en     km
en     km

អ្នក​សង្កេតការណ៍​៖​ សាលក្រម​លោក​ ស៊ុត​ ឌី​ណា​ ដូច​មានការ​សម្រាលទោស​ ខុស​អ្នកប្រឆាំង​រដ្ឋាភិបាល (មានសំឡេង)​

Share

ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​អតីត​អគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ឲ្យ​ជាប់​ពន្ធនាគារ​៥​ ឆ្នាំ​ ពិន័យ​ប្រាក់​ចំនួន​ ១០​លាន​រៀល​ ពី​បទ​រំលោភ​អំណាច​ និង​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់​នូវ​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​។​ អ្នក​ឃ្លាំមើល​តុលាការ​ បាន​ហៅ​សាលក្រម​នៅ​ស្រុក​ខ្មែរ​មាន​ស្តង់ដា​២​ គឺ​ករណី​អ្នកប្រឆាំង​រដ្ឋាភិបាល​មាន​ទម្ងន់ទោស​ ធ្ងន់​។​ តែ​បែប​នេះ​ក្ដី​មេធាវី​ការពារ​លោក​ ស៊ុត​ ឌី​ណា​ យល់​ថា​ បើ​យោង​តាម​អង្គហេតុ​ និង​អង្គច្បាប់​មិន​មាន​បន្ទុក​គ្រប់គ្រាន់​បញ្ជាក់​ថា​ កូនក្តី​របស់​លោក​បាន​ប្រ​ព្តឹ​ត្ត​ខុស​ដូច​ការ​ចោទ​ឡើយ​។​ លោក​ ធូ​ វិ​រៈ​រាយការណ៍​៖

 

លោក ស៊ុត ឌីណា អតីតអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង
លោក ស៊ុត ឌីណា អតីតអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង

​លោក​ អំ​ សំអាត​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​ការ​ដូ​ ដែល​បាន​តាមដាន​កិច្ចការ​ជំនុំ​ជម្រះក្ដី​ នៅ​តុលាការ​ ដែល​សឹង​មិន​លោះ​ពេល​នោះ​ យល់​ឃើញ​ថា​ ការ​សម្រេច​ផ្តន្ទាទោស​អតីត​អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ករណី​ពុល​រលួយ​ប្រាក់​ជា​ច្រើន​លាន​ដុ​លា្ល​រ​ មាន​ស្ថាន​ទម្ងន់ទោស​ ៥​ ឆ្នាំ​នេះ​គឺ​ ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ តែ​លោក​សាលក្រម​មាន​ភាព​ស្រាល​បើ​ធៀប​នឹង​អ្នកប្រឆាំង​រដ្ឋាភិបាល​។​

​សាលក្រម​បាន​ផ្ដន្ទាទោស​ លោក​ ស៊ុត​ ឌី​ណា​ ៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ ១០​លាន​រៀល​ចូល​ថវិការដ្ឋ​ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ រក​ឃើញ​លោក​កឹ​ប​កេង​ប្រាក់​របស់​រដ្ឋ​ ៧​លាន​ ២​សែន​ដុល្លារ​អា​មេ​រិ​ក​ មាន​ដី​ ១០​កន្លែង​ មាន​ត្បូង​ពេជ្រ​ ៥០០​គ្រាប់​ និង​មាស​ជិត​ ១៣​ គីឡូក្រាម​។​

​លោក​ អំ​ សំអាត​ សង្កេត​ឃើញ​ថា​ការ​ផ្តន្ទាទោស​រវាង​បុគ្គល​គាំទ្រ​រដ្ឋាភិបាល​ និង​បុគ្គល​មិន​គាំទ្រ​រដ្ឋាភិបាល​ ឬ​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ហាក់​ផ្តន្ទាទោស​ខុស​គ្នា​។​

