loader

​សម្ដេច​ ហ៊ុន​ សែន​៖​ កម្ពុជា​មិន​ខុស​ទេ​ចំពោះ​ការ​បង្ក្រាប​បាតុកម្ម​ ព្រោះ​អា​មេ​រិ​ក​ក៏​បង្ក្រាប​បាតុកម្ម​ដូច​កម្ពុជា​ដែរ​ (​មាន​សំឡេង​)​

​ភ្នំពេញ​៖​ សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា​ការ​បង្ក្រាប​បាតុកម្ម​ នៅ​សហរដ្ឋអាមេរិក​មិន​ត្រូវ​បាន​ គេ​រិះគន់​ថា​រំលោភសិទ្ធិ​មនុស្ស​នោះ​ទេ​។​ ចុះ​ចំណែក​កម្ពុជា​ បង្ក្រាប​បាតុកម្ម​រឿង​ខុស​ រឿង​អី​រំលោភសិទ្ធិ​មនុស្ស​ គឺ​កម្ពុជា​គ្មាន​ខុស​ឡើយ​។​ តែ​សម្រាប់​អ្នកវិភាគ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យល់​ថា​ មតិ​នេះ​គ្រាន់តែ​ជា​លេស​ដើម្បី​បន្ដ​ការ​បង្ក្រាប​បាតុកម្ម​បន្ដ​ទៀត​ប៉ុណ្ណោះ​។​ ពួក​គាត់​ថា​ នៅ​អា​មេ​រិ​ក​គេ​បង្ក្រាប​បាតុកម្ម​តែ​គេ​មិន​ប្រើ​គ្រាប់កាំភ្លើង​ ពិតៗ​ដូច​កម្ពុជា​ដែល​នាំ​ឱ្យ​មានការ​ បាត់បង់​ជីវិត​មនុស្ស​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​
សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​ ហ៊ុន​ សែន​ នៅ​ព្រឹក​ ថ្ងៃ​ចន្ទ​ ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ រោងចក្រ​ក្រុមហ៊ុន​ កូកាកូឡា​ថ្មី​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ​ ដោយ​ស្នើ​ឲ្យ​ឯកអគ្គរាជរដ្ឋទូត​សហរដ្ឋអាមេរិក​ កត់ចំណាំ​នូវ​ចំណុច​មួយ​ចំនួន​ដែល​សម្ដេច​អះអាង​ថា​ មាន​អ្នកវិភាគ​ និង​តំណាង​អង្គការសិទ្ធិមនុស្ស​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​បង្ក្រាប​បាតុកម្ម​នៅ​អា​មេ​រិ​ក​គឺ​មិន​ខុស​។​ បន្ថែម​ពី​នេះ​សម្ដេច​ថា​ បើ​ការ​បង្ក្រាប​បាតុកម្ម​នៅ​អា​មេ​រិ​ក​កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​មិន​ខុស​ គឺ​ការ​បង្ក្រាប​បាតុកម្ម​នៅ​កម្ពុជា​កន្លង​មក​ក៏​មិន​ខុស​ដែរ​ ដោយ​សម្ដេច​ថា​ ក្នុង​លក្ខខណ្ឌ​រក្សា​សណ្ដាប់ធ្នាប់​នៃ​ប្រទេស​មួយ​រាជរដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ដូចនេះ​។​

​សម្ដេច​ ហ៊ុន​ សែន​៖«​ខ្ញុំ​សូម​ស្នើ​សុំ​ឲ្យ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​កត់ត្រា​ឲ្យ​ច្បាស់​ នូវ​សម្ដី​អ្នកវិភាគ​និង​តំណាង​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដែល​បាន​និយាយ​ជាមួយ​សារព័ត៌មាន​ឲ្យ​ច្បាស់​ថា​ ការ​បង្ក្រាប​នៅ​អា​មេ​រិ​ក​គឺ​ត្រឹមត្រូវ​នឹង​មិន​រំលោភសិទ្ធិ​មនុស្ស​បាន​ កុំ​មាន​ស្ដង់ដា​ពីរ​ឯកឧត្ដម​ ហើយ​ខ្ញុំ​សង្ឃឹមថា​ ការ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​កន្លង​ទៅ​គឺ​អត់​ខុស​ទេ​ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​ប្រទេស​មួយ​គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ដូច​គ្នា​ អ​ញ្ចឹ​ង​បើ​អ្វី​ដែល​បាន​កើត​នៅ​អា​មេ​រិ​ក​កាលពី​ប៉ុន្មាន​អាទិត្យ​មុន​វា​អត់​ខុស​នៅ​កម្ពុជា​ក៏​អត់​ខុស​ដែរ​»​។​

