ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចរណ៍បរទេស ដែលបានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ បានកើនឡើងជិត៤% គឺជិត២លាននាក់បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។
សេចក្តីប្រកាសព័ត៌មានបន្តថា ភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១,៩៤៧,៧៧២នាក់ កើនឡើង៣.៧៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។ ចំណែកប្រាក់ចំណូលសរុបដែលទទួលបាន មានចំនួន៥៥,៤២០,៩០០ដុល្លារ កើនឡើង ៣.៤៨%។
សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងផងដែរថា សម្រាប់ខែវិច្ឆិកានេះភ្ញៀវទេសចរបរទេសដែលបានចូលទិញប័ណ្ណទស្សនាតំបន់អង្គរ មានចំនួន២១៩,០៥២នាក់ កើនឡើង៩.៤៨% និងប្រមូលចំណូលបានចំនួន ៦,៣២៨,៣៤០ ដុល្លារ មានការកើនឡើង ៧.៧១% បើប្រៀបធៀងនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥៕