ភ្នំពេញ ៖ បន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានរួចទោស ក្រោយកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើព្រះមហាក្សត្រឱ្យលើកលែងទោស ក្រុមគ្រួសារមន្ត្រីអាដហុកទាំងបួននាក់ និង មន្ត្រី គ.ជ.ប មួយរូប ដែលកំពុងជាប់ឃុំ ឃាំងក្នុងសំណុំរឿងរបស់លោក កឹម សុខា នោះ បានអំពាវនាវ នឹងមានក្តីសង្ឃឹមថា ស្វាមី និង ម្តាយ របស់ខ្លួនអាចនឹងត្រូវរួចទោសនាពេលឆាប់ៗនេះ ខណៈស្ថានភាពនយោបាយមានភាពល្អប្រសើរវិញបន្តិច។
ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីតាមរយៈខ្សែទូរស័ព្ទ ភរិយា ក៏ដូចជាកូនៗរបស់មន្ត្រីនៃសមាគមការពារសិទ្ធិមន្ត្រី អាដហុក និង មន្ត្រី គ.ជ.ប ខ្លះបានអំពាវនាវ និងខ្លះផ្តល់ក្តីសង្ឃឹមថា ស្វាមី ព្រមទាំង ម្តាយ របស់ពួកគេ នឹងត្រូវរួចទោសហើយមានសេរីភាពឡើងវិញ ខណៈអ្នកនយោបាយនៃគណបក្សជាប់ឆ្នោតធំពីរក្នុងរដ្ឋសភា ហាក់ត្រូវរូវជាគ្នាឡើងវិញនេះ។
ការអំពាវនាវ និងក្តីសង្ឃឹមនេះ កើតឡើងបន្ទាប់ពីលោក កឹម សុខា ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស តាមសំនើរបស់នាយករដ្ឋមន្ត្រី ដែលក្រុមគ្រួសាររបស់មន្ត្រីអាដហុកថា ស្វាមី និង ម្តាយរបស់ពួកគេ គឺជាប់ទោសក្នុងសំណុំរឿងលោក កឹម សុខា ដូច្នេះ ការលើកលែង ទោសឱ្យលោក កឹម សុខា គឺជាពន្លឺមួយសម្រាប់បើកផ្លូវដល់មន្ត្រីអាដហុក និង មន្ត្រី គ.ជ.ប អាចរួចទោសផងដែរ។
អ្នកស្រី ភាវ ម៉ី ភរិយាមន្ត្រីអាដហុក គឺលោក ណៃ វ៉ង់ដា សូមអំពាវនាវដល់ប្រមុខរដ្ឋាភិបាល ជួយអន្តរាគមធ្វើយ៉ាងណាឱ្យស្វាមីរបស់អ្នកស្រី ក៏ដូចជាមន្ត្រីអាដហុកដទៃអាចរួចទោស និងអាចមានសេរីភាពឡើងវិញ។ អ្នកស្រី បានលើកពីផលលំបាកក្រោយពីប្តីអ្នកស្រីជាប់ពន្ធនាគារថា សមាជិកគ្រួសាររបស់អ្នកស្រី ជួបផលលំបាកយ៉ាងខ្លាំងលើការចំណាយប្រចាំថ្ងៃ បន្ទាប់ពីប្តីជាជំហរគ្រួសារត្រូវជាពន្ធនាគារ។ អ្នកស្រី ភាវ ម៉ី៖«ខ្ញុំចង់សូមអំពាវនាវដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យលោកមេត្តាជួយលើកលែងទម្លាក់ការចោទ លើមន្ត្រីសិទ្ធិអាដហុកទាំងអស់គ្នា»។
ចំណែកអ្នកស្រី យ៉ែម ចន្ថា ភរិយាលោក នី ចរិយា មន្ត្រីនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្តែងក្តីរីករាយដែលលោក កឹម សុខា ត្រូវបានលើកលែងទោស ដែលប្រការនេះអ្នកស្រីថា គឺជាសញ្ញាណមួយបង្ហាញពីស្ថានភាពនយោបាយបានធូរស្រាលមួយកម្រិត ដែលអាចធ្វើឱ្យអនាគតស្វាមីអ្នកស្រី និងអ្នកផ្សេងទៀតមានសេរីភាពឡើងវិញ។ អ្នកស្រីលើកឡើងដោយផ្តល់ក្តីសង្ឃឹមយ៉ាងដូច្នេះថា៖«រយៈពេលកន្លងមកវាតឹងតែង ឥឡូវវារៀងធូរស្រាល យើងចេះតែសង្ឃឹម ក៏ប៉ុន្តែមិនដឹងថា គេធ្វើតាមវិធីណានោះទេ។ មិនសូវដឹងទេគ្រាន់តែសង្ឃឹម ហើយត្រេកអរចេះតែអរនឹងគេទៅ»។
រីឯកញ្ញា អ៊ុន ប៊ុណ្ណារី ជាកូនស្រីរបស់លោកស្រី លឹម មុន្នី បានឱ្យដឹងថា កញ្ញាចង់ឱ្យតុលាការទម្លាក់ការចោទប្រកាន់ពីម្តាយរបស់កញ្ញា និងអ្នកផ្សេងទៀត និងត្រូវដោះលែងពួកគាត់ឱ្យមានសេរីភាព រួចផុតពីទោសពៃទាំងអស់។ ផ្តល់បទសម្ភាសន៍ទាំងដៃនៅជាប់ព្យួរស៊ីរ៉ូមផង កញ្ញា ប៊ុណ្ណារី ត្អូញត្អែរពីផលលំបាកបន្ទាប់ពីតុលាការចាប់ខ្លួនម្តាយរបស់កញ្ញាថា កញ្ញាត្រូវរ៉ាប់រងការងារជាច្រើនក្នុងគ្រួសារ រួមទាំងបញ្ហាសេដ្ឋកិច្ចផងដែរ ហើយការសិក្សាវិញក៏ត្រូវធ្លាក់ចុះ។ កញ្ញា អ៊ុន ប៊ុណ្ណារី ៖«ទាំងបញ្ហាសេដ្ឋកិច្ច បញ្ហាគ្រប់គ្រងក្នុងផ្ទុះពេលអត់មានគាត់គឺពិបាកខ្លាំង ដោយហេតុ ផល ថា ប្អូននៅសិក្សាហើយមានបញ្ហាសុខភាព បងប្រុសគាត់ក៏ពិការមិនអាចប្រកបការងារអីបានហើយ មានក្មួយតូចពីរនាក់កំពុងតែនៅក្នុងវ័យដែលយើងត្រូវមើលថែ»។
