ភ្នំពេញ ៖ ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ ៥០០ នាក់មកពីខេត្តចំនួន ៦ នៅថ្ងៃទី ០៥ ខែធ្នូនេះ បានធ្វើដំណើរឡើងមករាជធានីភ្នំពេញដើម្បីដាក់ញត្តិដល់ក្រសួងពាក់ព័ន្ធ ឱ្យជួយរកដំណោះស្រាយបញ្ហាដីធ្លីដែលក្រុមហ៊ុន អ្នកមានលុយ មានអំណាច បានរំលោភបំពានយក។ យ៉ាងណាក្រសួងពាក់ព័ន្ធដែលពលរដ្ឋស្វែងរកកិច្ចអន្តរាគមន៍នោះ បានទទួលយកញត្តិពីពលរដ្ឋហើយ ព្រមទាំងបានសន្យាជួយដោះស្រាយបញ្ហាជូនពលរដ្ឋតាមដំណាក់កាល។

ពលរដ្ឋទាំងនោះមក ពីខេត្តស្វាយរៀង ព្រៃវែង កណ្ដាល តាកែវ កោះកុង ព្រះសីហនុ ពួកគាត់បាន ឡើងមករាជធានីភ្នំពេញ ប្រគល់ញត្តិជូនដល់ក្រសួងដែនដី ក្រសួងកសិកម្ម ព្រមទាំងរដ្ឋសភា ដើម្បីឱ្យស្ថាប័នទាំងបីនេះជួយរកដំណោះស្រាយ ករណីក្រុមហ៊ុនអ្នកមានអំណាចបានរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ។
លោក ញឹល ភាព អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងជាតំណាងប្រជាពលរដ្ឋទាំង ៦ ខេត្ត បាននិយាយថា ប្រជាពលរដ្ឋ ឡើងមករកកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធថ្ងៃនេះ គឺបំណងដើម្បីឱ្យក្រសួងពាក់ព័ន្ធ ជួយដោះស្រាយវិវាទដីធ្លីពលរដ្ឋទាំង ៦ ខេត្ត ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន អ្នកមានអំណាច មានប្រាក់កាស រំលោភយកដីពលរដ្ឋ។
ទន្ទឹមនឹងនេះ ពលរដ្ឋចោទថា អាជ្ញាធរមូលដ្ឋាន និង ក្រុមហ៊ុនហាក់បានឃុបឃិតគ្នាជាប្រព័ន្ធទើបនាំឱ្យបញ្ហានេះពិបាកដោះស្រាយ។ លោក ញឹល ភាព៖« ថ្មីៗនេះនៅសហគមន៍ព្រះសីហនុ យើងឃើញថាមានឧកញ៉ាមួយចំនួនប្រើទាហាន ប្រើកងកម្លាំងទៅបណ្តេញប្រជាពលរដ្ឋ ទៅរុសរើផ្ទះពលរដ្ឋ ប្លន់ដីធ្លីប្រជាពលរដ្ឋ។ ដំណើរដីធ្លីនេះជាបញ្ហាជាប្រព័ន្ធមានន័យថា មន្ត្រីទាំងថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិហ្នឹងមានការឃុបឃិតគ្នាជាប្រព័ន្ធ អញ្ចឹងបញ្ហានេះគឺដោះមិនចេញនោះទេ»។
ទន្ទឹមនឹងការតវ៉ារឿងនេះ ពលរដ្ឋទាំងនោះ ក៏បានអំពាវនាវឱ្យក្រសួងកសិកម្ម ជួយរកទីផ្សារផលិតកសិកម្ម របស់ពួកគាត់ ។

លោក ផុល ឌួក តំណាងសហគមន៍ចុងអំបិលមកពីខេត្តព្រៃវែង លើកឡើងថា សហគមន៍របស់លោកឡើងមករាជធានីភ្នំពេញថ្ងៃនេះ ក៏ចង់ឱ្យក្រ សួងកសិកម្ម ជួយដោះស្រាយបញ្ហាតម្លៃផលិតផលរបស់កសិករដែលចេះតែធ្លាក់ថ្លៃនៅពេលរដូវប្រមូលផល និងស្នើឱ្យក្រសួងជួយយកចិត្ត ទុក ដាក់ផ្តល់បច្ចេកទេសដាំដុះ និងប្រព័ន្ធស្រោចស្រពដល់ប្រជាកសិករផងដែរ។
លោក ត្អូញត្អែលថា កសិករ តែងជួបការខាតបង់ពីកាងារដាំដុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះឈ្មួញតែងតែទម្លាក់តម្លៃនៅរដូវប្រមូលផល ដោយឈ្មួញតែងលើកថា បន្លែ ផ្លែឈើ នាំចូលពីប្រទេសជិតខាងមានតម្លៃថោកជាងផលដំណាំកម្ពុជា។ យ៉ាងណាលោកសុំឱ្យរដ្ឋាភិបាលបិទកានាំចូលផលិតផលកសិកម្មពីបរទេស នឹងត្រូវលើកស្ទួយផលដំណាំដែលកសិករខ្មែរផលិតបាន ទើបកសិករមានដង្ហើមរស់។ លោក ផុល ឌួក៖«បាទ!ដំណាំផ្សេងៗដែលគាត់ធ្វើបាន ជួនកាលគាត់លក់មិនចេញ។ អញ្ចឹងខ្ញុំសូមសំណុំពរដល់រដ្ឋាភិបាលកុំនាំ បន្លែ អង្ករស្រូវអី កុំនាំចូលពីប្រទេសក្រៅ»។