​លោក​ អំ​ សំអាត​៖«​តាម​មាត្រា​មួយៗ​ ហើយ​ការ​កំណត់​តាម​ការ​ផ្តន្ទាទោស​មួយៗ​ ការ​ចោទប្រកាន់​ទៅ​តាម​មាត្រា​មួយៗ​ ទោះបីជា​យើង​ឃើញ​ថា​ វា​ខុស​មាត្រា​គ្នា​ក៏​ដោយ​ ហើយ​ទោះបីជា​មាត្រា​ដូច​គ្នា​ក៏​ដោយ​ ដូច​ខ្ញុំ​លើក​ឡើង​ថា​ ប្រសិនបើ​អ្នក​ដែល​មិន​ប្រឆាំង​រដ្ឋាភិបាល​ អ្នក​ដែល​ធ្លាប់​បំរើ​រដ្ឋាភិបាល​វា​ហាក់ដូចជា​ទទួល​ស្ថាន​សម្រាល​(​ទោស​)​ប៉ុន្តែ​អ្នក​ដែល​ប្រឆាំង​ ឬ​មិន​ដែល​បំរើ​រដ្ឋាភិបាល​ហាក់បីដូចជា​ទទួល​នូវ​ស្ថាន​ទ​ម្ល​ន់​អនុវត្តន៍​ទោស​»​។​

​តែ​បែប​នេះ​ក្ដី​ចៅក្រម​ជំនុំជម្រះ​នៃ​ សាលាដំបូង​បាន​ប្រកាស​ថា​ លោក​ ស៊ុត​ ឌី​ណា​ អាច​មាន​រយៈពេល​មួយ​ខែ​ ដើម្បី​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​។​

​លោក​ ឌី​ណា​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់​ តាម​មាត្រា​៥៩៧​ និង​ ៥៩៨​ នៃ​ក្រមព្រហ្មទណ្ឌ​ និង​បទ​រំលោភ​អំណាច​ តាម​មាត្រា​ ៣៥​ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​។​

​លោក​ ស៊ុត​ ឌី​ណា​ និយាយ​ថា​ សាលក្រម​នេះ​មិន​អាច​ទទួលយក​បាន​ទេ​។​ លោក​ថា​ នឹង​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​។​ ចំណែក​ភរិយា​របស់​លោក​ គឺ​លោកស្រី​ សុគន្ធ​ មាលា​ សម្ដែង​ការ​សោកស្តាយ​ ដោយ​ចាត់ទុកជា​រឿង​អយុត្តិធម៌​ចំពោះ​ប្តី​របស់​គាត់​។​

​ចំណែក​មេធាវី​ការពារ​លោក​ ស៊ុត​ ឌី​ណា​ គឺ​ លោក​ ហុ​ក​ ផល្លា​ យល់​ថា​ ការ​ផ្តន្ទាទោស​កូនក្តី​លោក​គឺ​មិន​ផ្អែក​ទៅ​លើ​អង្គហេតុ​ និង​អង្គច្បាប់​ឡើយ​។​ លោក​មេធាវី​ ផល្លា​ ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​របស់​លោក​ថា​តើ​ត្រូវ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ទៀត​ឬ​យ៉ាងណា​។​

​លោក​ ហុ​ក​ ផល្លា​ យល់​ថា​៖«​ចំពោះ​អង្គហេតុ​ និង​អង្គច្បាប់​មិន​មាន​បន្ទុក​គ្រប់គ្រាន់​ ឬ​បង្ហាញ​ថា​កូនក្តី​ខ្ញុំ​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទប្រកាន់​ទេ​ ដោយសារ​សិក្សា​ទៅ​លើ​ភស្តុ​តាំង​ ទៅ​លើ​ឯកសារ​ ទៅ​លើ​សា​ក្ស៊ី​ចង្អុលបង្ហាញ​តាម​បែបបទរ​ដ្ឋា​បាល​ត្រឹមត្រូវ​»​។​

​លោក​ ស៊ុត​ ឌី​ណា​ បាន​ចូល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ឆ្នាំ​២០០៩​ និង​ ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​ លោក​ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ ឲ្យ​បំពេញការងារ​ជា​ឯកអគ្គរាជទូត​ខ្មែរ​ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ឆ្នាំ​២០១៤​។​ មុន​លោក​ចូល​ទៅ​នៅ​ជាមួយ​គណបក្សកាន់អំណាច​ លោក​ គឺជា​មេដឹកនាំ​គណបក្ស​មួយ​រិះគន់​រដ្ឋាភិបាល​ ឥត​សំចៃ​៕

Share

Image
Image
Image