លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានសរសើរ ស្ដ្រីខ្មែរដែលបានទៅ ចុះឈ្មោះបោះឆ្នោត មានចំនួនច្រើនជាងបុរស។ ប្រធានគណបក្សប្រឆាំង បានលើកឡើងដូចនេះ នៅលើទំព័រហ្វេសប៊ុករបស់លោកហើយ បានចុះផ្សាយនៅថ្ងៃនេះ។
លោក សម រង្ស៊ី លោកសរសេរដូចនេះ ថា ៖ «ខ្ញុំសូមសម្តែងការកោតសរសើរដ៏លើសលប់ ចំពោះស្ត្រីខ្មែរ ៤.២១៣.៤២៧ នាក់ តំណាងឲ្យ ៥៣,៥ ភាគរយ នៃចំនួនសរុបប្រជាពលរដ្ឋ ៧.៨៧៣.១៩៤ នាក់ ដែលបានទៅចុះឈ្មោះបោះឆ្នោតប្រកបដោយជោគជ័យ»។
នេះជាលើកទីមួយហើយដែល លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានសរសេរសរសើរចំពោះស្ដ្រីខ្មែរ នៅពេលដែលដឹងថា ស្ដ្រីប្រមាណ ៤២១៣៤២៧ នាក់ ស្មើនឹង ៥៣,៥ ភាគរយ បានបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើរដែលនឹកស្មានមិនដល់។
ស្ដ្រីក្រៅពីជាមេផ្ទះ ស្ដ្រីក៏ត្រូវបានគេមើលឃើញថា ជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការងារសង្គម និងប្រទេសជាតិ នៅពេលបច្ចុប្បន្ន។
នៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនាឆ្នាំ២០១៧ គេរំពឹងថាបេក្ខជនស្ត្រីនឹង មានចំនួន ច្រើន ដើម្បីដណ្ដើម តំណែងមេឃុំនិង សមាជិកក្រុមប្រឹក្សាឃុំ៕