប់ដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់យើង»។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតនៃអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) បានមានប្រសាសន៍ថា៖ «ប្រធានបទសម្រាប់ថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះគឺ ”យុត្តិធម៌ ២០១៦” ដោយសារយុត្តិធម៌មានសារៈសំខាន់ណាស់សម្រាប់សន្ដិភាពនិងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើគ្មានតុលាការឯករាជ្យទេ នោះនឹងមិនមានយុត្តិធម៌និងសន្ដិភាពឡើយ»។
សង្គមស៊ីវិលសង្កេតឃើញថា រយៈពេល ១ ឆ្នាំមកនេះ មានការធ្វើទុក្ខបុកម្នេញលើលទ្ធិប្រជាធិបតេយ្យ និង សង្គមស៊ីវិល ការបន្តប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទសំឡេង និង គំរាមកំហែងសកម្មជនជាដើមនៅកម្ពុជានៅតែបន្តមាន។ ជាងនេះទៀត បញ្ហាកង្វះខាតការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិដីធ្លីនិងសិទ្ធិការងារនៅតែជាកត្តាប្រឈម។ សកម្មភាពរបស់សកម្មជននៅទូទាំងប្រទេសនៅតែបន្តការតវ៉ាប្រឆាំងទៅនឹងភាពអយុត្តិធម៌ ដើម្បីទាមទារសិទ្ធិរបស់អ្នកទាំងនោះនិងទាមទារឲ្យមានការផ្លាស់ប្ដូរ៕ប្រភព ៖ លីកាដូ