ភ្នំពេញ ៖ អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារដេប៉ូ កាលពីព្រលឹមស្រាងៗ ថ្ងៃទី០៣ វិច្ឆិកានេះ បានថមថយអណ្តាតភ្លើងវិញហើយ បន្ទាប់ពីក្រុមការងារពន្លត់អគ្គិភ័យបានបើកប្រតិបត្តិការ។ តាមការគូស បញ្ជាក់បឋមពីក្រុមអាជ្ញាធរបានឱ្យដឹងថា យ៉ងហោចណាស់ផ្ទះនិងឃ្លាំលក់គ្រឿងបន្លាស់រថយន្តចំនួនជាង១២ ខ្នងត្រូវរងការខាតខាត។
អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី ដែលបានចុះទៅយកព័ត៌មានក្នុងហេតុការណ៍នេះ បានស្រង់សម្តីភ្នាក់ងារពន្លត់អគ្គិភ័យដោយបញ្ជាក់ថា ក្នុងប្រតិបត្តិការពន្លត់នេះក្រុមការងារបានប្រើប្រាស់រថយន្តបាញ់ទឹកជាច្រើនគ្រឿង។ មន្ត្រីពន្លត់អគ្គិភ័យបញ្ជក់ថា រហូតមកទល់ពេលនេះ អណ្តាត ភ្លើងត្រូវបានពន្លត់ស្ទើរតែទាំងស្រុងហើយ នៅសល់តែផ្សែងខ្មៅដែលហុយពីជ័រកង់កៅស៊ូតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា អគ្គិភ័យនេះបានកើតនៅផ្ទះលេខ ១៦អា ផ្លូវលេខ១៨៨ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ផ្ទះ និងឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះនេះជាផ្ទះអ្នករកស៊ីលក់គ្រឿងឡាន។