​ជាង​នេះ​ទៀត​សម្ដេច​ក៏​បាន​រិះគន់​ សារព័ត៌មាន​មួយ​ចំនួន​ដែល​ប្រៀបធៀប​បាតុកម្ម​ នៅ​កម្ពុជា​និង​បាតុកម្ម​នៅ​អា​មេ​រិ​កដោយ​ មិន​បាន​យក​ទិដ្ឋភាព​ពិត​មក​បង្ហាញ​ដែល​ សម្ដេច​ថា​ ប៉ូ​លី​សអា​មេ​រិ​កបាន​បង្ក្រាប​បាតុករ​យ៉ាង​ឃោ​ឃៅ​ហើយ​ចាប់ខ្លួន​រាប់​ពាន់​នាក់​ប៉ុន្ដែ​បែរជា​បង្ហាញ​រូបភាព​ដែល​មិន​បញ្ជាក់​ទិដ្ឋភាព​នោះ​ទៅ​វិញ​។​

លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ

​ត្រង់​ចំណុច​នេះ​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​មាន​ប្រសាសន៍​ថា​ មិន​អាច​យក​ការ​បង្ក្រាប​បាតុកម្ម​នៅ​កម្ពុជា​ទៅ​ប្រៀបធៀប​នឹង​ការ​បង្ក្រាប​បាតុកម្ម​នៅ​អា​មេ​រិ​កបាន​ទេ​ ព្រោះ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​។​ ប៉ុន្តែ​ដូចនេះ​ក្ដី​ សម្ដេច​មិន​បាន​និយាយ​ថា​តើ​អា​មេ​រិ​ក​បង្ក្រាប​បាតុកម្ម​បាន​បាញ់​ សម្លាប់​បាតុករ​ដែរ​ឬទេ​។​

​ទាក់ទិន​រឿង​នេះ​ លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ Licahdo​ មាន​ប្រសាសន៍​តាម​រយៈ​បទ​សម្ភាសន៍​ខ្លី​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ ថា​ ជា​គោលការណ៍​ប្រទេស​នីមួយៗ​តែងតែមាន​ច្បាប់​ ជា​ពិសេស​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ គឺ​មិនមែន​ចេះ​តែ​បង្ក្រាប​តាម​ការ​នឹកឃើញ​នោះ​ទេ​។​ ជាង​នេះ​លោក​សង្កត់ធ្ងន់​ថា​ អា​មេ​រិ​ក​មុនគេ​បង្ក្រាប​គឺ​គេ​ចរចា​សិន​ ហើយ​ជាង​នេះ​រាល់​ការ​បង្ក្រាប​បាតុកម្ម​គេ​ប្រើ​ក្រុម​ជំនាញ​ ហើយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​របស់​គេ​ទេ​ ដែល​ចំណុច​នេះ​លោក​ថា​ ខុស​ឆ្ងាយ​ពី​កម្ពុជា​ដែល​កន្លង​មក​ការ​បង្ក្រាប​គឺ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ដែល​គ្មាន​ជំនាញ​ ហើយ​បង្ក​ជា​គ្រោះថ្នាក់​ជិ​វិត​មនុស្ស​ និង​បង្ក​ការ​រង​របួស​ធ្ងន់ធ្ងរ​ទៀត​ផង​។​

