en     km
en     km

​លោក​ នី​ ចរិយា​ ដៃ​ជាប់​ខ្នោះ​ឱប​សៀវភៅ​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ​ដោយ​ភាព​ញញឹម​បន្ដិច​ (មានវីដេអូ)

Share

ភ្នំពេញ៖ លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងជាអតីតមន្ដ្រីសិទ្ធិមនុស្សនៃសមាគម ការពារសិទ្ធិមនុស្សអាដហុកត្រូវបានបញ្ជូនទៅពន្ធនាគារវិញដោយដៃជាប់ខ្នោះឱបសៀវភៅតែប្រកបដោយភាពញញឹមបន្ដិចខណៈស្ថានការណ៍នយោបាយធូរស្រាល។

លោក នី ចរិយា
លោក នី ចរិយា

ភាពញញឹមបន្ដិចនេះបន្ទាប់ពីលោកត្រូវបាននាំខ្លួនមកកាន់សាលាឧទ្ធរណ៍ ដើម្បីស្ដាប់ការជំនុំជម្រះក្ដីករណីរឿងរ៉ាវរបស់លោកដែលគេចោទថា បរិហាកេរិ៍្ដមន្ដ្រីតុលាការខេត្ដសៀមរាប។

នៅពេលចេញពីបន្ទាប់សវនាការលោក នី ចរិយា ដែលស្លៀកពាក់ពណ៍ស្លាទុំជាសម្លៀកបំពាក់អ្នកទោសលោកបានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាន ប្រកដបដោយទឹកមុខស្រស់ស្រាយបន្តិចស្របពេល ស្ថានការណ៍នយោបាយធូរស្រាលបន្ទាប់ពីលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងត្រូវបានសម្ដេច ហ៊ុន សែន និងព្រះមហាក្សត្រលើកលែងទោសដែលជាក្ដីសង្ឃឹមចំពោះលោក នី ចរិយា ផងដែរ។

នៅពេលដែលអ្នកសារព័ត៌មានសាកសួរអំពីក្ដីរំពឹងរបស់លោកពីការដោះលែង ឲ្យមានសេរីភាពនោះបុរសដែលធ្លាប់វិភាគ និងរិះគន់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាបានឆ្លើយដោយទឹកមុខរូសរាយថា លោកមិនដឹងថាសាលដីកាប្រកាសនៅថ្ងៃ ១៤ ឆ្នូ យ៉ាងណានោះទេ គឺអ្វីៗត្រូវរង់ចាំនៅថ្ងៃនោះទាំងអស់គ្នា។

ទាំងលោក នី ចរិយា លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ដ និងលោកស្រី លឹម មុនី មន្ដ្រីជាន់ខ្ពស់នៃសមាគម ការពារសិទ្ធិមនុស្សអាដហុក ពួកគាត់សុទ្ធតែជាប់ចោទក្នុងសុំណុំរឿងអ្នកនាងខុម ចាន់តារាទី ហៅស្រីមុំ ក្នុងរឿងស្នេហាដែលគេសង្ស័យថា មានទំនាក់ទំនងជាមួយនឹងលោក កឹម សុខា។

រយៈពេលប៉ុន្មានថ្ងៃមកនេះនៅពេលលោក កឹម សុខា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រគឺស្ថានការនយោបាយដែលធ្លាប់ឡើងកម្ដៅបានធូរស្បើយយ៉ាងឆាប់រហ័ស ខណៈក្រុមគណបក្សប្រឆាំងសន្យាត្រឡប់ចូលសភាវិញហើយមិនតែប៉ុណ្ណោះក៏មានការរំពឹងទុកថា មន្ដ្រីសិទ្ធិមនុស្សទាំង៤រូប រួមទាំងលោក នី ចរិយា ផងដែរទំនងនឹងត្រូវលើកលែងទោសក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ករណីនេះអ្នកវិភាគនឹងអ្នកសង្កេតការណ៍បានហៅ ករណីរបស់មន្ត្រីសិទ្ធិមនុស្សថាជាសំណុំរឿងនយោបាយនៅក្នុងប្រព័ន្ធតុលាការនៅកម្ពុជា៕

Share

Image
Image
Image