ងាកមកគណបក្សសង្គ្រោះជាតិវិញ ឆ្លើយតបនឹងសំណួររបស់វិទ្យុស្ត្រីដែលសួរថា តើគណបក្សសង្គ្រោះជាតិនឹងស្នើទៅលោកនាយករដ្ឋមន្ត្រីដើម្បីសុំការលើកលែងទោសដល់សកម្មជនគណបក្សដែលកំពុងជាប់ឃុំឃាំងឬទេ? លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនប ញ្ជាក់យ៉ាងណានោះទេ តែលោកឆ្លើយយ៉ាងខ្លីថា នឹងមានដំណោះស្រាយជាបន្តបន្ទាប់ទៅមុខទៀត។ លោក យឹម សុវណ្ណ៖« ដំណោះស្រាយនឹងមានជាបន្តបន្ទាប់ទៀត យើងសូមជូនប៉ុណ្ណឹងសិនបាទ»។
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវច្បាប់ និងគោលនយោបាយការបរទេស យល់ថា ការលើកលែងទោសដល់លោក កឹម សុខា ជាចំណុចចាប់ ផ្តើមមួយល្អដែលអ្នកនយោបាយកម្ពុជាត្រូវរូវគ្នាវិញ។ ប្រការនេះលោកថា មន្ត្រីសមាគមអាដហុក មន្ត្រី គ.ជ.ប ព្រមទាំងសកម្មជនបក្សប្រឆាំង អាចនឹងមានលទ្ធភាពចេញពីពន្ធនាគារបាន ព្រោះអ្នកទាំងអស់នោះជាប់ពាក់ព័ន្ធក្នុងរឿងក្តីក្តាំរបស់លោក កឹម សុខា។ លោក ឡុង គឹម ឃន៖«លទ្ធភាពដែលពួកគាត់នឹងរួចខ្លួននឹងអាចច្រើន ពីព្រោះពួកគាត់ទាំងអស់ហ្នឹង គឺជាប់ពាក់ព័ន្ធនៅក្នុងការឃុំឃាំង ក្នុងរឿងឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ហើយបើលោក កឹម សុខា គាត់បានទទួលព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រហើយ មានន័យថា សកម្មជនសិទ្ធិមនុស្សដដៃទៀត ដែលត្រូវគេចោទប្រកាន់ក្នុងរឿងហ្នឹង គឺវាទៅក្នុងរបៀបជាមួយគ្នាហ្នឹង គឺនឹងអាចរួចខ្លួនមកវិញហើយ»។
យ៉ាងណាក្តី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់ព្រមានពីការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលទាមទារឱ្យមានការដោះលែងមន្ត្រីអាដហុក និង មន្ត្រី គ.ជ.ប ដោយសម្តេចលើកឡើងថា សម្តេចនឹងពិចារណាស្នើសុំព្រះមហាក្សត្រឱ្យលើកលើលែងបាន លុះត្រាតែមានការសម្រេចទោសពីតុលាការជាមុន ហើយយ៉ាងហោចណាស់អ្នកទាំងនោះត្រូវអនុវត្តទោសបាន ២ ភាគ ៣ ជាមុនសិន។
មានការជជែងគ្នាជាច្រើនពីលទ្ធភាពដែលលោក កឹម សុខា បានរួចទោសតាមរយៈការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ដោយអ្នកវិភាគលើកឡើងថា គឺកើតឡើងស្របពេលដែល លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានយល់ស្របរឿងផ្ទេរមាត្រដ្ឋានផែនបោន ខ្នាត ១លើ ១០០ពាន់ ទៅជាផែនទី UTM ខ្នាត ១ លើ ៥០ពាន់។ ការយល់ស្របនេះ បើទោះជាមិនផ្ទាល់ក៏ដោយ គឺ លោក សម រង្ស៊ី យល់ស្របតាមការលើកឡើងរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលសុំអោយមានការកែប្រែខ្នាតផែនទីដែរ។
រឿងគួរឱ្យចម្លែកទៀតនោះ គឺ ករណីផ្ទុះការសន្ទនារវាងកញ្ញាធី សុវណ្ណថា និង សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន ករណីពាក់ព័ន្ធការបំបែកបំបាក់គណបក្សសង្គ្រោះជាតិ រួមទាំងការធ្វើទុក្ខបុកម្នេញលើលោក កឹម សុខា៕