លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងទំនងចៀសមិនរួចពីការដកហូតតំណែង តាមរយៈការបោះឆ្នោតសម្ដែងការទុកចិត្ដក្នុងរដ្ឋសភានៅថ្ងៃ ០៩ ធ្នូ ខាងមុខនេះនោះទេ។ លោក Woo Sang-ho ប្រធានសភាសម្លេងភាគតិចនៃគណបក្សប្រឆាំងបាននិយាយថា លោកស្រី ប៉ាក គុនហេ នឹងត្រូវបានស្នើឲ្យមកបង្ហាញខ្លួននៅថ្ងៃ ០៩ ធ្នូ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការប្រឆាំងលោកស្រីពីបទពុករលួយ និងរឿងអាស្រូវជាច្រើនទៀត។
លោកបានបញ្ជាក់ថា ក្រុមតំណាងរាស្ដ្របក្សប្រឆាំងបាន ត្រៀមដាក់របៀបវារៈនេះរួចស្រេចហើយ ដោយរង់ចាំទៅថ្ងៃបោះឆ្នោតសម្ដែងការទុកចិត្ដទៅលើលោកស្រី ប៉ាក គុនហេ តែប៉ុណ្ណោះ។
តាមប្រធានគណបក្សប្រឆាំងរូបនេះប្រសិនបើការបោះឆ្នោតទម្លាក់លោកស្រី តាមរយៈសភាហើយនោះគឺរយៈពេលតែ ពីរខែប៉ុណ្ណោះប្រទេសនេះនឹងមានការបោះឆ្នោតប្រធានាធិបតីថ្មីឡើងវិញ។ លោកស្រី ប៉ាក គុនហេ បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវដោយសារតែជំនួយការជិតស្និទ្ធរបស់លោកស្រីគឺលោកស្រី ឆយ ឈុនស៊ីល បានប្រើប្រាស់ឈ្មោះរបស់លោកស្រីដើម្បីអង្គាសប្រាក់មូលនិធិដែលបក្សប្រឆាំងចោទថាមិនស្របច្បាប់។ ដោយសារករណីនេះលោកស្រី ឆយ ឈុនស៊ីល និងសហការរីរបស់លោកស្រីពីររូបទៀតត្រូវបានរដ្ឋអាជ្ញាឃុំខ្លួន៕ ប្រភព៖ AFP