បញ្ហាដីធ្លីមិនមែនជារឿងថ្មី និងចំឡែកអ្វីពេកទេសម្រាប់ប្រទេសកម្ពុជា។ មិនថាតែទីជនបទនោះទេ សូម្បនៅទីក្រុងភ្នំពេញ ដែលជាបេះដូងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនិងនយោបាយ ក៏ជួបបញ្ហាដីធ្លីចាក់ស្រេះពិបាកដោះស្រាយជាច្រើនទសវត្សមកដែរ តួយ៉ាងករណីសហគមន៍បឹងកក់ សហគមន៍បុរីកីឡា អេសអូអេស ជាដើម ។
លោក សៀ ភារម្យ នាយកលេខាដ្ឋានក្រុមកាងារពិសេសសិទ្ធិលំនៅដ្ឋាន លើកឡើងថា បញ្ហាជំនាសដីធ្លីក្នុងប្រទេសកម្ពុជា មិនមានភាពថមថយនោះទេ ពោលគឺនៅមានអត្រាខ្ពស់ដដែរបើប្រៀបធៀបទៅនឹងបណ្តាលឆ្នាំមុនៗ។ តែលោកថា ករណីអំពើហិង្សាដែលកើតចេញពីជម្លោះដីធ្លីមាន ការថយចុះជាងមុនច្រើន។ ចំណែកដំណោះស្រាយរបស់ក្រសួងវិញ លោកបន្តថា ហាក់នៅមានភាពយឺតយ៉ាវណាស់ ព្រោះករណីជម្លោះដីធ្លីមួយចំនួនមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍របស់មន្ត្រីក្នុងជួររដ្ឋាភិបាល។ លោកថា ករណីដែលអាចដោះបានស្រួលលុះត្រាតែមានកិច្ចអន្តរាគមន៍ ឬ បទបញ្ជាពីលោកនាយករដ្ឋមន្ត្រី។

តែងយ៉ាងណាលោក ភារម្យ កោតសរសើរចំពោះរដ្ឋមន្ត្រីក្រសួងដែនដីថ្មីថា បានដឹកនាំដោះស្រាយបញ្ហាដីធ្លីបានល្អប្រសើរ នឹងមានយន្តការច្បាស់លាស់ជាងរដ្ឋមន្ត្រីមុនៗជាក់ស្តែងករណីអគារបួលឌិញជាដើម។ លោក សៀ ភារម្យ៖«ជាពិសេសដូចករណីអគារបួលឌិញសជាដើម ខ្ញុំបានចូលរួមទៅស្តាប់គាត់មានប្រសសន៍ដែល គឺបានពីរដងប្រជុំជាមួយពលរដ្ឋ ខ្ញុំឃើញថាគាត់មានការបេ្តជ្ញាចិត្តខ្ពស់ណាស់ គឺកាត់មិនបណ្តោយឱ្យអ្នកក្រោមធ្វើទេ ដោយសារតែគាត់អត់ទុកចិត្តអាចមានអំពើបន្លំថែមថយ ដូច្នេះគាត់ត្រូវដឹកនាំធ្វើជាប្រធានគណកម្មការខ្លួនឯង»។
គេសង្កេតឃើញថា ក្នុងដំណើរការប្រគល់ញត្តិនេះ ភាគីតាមក្រសួងនិមួយៗ ព្រមទាំងគណៈកម្មការទី ១ រដ្ឋសភាបានទទួលយកញត្តិពីពលរដ្ឋ និងបានសន្យាជួយដោះស្រាយជូនពលរដ្ឋតាមដំណាក់កាល។ តែយ៉ាងពលរដ្ឋអះអាងថា ប្រសិនបើក្រសួងមិនព្រមដោះស្រាយ ឬអូសបន្លាយ ពេលច្រើន ពលរដ្ឋនឹងលើកគ្នាមកតវ៉ាជាថ្មីទៀតមិនខាត៕