​លោក​ អំ​ សំអាត​៖«​នៅ​កម្ពុជា​យើង​ការ​បង្ក្រាប​បាតុកម្ម​កន្លង​មក​ក៏​មានការ​បាត់បង់​ជីវិត​អ្វី​ជាដើម​ ហើយ​ការ​ប្រើ​កម្លាំង​ក៏​ខុស​គ្នា​ដែរ​នៅ​អា​មេ​រិ​ក​គេ​ប្រើ​កម្លាំង​ប៉ូ​លី​ស​ដែល​មាន​ជំនាញ​ដែល​បាន​ហ្វឹកហ្វឺន​ត្រឹមត្រូវ​តែ​នៅ​កម្ពុជា​កា​រប​ង្ក្រា​ការ​តវ៉ា​ និង​បាតុកម្ម​ខ្លះ​គឺ​ប្រើ​កង​សន្ដិសុខ​ដែល​គ្នា​ជំនាញ​ »​។​

​ដូច​គ្នា​នេះ​ដែរ​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្ដរជាតិ​មាន​ប្រសាសន៍​ថា​ មិន​អាច​យក​ករណី​បង្ក្រាប​បាតុកម្ម​នៅ​អា​មេ​រិ​ក​ មក​ប្រដូច​ការ​បង្ក្រាប​បាតុកម្ម​នៅ​កម្ពុជា​បាន​នោះ​ទេ​។​

​លោក​ថា​ ការ​បង្ក្រាប​បាតុកម្ម​នៅ​អា​មេ​រិ​ក​គឺ​គេ​ប្រើ​កម្លាំង​សម​សម្រប​ មិន​ប្រើ​គ្រាប់កាំភ្លើង​ពិត​ មិន​ប្រើ​ដំបង​ដែក​ ដើម្បី​វាយ​ទៅ​លើ​កម្មករ​របស់​គេ​បង្ក​ជា​ការ​រង​របួស​ឡើយ​។​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ យល់​ថា​ ខុស​គ្នា​ឆ្ងាយ​ពី​ការ​បង្ក្រាប​បាតុកម្ម​នៅ​កម្ពុជា​កន្លង​មក​។​ លោក​គិត​ថា​ បើ​ដូចនេះ​មែន​អាជ្ញាធរ​កម្ពុជា​នឹង​មិន​បន្ថយ​ដៃ​ឡើយ​ ទៅ​លើ​បាតុករ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​ការ​ប្រៀបធៀប​គ្នា​រវាង​បាតុកម្ម​ទាំង​ពីរ​នេះ​ គ្រាន់តែ​ជា​ការ​ដោះសារ​យក​លេស​យករួចខ្លួន​ ដើម្បី​បន្ដ​ការ​ប្រើ​កម្លាំង​លើសលប់​ និង​ឧបករណ៍​ដែល​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​បាតុករ​ រួម​ទាំង​គ្រាប់កាំភ្លើង​ពិត​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​បាតុករ​អហិង្សា​ និង​សន្ដិវិធី​ ដូច្នេះ​មិន​អាច​ប្រៀបធៀប​គ្នា​បាន​ទេ​»​។​

​ករណី​ការ​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​នៅ​ផ្លូវ​ វេ​ង​ស្រេង​ កាលពី​ខែមករា​ ឆ្នាំ​២០១៤​  បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ យ៉ាងតិច​ ៥​នាក់​ និង​របួស​ជា​ច្រើន​សិប​នាក់​ ខណៈ​កម្មករ​ ជាង​២០​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​។​ ការ​បង្ក្រាប​នៅ​ពេល​នោះ​ កងកម្លាំង​ ប៉ូលិស​ និង​កងរាជអាវុធហត្ថ​បាន​ប្រើ​គ្រាប់​បែកផ្សែង​ និង​គ្រាប់កាំភ្លើង​ពិត​។​ ក្រោយ​ពី​បង្ក្រាប​ភ្លាម​ សហគមន៍​អន្តរជាតិ​ បាន​ថ្កោលទោស​ កម្ពុជា​ យ៉ាង​ខ្លាំង​៕​

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x